ជឿ​ស៊ប់​ទៅ​លើ​​គ្រូ​​មន្ត​​អាគម​​វាយ​​ដេញ​​ព្រាយ​​របួស​​​ធ្ងន់​​ធ្ងរ​​ទី​បំផុត​​ត្រូវ​​នាំ​ចូល​​មន្ទីរ​​ពេទ្យ​

0 LIKES
0 COMMENTS
សុក្រ ១៨ មករា, ២០១៣ ម៉ោង ០៧:៤៥

ខេត្តស្វាយរៀង ៖ ទីបំផុតនាងក្រមុំម្នាក់ត្រូវបាននាំ មកកាន់មន្ទីរពេទ្យដើម្បី ជួយសង្គ្រោះដោយសារតែមាន ស្នាមរបួសពេញខ្លួន ។ តាមព័ត៌មានថា នាងមិនបានរងរបួស ដោយសារឧប្បត្តិហេតុអ្វីនោះទេ តែអាការៈរបួសនេះដោយសារតែនាង មានជំងឺវង្វេងវង្វាន់ ហើយឪពុកម្តាយនាង ជឿគ្រូទាយថា ត្រូវអំពើរបស់ព្រាយ ក្បាលប្រាំបី ក៏នាំនាងឱ្យគ្រូអាគម ជួយដោះអំពើ។ វិធីព្យាបាលរបស់គ្រូមន្តអាគម នោះអាក្រក់ណាស់ គឺបានចាប់ចងដៃចងជើងប្រៀប ដូចគេចាប់ចងជ្រូក ទះមាត់ពីរបីដៃ និងទះកំផ្លៀងពីរបីដៃ រួចចាប់មួលភ្លៅ និងវាយជាំដៃជើង ជាំភ្នែក ហើយអ្វីដែលធ្ងន់ធ្ងរនោះ គឺការយកធូបមួយដៃអុជចំកណ្តាលក្បាល បណ្តាលឱ្យរលាកពង រលួយគួរឱ្យសង្វេគណាស់ និងកាន់តែធ្វើឱ្យមានអាការៈធ្ងន់ធ្ងរ ស្ទើរស្លាប់ស្ទើររស់ ក៏នាំយកមកមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ ។

តាមស្ត្រីជាម្តាយបានប្រាប់ឱ្យដឹងថា កូនស្រីគាត់នេះឈ្មោះនាង ចាន់ណា អាយុ២៣ឆ្នាំ មានទីលំនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ។ កូនស្រីនេះបានទៅធ្វើការជាមួយបងប្អូន២នាក់ទៀតនៅឯរាជធានីភ្នំពេញ លុះមកដល់ថ្ងៃទី២៧ ធ្នូ ក៏មានជំងឺរវើរវាយ ។ នៅថ្ងៃទី២៨ ធ្នូ បងប្រុសស្រីក៏នាំនាងពីភ្នំពេញមកផ្ទះវិញ ដើម្បីព្យាបាល ។ លុះដល់ថ្ងៃទី២៩ ធ្នូ នាងមានអាការៈធ្ងន់ធ្ងរចេះតែនិយាយឱ្យរកសាច់ឆ្កែហូប ក៏មានការសង្ស័យថា ក្រែងត្រូវអំពើគេ ព្រោះរូបសម្ផស្សកូនស្រីគាត់ស្រស់ស្អាត ។

ស្ត្រីជាម្តាយនិយាយទៀតថា ដោយខ្លាចមានគេលួចស្រឡាញ់ពេលមានអ្នកចូលមកដណ្តឹងគាត់ក៏លើកឱ្យ ទើបបណ្តាលឱ្យអ្នកស្រឡាញ់មិនបាន អាចធ្វើអំពើឱ្យឆ្កូតវង្វេង ក៏យកទៅឱ្យគ្រូអាគមនៅភូមិរាមជោ ស្រោចទឹកតែមិនបានធូរស្រាលសោះ ។ បន្ទាប់មកក៏យកទៅឱ្យគ្រូនៅក្នុងភូមិបុស្ស ឃុំមេសរថ្ងក ស្រុកចន្ទ្រា ឈ្មោះសយ សាប់ ជួយមើលក៏ប្រាប់ថា គាត់មើលមិនជាទេ ។ ដូច្នេះហើយក៏យកទៅមើលគ្រូធំនៅក្រុងបាវិត ដែលពូកែដោះអំពើខ្មោចព្រាយ ឬអំពើគ្រូស្នេហ៍ ហើយគាត់ជាឪពុកម្តាយភ័យក៏ចេះតែដឹកកូនយកទៅរកគ្រូមើលតាមតែគេប្រាប់ ។

