ខេត្តព្រៃវែង ៖ រថយន្តម៉ាកឡិចស៊ីសមួយគ្រឿងបើក គេចក្មេងប្រុសក៏ទៅបុកក្មេងស្រីម្នាក់ទៀត បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវក្រុមគ្រួសារយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកអ្នក លឿង ភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង៤និង៤៥នាទីរសៀលថ្ងៃទី១០ តុលា លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ។ ក្មេងស្រីរងគ្រោះឈ្មោះ សំអាន ណាគ្រី អាយុ១១ឆ្នាំ  ជាសិស្សសាលា មានទីលំនៅភូមិខាងលើ ។ រថយន្តបង្កហេតុបើកបរដោយលោក ថន ណារ៉ា ជាមន្ត្រីប៉ូលិសក្រសួងមហាផ្ទៃ មានលំនៅ រាជធានីភ្នំពេញ ។

សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញក្មេងទាំងពីរនាក់ជិះកង់ម្នាក់ មួយគ្រឿង ពីលិចទៅកើត ដោយក្មេងប្រុសជិះពីមុខ ឯក្មេងស្រីជិះពីក្រោយ លុះមកដល់ចំណុចកើតហេតុ ក្មេងប្រុសបានបត់កង់ទៅឆ្វេងដៃ ដើម្បីចូលក្នុងភូមិ ដោយពុំបានមើលរថយន្តដែលបើកមកពីកើត ភ្លាមនោះរថយន្តខំចង្កូតគេចក៏ជ្រុលទៅបុកក្មេងស្រីដែលនៅស្តាំដៃ បណ្តាលបាក់កង់ជា២កំណាត់ ឯក្មេងស្រីប៉ើងធ្លាក់ទៅចិញ្ចើមផ្លូវ រថយន្តបានធ្លាក់ផ្លូវបុកដើមស្វាយមួយដើមជាប់ ។

ក្រោយពេលកើតហេតុ គេឃើញក្មេងស្រីរងគ្រោះដួលសន្លប់ ពេលនោះអ្នកស្រុកឃើញក៏រត់ទៅជួយលើកកុមារីឡើង រួចលាបប្រេងកូឡាដើម្បីឱ្យមានចលនាក្នុងរាងកាយ និងជួយហៅឪពុកម៉ែបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ សមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុជួយធ្វើអន្តរាគមន៍ដើម្បីកុំឱ្យស្ទះចរាចរណ៍ ។ ភាគីរថយន្តបានជួយចេញប្រាក់៤០០ដុល្លារ ថ្លៃព្យាបាលរបួសទៅឱ្យគ្រួសារកុមារីរងគ្រោះ ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]