រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២១ កញ្ញា សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាននាំខ្លួន ស្ត្រីថៅកែហាងកែសម្ផស្សមីកាសា ឈ្មោះចាន់ ស្រីណុច ហៅមុំ ជាប់សង្ស័យកំពូលម៉ែយ៉ែម មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនទៅតំណាងអយ្យការធ្វើការសាកសួរ និងចោទប្រកាន់ជាផ្លូវការ ។

សំណុំរឿងម៉ែយ៉ែមរូបនេះ ស្ថិតនៅដៃលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីធ្វើការសាកសួរ ។ ទោះបីជាយ៉ាងណា សំណុំរឿងកំពូលម៉ែយ៉ែមពាក់ព័ន្ធពីបទជួញដូរផ្លូវភេទ នេះបានស្ថិតក្នុងការតាមដានពីសាធារណមតិ ដោយសារតែការជួញដូរផ្លូវភេទនេះ មិនមែនជាលក្ខណៈថ្មី «បនស្រី» នោះទេ តែការនាំនាងតារាមួយចំនួន និងក្មេងស្រីព្រហ្មចារីឱ្យតាតាដែលមានលុយរាប់ពាន់ ដុល្លារដើម្បីបម្រើផ្លូវភេទមួយលើកៗក្នុងសណ្ឋាគារ និងផ្ទះសំណាក់ជារឿងដែលមហាជនចាប់អារម្មណ៍ជាងគេ ។ ប្រការដែលមានការចាប់អារម្មណ៍ជាទូទៅនោះ ដោយសារហាងកែសម្ផស្សមីកាសាជាហាងល្បីឈ្មោះតាមទូរ ទស្សន៍ផងដែរ ។

ថៅកែស្រីហាងមីកាសា ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សៀ សម្បត្តិ ស្នងការរងនៃស្នងការដ្ឋានស្រាវជ្រាវ និងយុត្តិធម៌ បានបង្ក្រាបផ្ទាល់ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យ ការសាលាដំបូងរាជធានីភ្នំពេញ ហើយក៏ជាបទល្មើសជាក់ស្តែងដែលអាចប្រឈមមុខនឹងការផ្តន្ទា ទោសនៅពេលបញ្ចប់ការស៊ើបអង្កេតរបស់សាលាដំបូងរាជធានី ភ្នំពេញ ។

ប្រភពព័ត៌មានពីសាលាដំបូង ត្រូវបានដឹងថា អ្នកស្រីចាន់ ស្រីណុច ហៅមុំ នៅតែបដិសេធថាខ្លួនមិនបានប្រព្រឹត្តបទល្មើសជួញដូរផ្លូវ ភេទដូចការចោទប្រកាន់នោះទេ ។ អ្នកស្រីបានឆ្លើយចំពោះមុខតំណាងអយ្យការថា ខ្លួនពិតជាបាននាំនាង៥នាក់នោះទៅផ្ទះសំណាក់មែន ដើម្បីតម្រូវចិត្តម៉ូយ (ភ្ញៀវ) ឯរឿងបម្រើផ្លូវភេទជារឿងរបស់នាងៗ ។ ប្រភពឱ្យដឹងទៀតថា យោងលើរបាយការណ៍សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាង៥នាក់រួមទាំងតារាចម្រៀងម្នាក់ផងបានរៀបរាប់អស់ហើយ ពិតណាស់មុននឹងទៅបម្រើភ្ញៀវណាម្នាក់លុះត្រាឆ្លងកាត់ មែយ៉ែមរូបនេះសិន ទើបចេញបាន ។ តាមចម្លើយបានបញ្ជាក់ថា ពួកនាងធ្លាប់ចេញទៅបម្រើផ្លូវភេទច្រើនដងហើយ តាមរយៈចែមុំធ្វើមេអណ្តើក ។ ចម្លើយបានឱ្យដឹងថា នាងជាតារា ចែមុំតម្រូវការប្រាក់ពីភ្ញៀវ១.០០០ទៅ១.៥០០ទៅដល់២.០០០ និងទៅដល់៣.០០០ដុល្លារ ប៉ុន្តែប្រាក់នោះសាមីខ្លួនទទួលបានពីចែមុំវិញតែ៥០០ ដុល្លារច្រើនបំផុត ។ រីឯនាងៗជាកូនកសិករខ្វះខាតជីវភាពដែលចែមុំយកមក ចិញ្ចឹម(ប្រោះ)ឱ្យធ្វើការជាជាងអ៊ុតសក់នោះ តែធាតុពិតពួកនាងយូរនិងឆាប់ត្រូវក្លាយជាម្ហូបតាតា ។ តាមចម្លើយសារភាពថា ចែមុំលក់ឱ្យភ្ញៀវ៥០០ដុល្លារ ពេលទៅបម្រើផ្លូវភេទម្តងៗ ។ ក្នុងតម្លៃ៥០០ដុល្លារនោះសាមីខ្លួនទទួលបានយ៉ាងច្រើនបំផុត ៣០០ដុល្លារប៉ុណ្ណោះ ។ ចម្លើយទាំងអស់នោះហើយបានធ្វើឱ្យតំណាងអយ្យការមានភស្តុតាង គ្រប់គ្រាន់ ដើម្បីដាក់បន្ទុកជនត្រូវចោទ រួមទាំងរបាយការណ៍សមត្ថកិច្ចបង្ក្រាបជាក់ស្តែងផង ។

ការសួរចម្លើយនៅសាលាដំបូងរាជធានី រហូតដល់ម៉ោង៦ល្ងាចថ្ងៃទី២១ កញ្ញា ដដែល កំពូលម៉ែយ៉ែមត្រូវបានបញ្ចប់ និងត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃសពីបទសញ្ចរកម្ម ។ គួរបញ្ជាក់ថា កំពូលម៉ែយ៉ែម ចែមុំ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង៥ទៅម៉ោង៧យប់ ថ្ងៃទី១៩ កញ្ញា នៅផ្ទះសំណាក់ទំនើប១ ក្នុងទឹកដីខណ្ឌទួលគោក ខណៈម៉ែយ៉ែមនាំនាងៗ៥នាក់បូកទាំងតារាម្នាក់ផង បំណងយកទៅជូនតាតាបម្រើផ្លូវភេទ ។

ក្រោយពីសមត្ថកិច្ចចាប់ខ្លួនតារាសិល្បៈ ម្នាក់និងក្តាមស្រែ៤នាក់ទៀតត្រូវបានដោះលែងឱ្យវិល ត្រឡប់ទៅផ្ទះវិញ ដែលពួកនាងទាំង៥នាក់នោះសមត្ថកិច្ចបានអះអាងថា នាងជាជនរងគ្រោះ ទុកតែម៉ែយ៉ែមម្នាក់ប៉ុណ្ណោះជូនសាលាដំបូងចាត់ការតាមច្បាប់ ។

មានគេខ្សឹបប្រាប់កោះសន្តិភាពថា កំពូលម៉ែយ៉ែមមិនមែនមានតែថៅកែស្រីមីកាសាម្នាក់ប៉ុណ្ណោះទេ នៅមានជើងខ្ញង់លើសនេះប៉ុន្មាននាក់ទៀត ។ បើសួរតាតាប្រាកដជាសួរមិនចេញទេ ហើយមានតែយាយយាយទេ ដែលសប្បាយចិត្តការកម្ចាត់ម៉ែយ៉ែមជាន់ខ្ពស់បែបនេះ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]