ភ្នំពេញ៖ ប្រិយមិត្ត ធ្លាប់គិតទេថា នៅពេលអ្នកសល់លុយ ក្នុងហ៊ោប៉ៅ តែ១០,០០០រៀល ពិបាក សម្រេចចិត្តថា គួរទទួលទាន គុយទាវ កន្លែងណា ដែលឆ្ងាញ់ ហើយអាចឲ្យអ្នកឆ្អែតបាន?

ថ្ងៃនេះ ខ្មែរឡូត នឹងនាំអារម្មណ៍ ប្រិយមិត្តមក ស្គាល់នូវហាងគុយទាវ ២កន្លែង ដែលកំពុងតែទទួលបាន ភាពល្បីល្បាញដូចគ្នា គឺគុយទាវទូក ៨ចាន និងគុយទាវអង្គរជុំ (នៅកោះពេជ្រ)។ ចង់ដឹងថា តើហាង ទាំង២នេះ មានរសជាតិ ឬក៏ការរៀបចំ តុបតែងហាងយ៉ាងណានោះ តោះតាមដាន ទាំងអស់គ្នា៖

គុយទាវទូក ៨ចាន ឬហៅគុយទាវគរចាន លើគ្នា៖ បើក្រឡេកមើល ពីគ្រឿងផ្សំក្នុងចានគុយទាវទូក មានដូចជា ខ្ទឹមបំពង ជីរ គុយទាវ និងមាន គ្រឿងផ្សំផ្សេងៗទៀត។ ចំពោះក្លិនទឹកស៊ុប ពិតជាឈ្ងុយ ដែលធ្វើឲ្យអតិថិជន ចង់ទទួលទាន មួយចានហើយថែមមួយចានទៀត។ មិនតែប៉ុណ្ណោះ សាច់គោ និងប្រហិតក៏បានដាក់បញ្ចូលក្នុងចានគុយទាវ ដែលកាន់តែ ធ្វើឲ្យភ្ញៀវញ៉ាំ មិនជិនណាយ ផងដែរ។ ជាមួយគ្នានោះដែរ តម្លៃគុយទាវ មួយ ចាន មានតម្លៃ ២,៥០០រៀល ហើយមាន ភ្ញៀវមួយចំនួន ទទួលទាន ៨ ទៅ ១០ចាន ឯណោះក៏មាន។ ជាពិសេសមនុស្សម្នាជាច្រើន បាននាំ គ្នាទៅ ភ្លក់គុយទាវ មិនថាក្មេងចាស់នោះទេ ព្រោះថាគុយទាវទូកនេះ ល្បីដោយសារ ភាពឈ្ងុយឆ្ងាញ់នៃទឹកស៊ុប និងការនិយាយ តៗគ្នាពីមាត់មួយ ទៅមាត់មួួយ។

បើសម្លឹងមើល ការរៀបចំក្នុងហាង ហាក់ដូចជាប្លែក ព្រោះថាបានបំពាក់អំពូលភ្លើងពណ៌ស្រាលៗ ដោយមិនប្រើភ្លើងខ្លាំងៗ និងអមជាមួយ ការចាក់ចម្រៀងលឺគ្រហឹមៗទៀតនោះ កាន់តែទាក់ទាញ ចិត្តអតិថិជន ឲ្យទៅទទួលទានគុយទាវទូក មិនដែលអាក់ខានតែម្តង។






ក្រុមការងារ ខ្មែរឡូតចុះទៅ ភ្លក់គុយទាវផ្ទាល់ ដល់ហាង

គុយទាវអង្គរជុំ៖ គុយទាវ ដែលដាក់ឈ្មោះថា អង្គរជុំ មានទីតាំងនៅកោះពេជ្រ ត្រូវបាន មនុស្សម្នាជាច្រើន ផ្អើលនាំគ្នាទៅអង្គុយហ៊ុតទឹកស៊ុប នៅទីនោះ មិនចេះដាច់ភ្ញៀវទាល់តែសោះ តាំងពីពេលល្ងាច រហូតដល់យប់។ ចំពោះគ្រឿងផ្សំ ដែលខ្មែរឡូត បានចុះទៅផ្ទាល់ ដល់ហាងតែម្តង បានឃើញ មានជីរ សាឡាដ ខ្ទឹមបំពង គុយទាវ សាច់គោ ប្រហិត និងគ្រឿងផ្សំដទៃទៀត។ ជាពិសេស អតិថិនជនភាគច្រើន ដែលនិយម ទៅទទួលទាន គុយទាវ អង្គរជុំ ដែលមានសាខា នៅកោះពេជ្រ តែងលាន់មាត់ ថាទឹកស៊ុប មានរសជាតិឆ្ងាញ់ជាប់ចិត្ត។ ក្នុងនោះដែរ តម្លៃគុយទាវមួយចាន ដែលដាក់សាច់គោ និងប្រហិត គឺ ៨,០០០រៀល ដូច្នេះប្រសិនបើអ្នក មានថវិកាតែ ១០,០០០រៀល គឺអ្នកអាចសល់ ២,០០០រៀល ទៀតផង។

ជាពិសេស ហាងគុយទាវអង្គរជុំ  មានរៀបចំដេគ័រសាមញ្ញ តែស្រស់ស្អាត ធំទូលាយ ហើយបរិយាកាស ត្រជាក់ល្វើយៗ នៅកោះពេជ្រទៀតនោះ កាន់តែធ្វើឲ្យភ្ញៀវ ដែលចូលញ៉ាំគុយទាវបណ្តើរ និងទទួលបាន អារម្មណ៍ស្រស់ថ្លាបណ្តើរ៕




ចុះសម្រាប់ប្រិយមិត្តវិញ ប្រសិនបើអ្នក សល់លុយ ១០,០០០រៀល ហើយចង់ញ៉ាំ គុយទាវ ដូច្នេះអ្នកគួរតែញ៉ាំ គុយទាវនៅឯណាទៅ?  

ដោយ៖ កា &ឡូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]