ចិន៖ អ្នកមីងម្នាក់ បានបាត់បង់ កូនប្រុស ជាទីស្រឡាញ់ កាលពី ១១ឆ្នាំមុន ព្រោះរូបគេ មានជំងឺ មិនអាច ព្យាបាលបាន ប៉ុន្តែអ្វីដែល ធ្វើឲ្យអ្នកមីង នៅរឹងបុឹង និងមិនឯកានោះ គឺដោយសារ មិត្តភក្តិសម្លាញ់ របស់កូនគាត់ ទាំង៧នាក់ នៅតែបន្ត មើលថែទាំគាត់ រហូតមកដល់ បច្ចុប្បន្ននេះ។

បើតាមអ្នកមីង Sheng Ru-zhi ដែលជាម្តាយកំសត់ មួយរូបនោះ បានប្រាប់ដល់ សារព័ត៌មាន ឲ្យដឹងថា កូនប្រុសរបស់គាត់ មានឈ្មោះ Zhang បានស្លាប់ អស់រយៈពេល ១១ឆ្នាំ មកហើយ ព្រោះគេ មានជំងឺ មហារីកឈាម មិនអាចព្យាបាលបាន តាំងពីឆ្នាំ២០០១ មកម្ល៉េស។

នៅឆ្នាំ២០០៤ បន្ទាប់ពីកូនប្រុស ស្លាប់បាត់ទៅ អ្នកមីង Sheng បានគិតថា គាត់នឹងរស់នៅ ឯកាម្នាក់ឯង និងកាន់ទុក្ខ កូនរបស់ខ្លួន រហូតហើយ ប៉ុន្តែ៣ថ្ងៃក្រោយមក កន្តឹងរោទិ៍ ផ្ទះអ្នកមីង ក៏បានបន្លឺសំលេង ជាថ្មី។

អ្នកមីង Sheng បាននិយាយថា៖ "នៅពេលនោះ ខ្ញុំពិតជា ឯកាណាស់! ពួកគេបានមកផ្ទះខ្ញុំ ហើយបាន ធ្វើឲ្យជីវិតខ្ញុំ រស់ឡើងវិញម្តងទៀត!"។ 

ពេលវេលា ចេះតែកន្លងទៅ មិត្តភក្តិរបស់ Zhang ខ្លះ បានបញ្ចប់ការសិក្សា នៅឯសាកលវិទ្យាល័យ ឯខ្លះទៀត រៀបការ មានកូនទៅហើយ ប៉ុន្តែពួកគេ មិនដែលភ្លេច រឿងសួរសុខទុក្ខ និងមើលថែទាំ អ្នកមីង Sheng ឡើយ បើទោះបីជា ពួកគេមានការរវល់ រឺនៅឆ្ងាយ យ៉ាងណាក៏ដោយ ក៏ពួកគេឆ្លៀតពេល ដើម្បីមកជួបគាត់ នៅឯទីក្រុង Hefei ផងដែរ។

មីង Sheng បាននិយាយ ទៀតថា៖ "ពួកគេប្រៀបបីដូចជា កូនបង្កើត របស់ខ្ញុំចឹង!"។

អ្នកមីង Sheng បានប្រាប់ទៀតថា នៅក្នុងកំឡុងពេល ព្យុះព្រិល កាលពីឆ្នាំ ២០០៨ មិត្តភក្តិរបស់ Zhang ម្នាក់ មានឈ្មោះ Li Fei បានទិញគ្រឿងទេស យកមកឲ្យគាត់ ដើម្បីទុកប្រើប្រាស់ ហើយគេ បានផ្តាំគាត់ថា៖  "នៅខាងក្រៅ រអិលខ្លាំងណាស់ ប្រសិនបើ គ្រឿងទេស ទាំងនោះ មិនគ្រប់គ្រាន់ មីងអាចទូរស័ព្ទ ប្រាប់ខ្ញុំ ខ្ញុំនឹងទិញវា មកបន្ថែមទៀត"។

Li Fei សព្វថ្ងៃនេះ ធ្វើការនៅក្នុងតំបន់ Xinjiang ប៉ុន្តែគេនៅតែ នាំប្រពន្ធ និងកូនស្រី របស់គេ មកលេងផ្ទះ ម្តាយរបស់មិត្តភក្តិ ដ៏កំសត់ម្នាក់នេះ ដដែល។

មិត្តរបស់ Zhang ម្នាក់ទៀត មានឈ្មោះ Fu Xiao-zheng ដែលមានផ្ទះ នៅក្បែរមីង Sheng គេតែងតែ មកមើល គាត់ រៀងរាល់ថ្ងៃ ចុងសប្តាហ៍។ នៅពេលដែល គេសួរថា ហេតុអ្វីនៅតែបន្ត មកលេងអ្នកមីង Sheng ពេលនោះ Fu បានប្រាប់ថា ព្រោះគេមានផ្ទះ នៅជិតគាត់ និងមានពេលទំនេរ។ 

ជាពិសេស កាលពីឆ្នាំ ២០១២ កន្លងទៅ រដ្ឋាភិបាល តម្រូវឲ្យអ្នកមីង Sheng ផ្លាស់ទីតាំងផ្ទះ របស់គាត់ ពេលនោះ មិត្តភក្តិរបស់ Zhang ទាំង៧នាក់ បានរៃលុយគ្នា ដើម្បីកែលម្អ ផ្ទះថ្មីរបស់គាត់ រយៈពេល៣ខែ ខណៈក្នុងអំឡុង ពេល ៣ខែនោះ គាត់បានស្នាក់នៅ ផ្ទះរបស់ Fu ផងដែរ។

ក្រោយពីរឿង ដ៏គួរឲ្យរំជួលចិត្តនេះ បានលេចលឺ ដល់សារព័ត៌មាន Fu និងមិត្តភក្តិ របស់គេ បានព្យាយាមគេច ពីអ្នកសារព័ត៌មាន ព្រោះពួកគេគិតថា ទង្វើទាំងនេះ គឺមិនមានអ្វី អស្ចារ្យខ្លាំង ណាស់ណានោះទេ។

Fu បាននិយាយថា៖ "ការមើលថែអ្នកមីង Sheng គឺជាកាតព្វកិច្ច របស់ពួកគេ គ្រប់គ្នា។ ទោះបីជា ១០ រឺ ២០ឆ្នាំ ទៅមុខទៀត ពួកយើងនៅតែ បន្តមើលថែទាំ អ្នកមីង Seng ដដែល"៕

តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះទង្វើ របស់ពួកគេ ខាងលើនេះ?

ប្រភព Shanghaiist

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]