វាយប្លន់ថៅកែ រកស៊ីទិញគោនៅស្រុក កំពង់លែង យកអស់ជាង ៧០លានរៀល
ពុធ ០៨ សីហា, ២០១២ ម៉ោង ១៦:១៩កំពង់ឆ្នាំង ៖ ថៅកែរកស៊ីទិញគោដ៏ល្បី ឈ្មោះម្នាក់ នៅស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង ត្រូវបានជនសង្ស័យ ២នាក់ ជាចោរប្លន់ បានប្រើដំបងវាយទៅលើរូបគាត់ បណ្ដាល ឱ្យរងរបួសធ្ងន់ ហើយប្លន់យកប្រាក់នៅក្នុង កាបូបជាង ៧០លានរៀល កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ទី០៨ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅច្រកភ្នំកងរី ក្នុងភូមិថ្មី ឃុំពោធិ៍ ស្រុក កំពង់លែង ខេត្ដកំពង់ឆ្នាំង។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើត បានឱ្យដឹងថា ជនរងគ្រោះដែលជាថៅកែដើរ ទិញគោ ឈ្មោះ ឌុច រូបនេះ មានស្រុកកំណើត នៅខេត្ដតាកែវ បានទៅបើកប្រាក់ ដែលត្រូវបានគេវេរជូនមកកាន់ ទីរួមខេត្ដកំពង់ឆ្នាំង ហើយក្រោយពីទទួលបានប្រាក់ ក៏ជិះកាណូត ឆ្ពោះទៅស្រុកកំពង់លែង ដើម្បីដើររកទិញ គោនៅទីនោះ។ ពេលចុះពីកាណូត ជនរង គ្រោះរូបនេះ បានហៅម៉ូតូឌុបជិះ ឈ្មោះ ស ហេង អាយុ ៣៥ឆ្នាំ រស់នៅភូមិថ្មី ឃុំពោធិ៍ ស្រុកកំពង់លែង ដើម្បីឱ្យជួយដឹកខ្លួនឆ្ពោះ ទៅច្រកភ្នំកងរី ។
ប្រភពព័ត៌មានបានបន្ដទៀតថា នៅពេលដែលជនរងគ្រោះទាំង២នាក់ ជិះម៉ូតូ ទៅដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខ ជនសង្ស័យម្នាក់ ប្រដាប់ដោយដំបងមកវាយ លើជនរងគ្រោះដែលជាថៅកែដើរទិញគោ។ ភ្លាមៗនោះ អ្នករត់ម៉ូតូឌុបដែលមានស្រុក កំណើតនៅភូមិថ្មី ឃុំពោធិ៍ ស្រុកកំពង់លែង បានចូលមកជួយ ប៉ុន្ដែត្រូវបាន ជនសង្ស័យរូប នោះ វាយថែមទៀត។ ដោយឃើញឱកាស ល្អ ជនរងគ្រោះជាថៅកែទិញគោ បានរត់ ប្រុងស្រែកហៅឱ្យគេជួយ ប៉ុន្ដែលេចមុខជន សង្ស័យម្នាក់ទៀត ប្រដាប់ដោយដំបង ស្ទាក់ វាយជនរងគ្រោះ រងរបួសធ្ងន់ រួចហើយបាន ប្លន់យកលុយនៅក្នុងកាបូប អស់ជាង៧០ លានរៀល គេចខ្លួនឡើងទៅលើភ្នំកងរី បាត់ ស្រមោលតែម្ដងទៅ។
ទាក់ទិនករណីវាយប្លន់ថៅកែទិញគោរូប នេះ អធិការរងនគរបាលស្ដីទី ស្រុកកំពង់លែង លោក សុន បានប្រាប់ មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលតាមទូរស័ព្ទ នៅរសៀល ថ្ងៃ ទី០៨ ខែសីហា ឆ្នាំ២០១២ថា ពិតជាមាន ករណីនេះមែន ប៉ុន្ដែសមត្ថកិច្ចរបស់លោក មិនទាន់មានការបញ្ជាក់ ជាផ្លូវការនោះទេ ខណៈដែលបច្ចុប្បន្នកំពុង ធ្វើការស្រាវជ្រាវ ដើម្បីកំណត់អត្ដសញ្ញាណជនសង្ស័យខាងលើ នេះ។ ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន ជនរងគ្រោះទាំង២នាក់ បាននិងកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ ស្រុកកំពង់លែង៕

ដោយ ៖ ចាន់ ធី
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Login
មតិ (Comments)