យល់ដឹង៖ ភាពជាសហគ្រិន អាចឲ្យអត្ថន័យ បានច្រើនបែប តែគោលដៅសំខាន់ មានតែមួយគត់ គឺទទួលបាន ភាពឯករាជ្យម្ចាស់ការលើខ្លួនឯង។ ជោគជ័យក្នុងន័យនេះ អ្នកនឹងធ្វើជាមេ ឬថៅកែដោយខ្លួនឯង។ មិនចាំបាច់មានអ្នកគ្រប់គ្រង ឬក្រុមការងារ ដាក់កាលបរិច្ឆេទ កំណត់ពេលរួចរាល់ការងារ ឬចាំមើល រាល់គ្រប់សកម្មភាពនៃភាពជោគជ័យ របស់អ្នកទៀតឡើយ។ ផ្ទុយមកវិញ អ្នកនឹងក្លាយជាម្ចាស់លើខ្លួនឯង ម្ចាស់វាសនាខ្លួនឯង និងអាចទុកចិត្តលើជីវិតខ្លួនឯងបាន។ ប៉ុន្តែដើម្បីអាចជោគជ័យ ដូចការរៀបរាប់ទាំងអម្បាលម៉ាណនេះ មានគន្លឹះអ្វី ឲ្យវាក្លាយជាការពិតបាន? ដូចនេះក្រៅពីខ្លួនឯង អ្នកក៏ត្រូវពឹងផ្អែកលើ អ្នកដទៃផងដែរ មុនពេលអាចសំរេចជោគជ័យ ក្នុងនាមជាសហគ្រិនម្នាក់(Entrepreneur) បាន។ តោះដាមដាន និងស្វែងយល់ជាមួយខ្មែរឡូត ទាំងអស់គ្នា!

 

ទី១៖ បុគ្គលដែលអ្នកកោតសរសើរនិងអាចរៀនសូត្រតាម

Mentor ឬអ្នកណែនាំយើង អ្នកបង្រៀនយើង ចង្អុលបង្ហាញប្រាប់ដល់យើង ពិតជាប្រភព ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សំរាប់សហគ្រិនគ្រប់រូប ជាពិសេស ក្នុងពេលវេលាមួយ ដែលអ្នកកំពុងតែចាប់ផ្តើមប្រកបមុខជំនួញលើកដំបូងទៀតនោះ គឺពិតជាសំខាន់ខ្លាំងណាស់។ ជំនួញជោគជ័យមួយ កើតចេញមកពី បទពិសោធណ៍បរាជ័យ ជាច្រើនដងរួចមកហើយ។ ដូចនេះអ្នកមានបទពិសោធន៍នេះហើយ ដែលអាចជួយផ្តល់ដំបូន្មាន ទស្សនវិស័យ (គំរោងការ, ផែនការ) ការណែនាំទិសដៅ ដល់អ្នកនៅពេលណាដែលអ្នកត្រូវការ ហើយជានិច្ចកាល មិនមែនដើម្បីប្រយោជន៍ តែជាទឹកចិត្ត ផុសចេញមក ចង់ឲ្យអ្នកក្លាយជាមនុស្សជោគជ័យដែរ។ បុគ្គលជា Mentor នេះទៀតសោត ជាទូទៅ តែងតែមានបណ្តាញ ដែលអាចផ្តល់ប្រភព(Resources) និងការទំនាក់ទំនង(Contacts) ដែលរូបអ្នកអាចទាញយកបន្ត សំរាប់ធ្វើជាប្រយោជន៍ ជួយកសាងមុខជំនួញរបស់អ្នក។

ទោះជាយ៉ាងណា បុគ្គលដែលអាចយកធ្វើជា Mentor របស់អ្នកបាន គួរតែជាមនុស្ស ដែលរូបអ្នកកោតសរសើរ និងអាចជឿទុកចិត្តបាន ដែលអាចបង្ហាញផ្លូវដ៏ត្រឹមត្រូវ សំរាប់អ្នកដើរឆ្ពោះ ទៅរកភាពជោគជ័យ។ បើសិនជាអ្នកជួបការលំបាក ក្នុងការស្វែងរកមនុស្សប្រភេទនេះ អ្នកអាចរកមើល តាមបណ្តាញសង្គម ឬក៏ចូលរួមក្នុងព្រឹត្តការណ៍ផ្សេងៗ (Events) និងចាប់ផ្តើមនិយាយទៅកាន់ អ្នករាល់គ្នា ដែលអ្នកមិនធ្លាប់ស្គាល់ពីមុន ដើម្បីស្វែងយល់ពីពួកគេ។ បើអ្នកអាចធ្វើបាន អ្នកនឹងមានសង្ឃឹម តែបើអ្នកមិនធ្វើវាទេ កុំបន្ទោសលើនរណាម្នាក់ ឬព្រហ្មលិខិតកំណត់ជីវិតអ្នកឲ្យសោះ ព្រោះជីវិតរបស់អ្នក រូបអ្នកជាអ្នកកំណត់វា ដោយខ្លួនឯង។

