អាមេរិក៖ វីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានបង្ហាញពីកាំជ្រួចដែល បង្ហោះទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ បានផ្ទុះខ្ទេច តែប៉ុន្មាននាទីប៉ុណ្ណោះក្រោយ ហោះផុតចេញពីដី ដែលមានទីតាំងស្ថិត នៅក្នុងតំបន់ Cape Canaveral នៃរដ្ឋហ្ល័ររីដា របស់សហរដ្ឋអាមេរិក។ នេះគឺជាបេសកកម្មទី៣ ដែលការបង្ហោះកាំជ្រួចត្រូវទទួលបរាជ័យនៅ ប៉ុន្មានខែចុងក្រោយនេះ។


កាំជ្រួចគ្មានមនុស្សជិះ ឈ្មោះ SpaceX Falcon 9 

កាំជ្រួចគ្មានមនុស្សជិះ ឈ្មោះ SpaceX Falcon 9 ដែលផ្ទុកសំភារៈ បរិក្ខារជាច្រើន បានផ្ទុះនៅម៉ោង ១០ និង ២១នាទីព្រឹក ក្រោយហោះផុតពីដី បានបន្តិច ធ្វើឲ្យបំណែកជាច្រើនត្រូវធ្លាក់ចូល ទៅក្នុងមហាសមុទ្រអាត្លង់ទិច។

លោក ចច ដៀលឡឺ អ្នកអត្ថាធិប្បាយរបស់អង្គការណាសា បានឲ្យដឹងថា កាំជ្រួចហោះទៅកាន់ទីអវកាសបានផ្ទុះ ដោយគេមិនទាន់ដឹង ពីមូលហេតុនៅឡើយ។ នេះគឺជាបរាជ័យលើកទី២ហើយ ក្នុងការដឹកសំភារៈ ទៅទីអវកាស ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ។ កាលពីខែមេសា កាំជ្រួចរបស់រុស្ស៊ី បានស្ថិតនៅ ក្រៅការគ្រប់គ្រង ហើយធ្លាក់មកដីវិញ ហើយកាលពីខែតុលា ឆ្នាំមុន ក៏មានកាំជ្រួចមួយទៀត ជួបនូវការផ្ទុះ ក្នុងពេលបង្ហោះផងដែរ។

ការបង្ហោះកាំជ្រួចទៅ ទីអវកាស ដែលជាបេសកកម្មលើកទី៧ របស់ណាសា ដែលបានចុះកិច្ចសន្យា ជាមួយនឹងក្រុមហ៊ុនមួយ មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ក្នុងទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារអាមេរិក សំរាប់ការផ្គត់ផ្គង់សំភារៈ​ ទៅដល់ស្ថានីយអវកាស។ ស្ថានីយអវកាសអន្តរជាតិបែងចែកជា ២ គឺមានផ្នែកគ្រប់គ្រងដោយ រុស្ស៊ី និងអាមេរិក ហើយអវកាសយានិកបច្ចុប្បន្ន ដែលប្រចាំការនៅទីនោះ មានជនជាតិរុស្ស៊ី ៣នាក់ អាមេរិក ២នាក់ និងអ៊ីតាលីម្នាក់៕


កាំជ្រួច SpaceX Falcon 9 ពេលផ្ទុះនៅលើអាកាស

បំណែករបស់ កាំជ្រួច SpaceX Falcon 9 កំពុងធ្លាក់ចុះមកក្រោម

ប្រភព៖​ បរទេស

ដោយ៖​ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]