រាជធានីភ្នំពេញ ៖ បន្ទាប់ពីខលទៅកូនប្រុសចូលជាច្រើនដង ប៉ុន្តែអត់លើក ធ្វើឱ្យបុរសចំណាស់ជាឪពុកមានការព្រួយបារម្ភយ៉ាងខ្លាំង ក៏បានព្យាយាមខលរហូតដល់ទូរស័ព្ទកូនអស់ថ្មខលលែងចូល ។ បន្ទាប់មកបុរសជាឪពុកបានធ្វើដំណើរចេញពីស្រុកកំណើតមកភ្នំពេញដើម្បីតាមរកកូនប្រុស ដោយកាន់រូបថត១សន្លឹកដើរសួរតាមផ្ទះជួល និងតាមមុខរោងចក្រ លុះចុងក្រោយបុរសជាឪពុកបានរកឃើញកូនប្រុសដូចបំណងមែន ប៉ុន្តអ្វីដែលនឹកស្មានមិនដល់នោះ គឺកូនប្រុសបានស្លាប់នៅក្នុងបន្ទប់ជួលដែលមានសភាពហើមស្អុយទៅហើយ ធ្វើឲ្យបុរសជាឪពុកមានការតក់ស្លុត និងសោកស្ដាយយ៉ាងខ្លាំង។ ពាក់ព័ន្ធនឹងការស្លាប់របស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចសង្ស័យថា បណ្តាលមកពីគាំងបេះដូង ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ជួលលេខ១០៣ ស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះចាន់ សុផាត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាឯកជនមួយកន្លែង មានស្រុកកំណើតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងស្នាក់នៅបន្ទប់ជួលក្នុងភូមិឃុំកើតហេតុខាងលើ ។ ជនរងគ្រោះក៏ធ្លាប់បួសរៀននៅក្នុងវត្តអង្គតាមិញ ហៅវត្តគោកចំបក់ នៅជិតកន្លែងកើតហេតុនោះផងដែរ ចំណែកបុរសជាឪពុកដែលកាន់រូបថតតាមរកកូននោះឈ្មោះម៉ៅ ចាន់ថន អាយុ៦១ឆ្នាំ ។
តាមប្រភពពីបុរសចំណាស់ជាឪពុកបាននិយាយថា កូនប្រុសរបស់គាត់ម្នាក់នេះគឺជាគ្រូបង្រៀននៅសាលាឯកជន និងបានចាកចេញពីស្រុកកំណើតមកស្នាក់នៅបន្ទប់ជួលខាងលើ ហើយបានបាត់ការទំនាក់ទំនងគ្នាជាមួយគាត់និងក្រុមគ្រួសាររយៈពេល៥ថ្ងៃមកហើយ។ ដោយគាត់បានខលរកកូនប្រុសជាទីស្រឡាញ់ដែរ ប៉ុន្តែខលចូលហើយគ្មានអ្នកលើកសោះ គាត់ក៏នៅតែព្យាយាមខលរកកូនរហូតដល់ទូរស័ព្ទកូនប្រុសអស់ថ្មរលត់ខលលែងចូល ពេលនោះបានធ្វើឲ្យគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះមិនបានដឹងថាកូនមានរឿងអ្វីឡើយ។
តាមប្រភពដដែលបានបន្តថា ដោយសារតែបាត់ការទំនាក់ទំនងជាមួយកូនប្រុសបែបនេះ ទើបគាត់ធ្វើដំណើរចាកចេញពីស្រុកកំណើត មកភ្នំពេញដើម្បីតាមស្វែងរកកូន ហើយគាត់មិនបានស្គាល់បន្ទប់ជួលដែលកូនស្នាក់នៅឡើយ គ្រាន់តែដឹងថាកូនស្នាក់នៅបន្ទប់ជួលមួយកន្លែងនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពដដែលបានបន្តទៀតថា ពេលនោះគាត់ក៏បានកាន់រូបថតកូនប្រុសដើរសួរគេឯងតាមផ្ទះជួល និងមុខរោងចក្រ ក្រែងមានអ្នកស្គាល់ ប៉ុន្តែគ្មានអ្នកស្គាល់សោះ ហើយគាត់ក៏នៅតែព្យាយាមតាមរករហូតទៅដល់ផ្ទះជួលមួយបានជួបជាមួយម្ចាស់ផ្ទះ ។ ក្រោយពីគាត់បង្ហាញរូបថតកូនប្រុស ទើបម្ចាស់ផ្ទះជួលខាងលើបានស្គាល់យ៉ាងច្បាស់ និងប្រាប់ថា កូនគាត់ស្នាក់នៅផ្ទះជួលខាងលើ រួចហើយម្ចាស់ផ្ទះជួលបាននាំគាត់ទៅកាន់បន្ទប់ដែលកូនប្រុសស្នាក់នៅ។
តាមប្រភពដដែលបានបន្តទៀតថា ពេលទៅដល់បន្ទប់ជួលលេខ១០៣ ដែលកូនគាត់ស្នាក់នៅនោះ ឃើញទ្វារបន្ទប់បិទជិត និងធុំក្លិនស្អុយ ហើយពេលគោះទ្វារស្រែហៅមិនឮឆ្លើយឡើយ ទើបនាំគ្នាគាស់មើលស្រាប់តែឃើញកូនប្រុសរបស់គាត់ស្លាប់ក្នុងស្ថានភាពហើមស្អុយបាត់ទៅហើយ ដែលទិដ្ឋភាពបែបនេះធ្វើឲ្យគាត់មានការតក់ស្លុតខ្លាំងណាស់ ហើយនេះគឺជាអ្វីដែលគាត់នឹកស្មានមិនដល់ទាល់តែសោះឡើយ កាលបើជួបមុខគ្នាចុងក្រោយកូនស្លាប់បែបនេះ ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍កាកាប១ និងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ នគរបាលផ្នែកបច្ចេកទេសខណ្ឌ ព្រមទាំងនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យសព ហើយសមត្ថកិច្ចសង្ស័យថាជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូង ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ កោះសន្តិភាព