ជប៉ុន៖ តារាចម្រៀងស្រី Yamaguchi Maho និងជាសមាជិកក្នុងក្រុម NGT48 របស់ជប៉ុន បានជួបហេតុការណ៍មួយ ដែលធ្វើឲ្យនាងមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង។
Yamaguchi Maho បានរៀបរាប់ពីហេតុការណ៍ ដែលនាងបានជួបប្រទះ នាងត្រូវបានបុរសមិនស្គាល់មុខពីរនាក់ធ្វើបាប នៅពេលដែលនាងត្រឡប់ទៅកន្លែងស្នាក់នៅ។ ដោយយោងតាមការ Live វីដេអូផ្ទាល់ នាងបាននិយាយថា នាងតែងតែមានការប្រុងប្រយ័ត្នជានិច្ចរាល់ពេលត្រឡប់ទៅកន្លែងស្នាក់នៅ។ លើកនេះ នាងមានការប្រុងប្រយ័ត្នដូចរាល់ដង ប៉ុន្តែភ្លាមៗនោះ ស្រាប់តែមានដៃបុរសម្នាក់មកទប់មិនឲ្យនាងបិទទ្វារ ហើយបានយកដៃមកខ្ទប់មុខនាង និងច្រាននាងដួលទៅលើដី នាងបានគិតនៅក្នុងចិត្តថា នាងប្រាកដជាស្លាប់ជាមិនខាន តែនាងខំប្រឹងរើខ្លួន បន្ទាប់មកក៏មានបុរសម្នាក់ទៀត ដើរចេញមកពីបន្ទប់របស់មិត្តរួមក្រុមជាមួយគ្នា។ ពួកគេយកដៃខ្ទប់មាត់នាងមិនឲ្យស្រែកនោះទេ តែសំណាងល្អនាងអាចរួចខ្លួនមកបានព្រោះពេលនោះពួកគេបានលឺសម្លេងជណ្តើរយន្ត ហើយក៏ប្រញាប់គេចខ្លួនបាត់ទៅ។ ខណៈពេលដែលនាងកំពុងតែនិយាយរៀបរាប់សុខៗ Live ក៏បានដាច់។
រំលងមកមិនបានប៉ុន្មាន Yamaguchi Maho ក៏បានផុសនៅក្នុង Twitter ថាមានសមាជិកនៅក្នុងក្រុមដែលជាអ្នកផ្សំគំនិតនៅក្នុងរឿងនេះ គេបានប្រាប់បុរសទាំងពីរនោះពីពេលវេលាដែលនាងត្រូវត្រឡប់ទៅកន្លែងស្នាក់នៅ និងរឿងផ្ទាល់ខ្លួនរបស់នាងជាច្រើនទៀត។
ទោះបីជាមានរឿងបែបនេះកើតឡើងចំពោះនាងក៏ដោយ ក៏នាងត្រូវគេបញ្ជាឲ្យធ្វើខ្លួនធម្មតានិងស្ងៀមស្ងាត់ ដោយអ្នកគ្រប់គ្រងនិយាយថា គេនឹងចាត់ការរឿងនេះឲ្យ តែចុងក្រោយពួកគេមិនអើពើចំពោះរឿងនេះទេ។
ថ្មីៗនេះ Yamaguchi Maho បានផុសនៅក្នុង Twitter ម្តងទៀតដើម្បីសូមទោសដែលធ្វើឲ្យគ្រប់គ្នាព្រួយបារម្ភចំពោះរឿងនេះ ហើយនាងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមានសេចក្តីសុខមានសុវត្ថិភាព និងមានសុខភាពល្អ។ នៅថ្ងៃទី១០ មករា ឆ្នាំ២០១៩នេះ Yamaguchi Mahoបានឡើងទៅនិយាយសុំទោសម្តងទៀតនៅមុខទស្សនិកជនចំពោះរឿងនេះ នៅក្នុងកម្មវិធី Concert មួយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនអាណិតនាង។ អ្នកគាំទ្របានសម្តែងការមិនពេញចិត្ត ចំពោះការខ្វះទំនួលខុសត្រូវចំពោះរឿងដែលបានកើតឡើង។
គួររំលឹកផងដែរថា បុរសទាំងពីរនាក់នោះមានម្នាក់ជាសិស្សអាយុ២៥ឆ្នាំ និងម្នាក់ជាជនអានាថា។ មានប្រភពសារព័ត៌មានមួយបាននិយាយថា ប៉ូលីសបានចាប់បុរសពីរនាក់នោះ មកសួរចម្លើយរួចហើយក៏ដោះលែងវិញ ដោយពួកគេប្រាប់ហេតុផលថា ពួកគេមករក Yamaguchi Maho ដើម្បីគ្រាន់់ចង់ជួប និងនិយាយជាមួយនាងតែប៉ុណ្ណោះ៕
សូមទស្សនារូបភាពទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]