ពេលទៅដល់ផ្ទះគ្រូធំនៅក្រុងបាវិតនោះ គ្រូចម្កួតនេះប្រាប់ថា ត្រូវអំពើព្រាយក្បាលប្រាំបី ក៏ចាប់នាងចង ។ ពេលនោះកូនស្រីគាត់ជេរគ្រូ មិនព្រមផឹកទឹកមន្ត គ្រូក៏ទះមាត់បីបួនដៃ បង្ខំឱ្យផឹកទឹកមន្ត រួចវាយពីរបីកំផ្លៀង និងវាយដៃ វាយជើងជាំអស់ ។ ក្រោយមកបានយកធូបមួយដៃសុទ្ធតែភ្លើងអុជចំកណ្តាលក្បាលឈ្ងៀមឡប់ ដើម្បីដេញខ្មោចព្រាយ បណ្តាលឱ្យឆេះសក់ និងសាច់ក្បាល ។ ក្រោយមកគ្រូនេះប្រាប់ថា ខ្មោចព្រាយចេញបាត់ហើយ ទើបគ្រូធំរូបនោះឱ្យដឹកមករកគ្រូពេទ្យម្តង ទើបកាលពីថ្ងៃទី៨ មករា កន្លងមក នាំគ្នាដឹកតាមរថយន្តមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីព្យាបាល ។ ពេលមកដល់មន្ទីរពេទ្យនាវេលាម៉ោង១១ព្រឹក នាងក៏នៅតែស្រែករវើរវាយដដែល ជេរគេ ជេរឯង និងរើបម្រះរត់ ទើបនាំគ្នាចាប់ ហើយគ្រូពេទ្យក៏ចាក់ថ្នាំសរសៃប្រសាទឱ្យ។

គ្រូពេទ្យប្រាប់ថា គ្មានត្រូវអំពើខ្មោចព្រាយអ្វីទេ នាងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ក្តៅខ្លាំង ប៉ះពាល់ដល់សរសៃប្រសាទធ្ងន់ ហើយទុកអ្នកជំងឺយូរពេករហូត១៣ថ្ងៃទើបយកមកមន្ទីរពេទ្យ ទើបធ្វើឱ្យអ្នកជំងឺមានសភាពបែបនេះ ។ ម្យ៉ាងរាងកាយរងរបួសជាំភ្នែកទាំងសងខាង ជាំមាត់ ជាំជើងទាំងសងខាង ចាប់ពីភ្លៅរហូតកជើង ដៃក៏ជាំទាំងពីរ គល់ក្លៀករហូតដល់ដៃស្នាមជាំដុំៗដូចជាវាយ និងមួល ។ ចំណែកនៅកណ្តាលក្បាលក៏ពងសាច់ដោយសារតែមានជំនឿអរូបីយកភ្លើងធូបមួយបាច់អុជ ។

អំពើខ្មោចព្រាយបិសាចមកដល់សម័យនេះហើយមិនគួរជឿទៀតទេ គួរប្រញាប់យកអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យវិញទើបប្រសើរ ។ រហូតមកដល់ពេលនេះ គ្រូពេទ្យកំពុងព្យាបាលបានធូរស្រាលបន្តិចហើយ ដែលជំហានទីមួយព្យាបាលមុខរបួសឱ្យជា និងចាក់ថ្នាំសរសៃប្រសាទឱ្យស្ងប់អារម្មណ៍ ។ មតិជាច្រើននិយាយថា គួរឈប់ជឿគ្រូខ្មោចនោះទៅសុទ្ធតែជាគ្រូបោកទេ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 LIKES
0 COMMENTS
សុក្រ ១៨ មករា, ២០១៣ ម៉ោង ០៧:៤៥

អត្ថបទផ្សេងៗ៖

មតិ

Copyright 2014 Khmerload