ខេត្តបាត់ដំបង ៖ ឃ្លាំងលក់គ្រឿងសំណង់ដ៏ធំមួយកន្លែង ត្រូវចោរគាស់ចូលលួចយកលុយអស់រាប់ម៉ឺនដុល្លារ និងរាប់សែនបាត កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០៨ កញ្ញា ដែលមានទីតាំងនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ដែលពាក់ព័ន្ធនឹងអំពើចោរកម្មនេះ តែអ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះ គឺនគរបាលម្នាក់បានធ្លាក់បាក់ជើងម្ខាងដោយសារឡើងរុករកលុយ ដែលចោរអះ អាងថា បានលួចយកទៅលាក់នៅលើសំណង់អគារកំពុងសាងសង់ក្បែរនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សករណីគាស់ទំលុះទំលាយលួចលុយដ៏ច្រើនសន្ធឹកសន្ធាប់នេះ ហាក់មានការបិទបាំងពីសមត្ថកិច្ច ហើយមិនត្រូវបានគេទម្លាយឲ្យដឹងព័ត៌មានលំអិតទេ។ ប៉ុន្តែមន្ត្រីនានាបានបង្ហើបឲ្យដឹងថា ករណីនេះបានកើតឡើង នៅក្នុងឃ្លាំងលក់គ្រឿងសំណង់យីហោ «ហ៊ុន ម៉េងស្រ៊ុន» ដែលមានថៅកែឈ្មោះអ៊ុំ ស្រស់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។ ប្រភពបានបន្តថា ជនសង្ស័យបានគាស់ដំបូលឃ្លាំងខាងលើ រួចបានលួចយកលុយអស់ចំនួន៤ម៉ឺនដុល្លារ និងចំនួន៧សែនបាត ។
បន្ទាប់ពីកើតហេតុ មន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ត្រូវបានសហការជាមួយកម្លាំងជំនាញអធិការស្រុកកំរៀង ដើម្បីចុះពិនិត្យនិងស្រាជ្រាវលើករណីនេះ តាមបទបញ្ជារបស់លោកស្នងការខេត្ត រហូតឺានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះហ៊ាង សំអឿន អាយុ៣៩ឆ្នាំ ជាកម្មករនៅកន្លែងលក់គ្រឿងដំណង់នោះ។
លោកឧត្តមសេននីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្ត មិនបានបំភ្លឺជុំវិញករណីចោរគាស់ទំលុះទំលាយឃ្លាំងសំណង់ខាងលើនេះទេ ដោយលោកជម្រុញឲ្យសួរនាំមន្ត្រីការិយាល័យជំនាញ ។ ប៉ុន្តែប្រភពក្រៅរបងស្នង ការខេត្តបានប្រាប់ថា «សំណុំរឿងនេះ ហាក់ដូចជាមានអាថ៌កំបាំង» ។ សមត្ថកិច្ចហាក់បានព្យាយាមបិទបាំងនូវព័ត៌មានខ្លះៗ ដែលពាក់ព័ន្ធនឹងអំពើចោរកម្ម ។ ប្រភពដដែលបាននិយាយថា ជនសង្ស័យឈ្មោះហ៊ាង សំអឿន មិនបានសារភាពទាល់តែសោះ នៅពេលត្រូវឃាត់ខ្លួនភ្លាមៗ នាំដល់អធិការនគរបាលស្រុក តែបានសារភាពបែបស្រពិចស្រពិលពេលបញ្ជូនដល់ការិយាល័យជំនាញ។
មន្ត្រីខ្លះបានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី១០ កញ្ញា ទាំងភ្នែកនៅកញ្ចឹង.កថា ជនសង្ស័យឈ្មោះសំអឿន នេះ ត្រូវមន្ត្រីជំនាញឃាត់ខ្លួនដោយយោងលើសកម្មភាពដែលជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព ។ ដំបូងជននេះ បានបដិសេធថា មិនមែនរូបខ្លួនទេ ។ ប៉ុន្តែក្រោយមក ជននេះបានសារភាពទទូលស្គាល់នូវសកម្ម ភាពខ្លួន ដែលជាប់ក្នុងកាមេរ៉ា ។ ហ៊ាង សំអឿន បានសារភាពថា ខ្លួនពិតជាបានលួចយកលុយចំនួន៤ម៉ឺនដុល្លា និង ចំនួន៧សែនបាតនោះមែន ហើយបានយកទៅលាក់ទុកនៅកន្លែងអាថ៌កំបាំងមួយក្នុងសំណង់អគារដ៏ធំដែលគេកំពុងសាងសង់នៅក្បែរនោះ។
ដោយយោងលើចម្លើយសារភាពនេះ នៅល្ងាចថ្ងៃទី០៩ កញ្ញា កម្លាំងជំនាញអធិការស្រុកកំរៀង បានទទួលបញ្ជាពីមន្ត្រីការិយាល័យជំនាញ បានស្ទុះស្ទារនាំគ្នាទៅរុករកលុយដ៏ច្រើនសន្ធឹកសន្ធាប់នោះ តែអកុសលពេលកំពុងប្រតិបត្តិការ ស្រាប់តែមន្ត្រីនគរបាលម្នាក់ភ្លាត់ស្នៀតធ្លាក់បាក់ជើងម្ខាង ហើយត្រូវអង្គភាពបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ ខណៈកិច្ចប្រតិបត្តិការរុករកនោះមិនទទូលបានលទ្ធផលទេ ។
មន្ត្រីដដែលនេះបានប្រាប់ថា បើពិនិត្យលើកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញហាក់ចាញ់បោកជន សង្ស័យឈ្មោះហ៊ាង សំអឿន ។ ក្រោយពីសមត្ថកិច្ចរកមិនឃើញវត្ថុតាង ហើយថែមទាំងធ្វើឲ្យនគរបាលម្នាក់របួសបាក់ជើងម្ខាង ជននេះបានឆ្លើយយ៉ាងក្រឡុយខុយថា «ខ្ញុំនិយាយលេងទេ.. ខ្ញុំមិនបានលួចទេ» ធ្វើឲ្យសមត្ថកិច្ចក្ដៅមុខយ៉ាងខ្លាំង ។
បើតាមព័ត៌មាននានាបានឲ្យដឹងដែរថា នៅមានចំណុចខ្លះ ដែលគួរឲ្យមានមន្ទិលពាក់ព័ន្ធនឹងការបាត់បង់លុយកាក់រាប់ម៉ឺនដុល្លារ និងរាប់សែនបាតនេះ ។ ប្រភពនេះបានបញ្ជាក់ថា លុយដែលបាត់នោះ គឺទុកនៅក្នុងថតតុមួយ តែលុយខ្មែរជាង៥០លានរៀលទៀត ដែលទុកនៅក្នុងថតតុទៀតនៅក្បែរនោះ មិនមាន បានបាត់បង់ទេ ។
ទោះយ៉ាងណា ព័ត៌មានជាក់លាក់ នៃអំពើចោរកម្មនេះ មិនមានមន្ត្រីជំនាញណាម្នាក់ ដែលចុះអង្កេតរឿងនេះទម្លាយឲ្យដឹងជាសាធារណៈនៅឡើយទេ បើទោះជាឃាត់ខ្លួនជនសង្ស័យម្នាក់ក្ដី។ ពោលគឺមានតែការលាក់បាំង ។ យ៉ាងណាខាងលើ គ្រាន់តែជាប្រភពក្រៅរបងស្នងការខេត្ត តែប៉ុណ្ណោះ ប៉ុន្តែអាចទុកចិត្តបាន៕
ប្រភព៖ កោះសន្តិភាព