ទី២៖ ដៃគូសហការដែលអ្នកគោរព

មិនថាក្នុងកាល:ទេស: ពេលកំពុងបង្កើតដៃគូរកស៊ី ឬស្វែងរក មុខជំនួញបន្ថែម ដើម្បីចូលរួមជាកម្លាំងនោះទេ ការស្វែងរកដៃគូជំនួញ ដែលអ្នកគោរព ពិតជាចាំបាច់ខ្លាំងណាស់ ក្នុងការបង្កើនឱកាសជោគជ័យ។ ការគោរពគ្នាទៅវិញទៅមក ជាមូលដ្ឋាននៃភាពជាដៃគូជំនួញ យ៉ាងពិតប្រាកដ ដែលអាចកាត់បន្ថយចំនុចអវិជ្ជមាន ដែលតែងកើតមានជារឿយៗ ដូចជាជម្លោះរកស៊ី និងភាពអត្មានិយមជាដើម។

យ៉ាងណាមិញ ស្វែងរកដៃគូរកស៊ីដែលល្អ មិនមែនជារឿងងាយស្រួលនោះដែរ ដូច្នេះហើយ យើងក៏មិនគួរប្រញ៉ាប់ប្រញ៉ាលពេកនោះទេ គឺគួរតែចំណាយពេលវេលា រង់ចាំបុគ្គលដែលអ្នកគិតថា សមស្របទៅនឹងលក្ខណ:សម្បត្តិដែលអ្នកចង់បាន នោះទើបមានការគោរពកើតមានឡើងបាន។ ហើយការចំណាយពេលស្វែងយល់ពីចំនុចនេះ នឹងអាចផ្តល់មកវិញ នូវសក្កានុពលយ៉ាងពេញលេញដល់អ្នក។

ទី៣៖ បុគ្គលិកដែលអ្នកអាចជឿទុកចិត្តបាន

មុខជំនួញមួយ មិនអាចជោគជ័យបានដោយពឹងផ្អែក តែលើការដឹកនាំមួយមុខឡើយ។ អ្នកត្រូវការ បុគ្គលដែលមានស្មារតីខ្ពស់ ក្នុងការលះបង់កម្លាំងកាយចិត្ត និងគួរឲ្យទុកចិត្តបាន សំរាប់ជួយអ្នក ធ្វើការងារ និងទំនួលខុសត្រូវ នៃប្រតិបតិ្តការពីមួយថ្ងៃទៅមួយថ្ងៃ ឲ្យមានភាពរលូនទៅមុខ។ យើងអាចលើកយកឧទាហរណ៍ ឲ្យងាយយល់ដូច្នេះថា៖ រូបអ្នកផ្ទាល់មានទិសដៅចង់ទៅទីណាមួយ បើសិនជាអ្នកដើរ នោះនឹងចំណាយពេលយូរ ហើយនឿយហត់ទៀតផង ប៉ុន្តែបើសិនជាអ្នក ធ្វើដំណើរតាមរថយន្ត នោះនឹងកាន់តែធ្វើឲ្យគោលដៅនោះ ឆាប់ទៅដល់។ ដូច្នេះបុគ្គលនោះហើយ ដែលប្រៀបដូចជា យានយន្ត ដែលជូនអ្នកឲ្យទៅកាន់ គោលដៅ ដែលអ្នកចង់បាន។ ហេតុនេះអ្នកត្រូវតែប្រាកដក្នុងចិត្ត ជឿជាក់ទៅលើពួកគេ ថាពួកគេនឹងអាចធ្វើការងារដែលអ្នកដាក់ទៅ បានសំរេចជោគជ័យ ហើយយ៉ាងហោចណាស់ បើពួកគេជួបបញ្ហាក្នុងពេលបំពេញការងារនោះ គួរតែមានការប្រាស្រ័យទាក់ទង ដើម្បីដោះស្រាយនូវបញ្ហានោះ។

ដើម្បីបង្កើតបរិយាកាស ដែលទាក់ទាញចិត្ត ប្រភេទបុគ្គល ឬបុគ្គលិកគួរឲ្យទុកចិត្តប្រភេទនេះ អ្នកត្រូវតែបង្កើតឲ្យមាន គោលការណ៍ច្បាស់លាស់ (Clear Guidelines) សំរាប់ក្រុមហ៊ុនរបស់អ្នក និងយកចិត្តទុកដាក់ឲ្យមែនទែន នៅពេលជ្រើសរើសបុគ្គលិក។ គួរតែស្វែងរកបេក្ខភាព ដែលមានបុគ្គលិកលក្ខណ:ល្អ និងវ័យឆ្លាត ហើយក៏គួរមើលលើប្រវត្តិបំពេញការងារពីមុនៗ ឬចំណេះដឹងរបស់គេ។

