ខេត្តកណ្តាល ៖ មានករណីគំរាមសម្លាប់និងដុតបំផ្លាញអស់ម៉ូតូ១គ្រឿង និងឆេះរាលដល់រថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ ខែកញ្ញា វេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ នៅភូមិលេខ១«ក» សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជនរងគ្រោះពីការដុតបំផ្លាញនេះមាន៣នាក់៖១-ឈ្មោះ អេង លួត ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ជាយោធា និងជាម្ចាស់រថយន្ត ២-ឈ្មោះ ហេង គួងសេង ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅក្នុងភូមិកើតហេតុ ជានិស្សិតពេទ្យ និងជាម្ចាស់ផ្ទះ និង ៣-ឈ្មោះ ជីប អៀងម៉េង ភេទប្រុស អាយុ៥៨ឆ្នាំ ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ជាអ្នករត់រ៉ឺម៉កនិងជាម្ចាស់ម៉ូតូ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានផ្លោះរបងចូលក្នុងបរិវេណខាងមុខផ្ទះរបស់ឈ្មោះ ហេង គួងសេង រួចធ្វើសកម្មភាពដុតម៉ូតូរបស់ឈ្មោះ ជីប អៀងម៉េង បណ្តាលឱ្យឆេះនិងរាលដាលឆេះដល់រថយន្តផ្នែកខាងឆ្វេងរបស់ឈ្មោះ អេង លួត បណ្ដាលឲ្យខូចខាត ។ ជាមួយនេះ បានបន្សល់ទុកនូវសំបុត្រគំរាមអនាមិកចំនួន២សន្លឹក នៅលើកាបូរថយន្ដដែលឆេះ ដោយសរសេរគំរាមឈ្មោះ ហេង គួងសេង បន្ទាប់មកជនសង្ស័យក៏រត់គេចខ្លួនបាត់ទៅ។
ម្ចាស់ផ្ទះនិយាយថា គាត់មិនដែលមានគំនុំឬទំនាស់ជាមួយអ្នកណាម្នាក់ឡើយ តែមានអាខោនហ្វេសបុ៊កមួយឈ្មោះ Ny Chana បានផុសជាសាធារណៈចោទគាត់ថា បានខ្លួនប្រាណគេហើយចង់ដោះដៃ និងគំរាមថានឹងសម្លាប់គាត់ទៀតផង ។ ប៉ុន្តែបានប្រកែកថា មិនបានប្រព្រឹត្តទៅលើនរណាម្នាក់ឡើយ និងម្យ៉ាងទៀតគាត់ក៏ធ្លាប់ដាក់ពាក្យប្តឹងដល់ក្រសួងមហាផ្ទៃផ្នែកព័ត៌មានវិទ្យាឲ្យជួយស្រាវជ្រាវតាមរយៈគណនីហ្វេសបុ៊ក នេះផងដែរ។
សូមបញ្ជាក់ថា ម៉ូតូនិងរថយន្ត ជារបស់ជនរងគ្រោះទី១និងទី៣ យកមកផ្ញើនៅផ្ទះជនរងគ្រោះទី២ ។ ចំពោះវត្ថុតាងក្រដាសសៀវភៅ១សន្លឹក ជារបស់ជនសង្ស័យដែលបានសរសេរគំរាមជេរប្រមាថទៅលើឈ្មោះ ហេង គួងសេង និងក្រដាសមានរូបអាខោនហ្វេសបុ៊កបស់ឈ្មោះ ហេង គួងសេង ដែលជារបស់ជនសង្ស័យ។
រីឯការខូចខាតមាន រថយន្ត១គ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ផ្លាកលេខ ភ្នំពេញ ១AE-៦៥៥៥ ជារបស់ឈ្មោះ អេង លួត ម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង ម៉ាកហុង ដាវ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ ជារបស់ឈ្មោះ ជីប អៀងម៉េង៕


ប្រភព៖ កោះសន្តិភាព