រ៉ូម៉ានី៖ មនុស្សជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងជុំវិញ ការសាងសង់ តារាងបាល់ទាត់ មួយកន្លែង ក្នុងប្រទេស រ៉ូម៉ានី ដែលមានលក្ខណៈ ប្លែកហើយ អាចមានតែ មួយគត់ក្នុងលោក ក៏ព្រោះតែ តារាងនោះ មានដើមឈើដ៏ធំ មួយដើមឈរ ត្រង់ថ្មឹងនៅ ពាក់កណ្តាល តែម្តង។

ផ្អែកលើប្រភព ព័ត៌មានបាន ឲ្យដឹងថា តារាងបាល់ទាត់ ដ៏ចម្លែកនោះ គឺស្ថិតនៅ ក្នុងស្រុក Tonciu របស់ប្រទេស រ៉ូម៉ានី ហើយវាត្រូវបាន​ សង់ឡើងដោយ ចំណាយប្រាក់ ដល់ទៅជាង ២ម៉ឺនដុល្លារ តែចម្លែកត្រង់ថា នៅទីនោះគឺ មានដើមឈើ ដ៏ធំមួយដើម នៅចំកណ្តាលតារាង ដែលវាខុសពី តារាងបាល់ទាត់ ដទៃទៀតដែល មានទីធ្លាធំ ល្វឹងល្វើយគ្មាន អ្វីមកពាំង។

មូលហេតុដែល នាំឲ្យមានរឿង ដ៏ចម្លែកមួយនេះ កើតឡើងគឺថា ដើមឈើមួយនោះ គឺជាដើមឈើ ដែលអ្នកស្រុកនៅទីនោះ ធ្វើការគោរពបូជា ហើយវាមានអាយុកាល ជាង១៥០ឆ្នាំ​ មកហើយ ទើបអ្នកស្រុក នាំគ្នាសំណូមពរ ទៅដល់ក្រុមអាជ្ញាធរ ប្រចាំតំបន់ កុំឲ្យមានវិធានការ​ កាប់ដើមឈើ នោះចេញ បើទោះជាមាន គម្រោងសាងសង់ តារាងបាល់ទាត់ នៅទីនោះក៏ដោយ។

ឃើញដូច្នេះ ក្រុមអាជ្ញាធរក៏បាន ធ្វើទៅតាមសំណើរ របស់អ្នកស្រុក ដោយទុកដើមឈើ នោះនៅកន្លែង ដដែលហើយ ក៏បន្តសង់តារាង បាល់ទាត់ព័ទ្ធ ជុំវិញដើមឈើនោះ ដែលបង្កើតបាន ទៅជារឿង ដ៏ចម្លែកមួយ ដែលបានធ្វើឲ្យ មនុស្សជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្របពេលដែល មានការរិះគន់ ពីសំណាក់អ្នកដែល ទៅលេងបាល់ នៅទីនោះ ព្រមទាំងឪពុកម្តាយ របស់ក្មេងៗ ដែលនាំកូន ទៅលេងកំសាន្ត នៅទីនោះ និងនៅក្នុងបណ្តាញ​ ទំនាក់ទំនងសង្គម យ៉ាងច្រើនផងដែរ។

លោក Ioan Milsan ចៅហ្វាយស្រុក Tonciu បាននិយាយថា “បន្ទាប់ពីមាន ការរិះគន់យ៉ាងច្រើន ជាពិសេសគឺ នៅតាមបណ្តាញ ទំនាក់ទំនងសង្គម ផ្ទាល់តែម្តង ទៅលើការ ទុកដើមឈើ ដ៏ធំមួយដើម នៅចំកណ្តាលតារាង ដូច្នោះពេលនេះ ពួកយើងកំពុង តែធ្វើការ ពិភាក្សាសាឡើងវិញ ដើម្បីរកវិធីដោះស្រាយ និងសម្រេចថា តើបន្តទុក ដើមឈើដ៏ចំណាស់នោះ ឬក៏កាប់វាចេញ ដើម្បីធ្វើឲ្យ តារាងបាល់ទាត់នោះ ក្លាយជាតារាង ដ៏ពេញលេញ និងត្រឹមត្រូវមួយ”។

គួរបញ្ជាក់ផងដែរថា នេះគឺជារឿង ដ៏ចម្លែកមួយ​ ដែលមានការ ទុកដើមឈើដ៏ ធំមួយដើមនៅ ចំពាក់កណ្តាល តារាងបាល់ទាត់ ហើយមនុស្សជាច្រើន ក៏បានលើកឡើងថា នេះអាចជា តារាងបាល់ទាត់ ដ៏ចម្លែកបំផុតមួយ ក្នុងលោក៕

ទិដ្ឋភាពនៃ តារាងបាល់ទាត់ ដ៏ចម្លែករបស់ ប្រទេសរ៉ូម៉ានី៖




ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]