ទី៤៖ មិត្តភក្តិដែលអ្នកចំណាយពេលជាមួយ

មិត្តភក្តិក៏អាចជាមនុស្សជួយអ្នកសំរេចជោគជ័យផងដែរ ប៉ុន្តែវាអាស្រ័យលើ មិត្តភក្តិនោះ នឹងនាំអ្នកទៅជួបភាពជោគជ័យ ឬតែងនាំនូវរឿងរ៉ាវមិនល្អឲ្យអ្នក រាល់ពេលដែលអ្នក ចំណាយពេលជាមួយគេ។ ក្នុងគ្រាដែលអ្នក នឿយហត់ និងរវល់ខ្លាំង មិនអាចមានពេលវេលាផ្ទាល់ខ្លួន ជាមួយមិត្តភក្តិឡើយ តែការសំរាក និងមានពេលវេលារំសាយភាពនឿយហត់ ត្រូវតែមានជាចាំបាច់ផងដែរ។ ដូច្នេះហើយ បើសិនជាអ្នក ខំចំណាយពេលវេលា ឆ្លៀតជាមួយនឹងមិត្តភក្តិ បើគេមិនអាចនាំភាពចំរុងចំរើនបានក៏ពិតមែន តែយ៉ាងហោចណាស់ ក៏គួរអាចជួយអ្នកបានខ្លះដែរ ដូចជា ជួយលើកទឹកចិត្ត ផ្តល់កំលាំងចិត្ត ជួយផ្តល់គំនិតយោបល់ល្អៗ ជួយដាស់តឿន ជាដើម -ល-។

ទី៥៖ គ្រួសារមួយដែលតែងគាំទ្រលើកទឹកចិត្តដល់អ្នក

អ្នកត្រូវចាំថា គ្រួសារ ជាអ្នកដែលតែងតែនៅក្បែរអ្នកជានិច្ច តាំងពីមុនពេលអ្នក ចាប់ផ្តើម ឬជោគជ័យក្នុងជំនួញរបស់អ្នកម្ល៉េះ ហើយដរាបតទៅមុខទៀត បើទោះបីជា ក្រុមហ៊ុនរបស់អ្នក ទៅជាយ៉ាងណាក៏ដោយ មិនថាជោគជ័យ ឬបរាជ័យឡើយ គ្រួសារនេះហើយ ជាអ្នកនៅជិតអ្នក ផ្តល់កំលាំងចិត្ត ដល់អ្នក។ ដូច្នេះហើយ ចូរអ្នកកុំបំពាន ឬភ្លេចគ្រួសារឲ្យសោះ បើទោះអ្នកជោគជ័យ ឬបរាជ័យ ក៏ដោយ។

កុំភ័យខ្លាច ឬមិនហ៊ានប្រាប់ អំពីបញ្ហា ឬការព្រួយបារម្ភ ឬឧបសគ្គ ដែលអ្នកជួបប្រទះធ្វើអ្វី។ ការរក្សាទុកកង្វល់ក្នុងចិត្តតែម្នាក់ឯង អាចធ្វើឲ្យអ្នកកាន់តែ ស្ត្រេស៍ ហើយធ្វើឲ្យអ្នក និងគ្រួសារកាន់តែមាន គម្លាតឆ្ងាយពីគ្នា។ ដូច្នេះ គួរតែចំណាយពេលវេលាខ្លះ សំរាប់ក្រុមគ្រួសារ និងរក្សាពួកគេក្នុងជីវិតអ្នក ជាមួយអ្នក ក្នុងដំណើរជីវិតមួយនេះ។

អំណេះតទៅ ចូរអ្នកនៅជិតមនុស្សដែលអ្នកជឿទុកចិត្ត ស្រលាញ់ គោរព ឲ្យបានគង់វង្ស នោះអ្នកនឹងមានភាព រីករាយ និងជោគជ័យក្នុងជីវិត៕

ចង់អានបន្តទៀត?

ចុចអាន៖ សហគ្រិនជោគជ័យ ភាគច្រើន សុទ្ធតែមាន បុគ្គលិកលក្ខណ:ទាំង ៤យ៉ាងនេះ

ចុចអាន៖ មេរៀនជោគជ័យ ទាំង៧ ចំនុច រៀនពីមហាសេដ្ឋី មានប្រាក់ រាប់រយលាន

ចុចអាន៖ 10 ចំនុច មេរៀនអំពីលុយ ជួយអ្នកឲ្យជោគជ័យ

ចុចអាន៖ អាថ៌កំបាំង ធំបំផុតមួយ ដែលធ្វើឲ្យ លោក Steve Jobs ក្លាយជាមនុស្ស ជោគជ័យ

ប្រភព៖ Entrepreneur

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]