ភ្នំពេញ:ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ ថ្លែងឲ្យដឹង នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ថា ការស្លាប់របស់យុវសិស្ស នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ អាចបណ្តាលមកពីបញ្ហាសុខភាព ដូចជាខ្យល់គ ឬគាំងបេះដូងជាដើម មិនមែនមកពី ការពុលស្រ្ពាយ៍នោះទេ ។ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ពីដំណើររឿងថា នៅរសៀលថ្ងៃនេះ ជនរងគ្រោះ និងមិត្តភក្តិរបស់ខ្លួន ចំនួន៣នាក់បានមករត់សម នៅកោះពេជ្យ ដោយលាបម្សៅ លាបស្រ្ពាយ៍ លើដងខ្លួន និងសក់ ដើម្បីត្រៀមចូលរួមរត់ ប្រណាំងនៅថ្ងៃស្អែក លុះពេលរត់បាន២ទៅ៣ជុំ កោះពេជ្យ ក៏ឈប់មកឈរមើល នៅកន្លែងប្រគុំកម្មវិធី ហើយភ្លាមៗនោះ ក៏ដួលសន្លប់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដែលប្រចាំការនៅកោះពេជ្យ បានជួយដឹកយកទៅកាន់មន្ទីរពេទ្យ ក៏ស្លាប់នៅតាមផ្លូវតែម្តង។

លោក ជួន សុវណ្ណ បានបន្តទៀតថា «បើពុលស្ព្រាយ៍មែននោះ គឺមិនមែនតែ ជនរងគ្រោះម្នាក់ទេ ដែលពុល គឺមានមិត្តភក្តិ របស់ជនរងគ្រោះផងដែរ» ។

ចំណែកឯ យុវជនសីហា ដែលជាមិត្តភក្តិ របស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុខពេលកើតហេតុខណ:រូបគេ និងជនរងគ្រោះ មានគ្នា៣ នាក់ កំពុងឈរមើលការ ប្រគុំកម្មវិធី ស្រាប់តែមានការបាញ់ស្រា្ពយពណ៏ យ៉ាង ខ្លាំងពេលនោះ ស្រាប់ ជនរងគ្រោះ ដួលតែម្តង ហើយ បានស្លាប់ពេល កំពុងដឹកយកទៅមន្ទីរពេទ្យ។ ដោយឡែក មន្រ្តីអាវុធហត្ថជាន់ខ្ពស់មួយរូប ដែលកំពុងស្ថិត នៅក្នុងកម្មវិធី នោះ ក៏បានថ្លែងថា ជនរងគ្រោះ ដួលស្លាប់ សង្ស័យ មកពីការ បាញ់ស្រា្ពយ នេះផងដែរ ។

យ៉ាងណាក៏ដោយ លោក យិន សាន អធិការខណ្ឌចំការមន បានបដិសេធដោយប្រាប់ថា ការស្លាប់របស់ជនរងគ្រោះ អាចបណ្តាលមកពីអស់ កម្លាំង នាំអោយ ខ្យល់គ ពីព្រោះមុនពេល មកឈរមើល ការប្រគុំ កម្មវិធីនោះ គឺជនរងគ្រោះ បានរត់ មួយជុំ ២ ជុំ ជាមួយមិត្តភក្តិ របស់ខ្លួន ហើយថែមទាំង បានលាបខ្លួន និងលេងខ្លួនទៀតផង ។ មិនខុសពី លោក យិន សាន ប៉ុន្មាន លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ សាលា រាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា ការស្លាប់របស់ជនរងគ្រោះ គឺមកពីខ្យល់គរ ។

យ៉ាងណាក៏ដោយ បានទៅថតរូបសពជនរងគ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត បានឃើញ មានស្រ្ពាយពណ៌ លើសពជនរងគ្រោះ ជាច្រើន ខណ:សាច់ញាតិ របស់សព មិនទាន់បញ្ជាក់ពីការស្លាប់ពិតប្រាកដនៅឡើយទេ។

សូមបញ្ជាក់ថា ការភ្ញាក់ ផ្អើល មួយ នៅកន្លែងការប្រគុំតន្រ្តីមិត្តហ្វូន នៅកោះពេជ្យ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥នេះ ក្រោយពីមាន យុវជនសិស្ស នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំម្នាក់ ឈ្មោះ អ៊ុច ចាន់ថន អាយុ២០ឆ្នាំ បានដួលរហូតដល់ស្លាប់ ដោយសង្ស័យថា អាចបណ្តាលមកពីការពុលស្ព្រាយ៍៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]