ឥណ្ឌា៖ សត្វព្រាប មួយក្បាល ដែលមាន ខ្សែជាប់នៅលើខ្លួន និងមានក្រដាសសារ មានបិទតែម យ៉ាងអាថ៏កំបាំង មួយសន្លឹក ជាប់នៅលើកន្ទុយ របស់វា  ត្រូវបានប៉ូលិសឥណ្ឌា ចាប់ដាក់ឃុំឃាំង នៅក្នុងគុក ដោយ សង្ស័យថា សត្វព្រាបនេះជា បក្សីស៊ើបការណ៍ និងនាំសារ យ៉ាងសំងាត់ មួយ ក្បាល ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា សត្វព្រាប នេះ ត្រូវបានរកឃើញ ដោយ ក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ កាលពីថ្ងៃពុធនេះ ដោយ សត្វព្រាបនេះ បាន ហោះមក ទុំនៅលើ ផ្ទះក្បឿង មួយខ្នង ក្នុងភូមិ Manwal មានចំងាយ ៤គីឡូម៉ែត្រ ពីព្រំដែនប្រទេស ប៉ាគីស្ថាន ។

ប្រភពដដែល លើកឡើងថា ក្មេងប្រុសជនជាតិឥណ្ឌារូបនេះ  បានឃើញ សារមួយសន្លឹកមានបិទតែម  ជាប់នឹងកន្ទុយ សត្វព្រាប សរសេរជា ភាសា ហិណ្ឌូ (Urdu) ក៏កើតការសង្ស័យ បន្ទាប់មក ក៏ចាប់ សត្វព្រាបនេះ ហើយ រត់យក ទៅប្រគល់ ឲ្យប៉ូលិស នៅប៉ុស្តិ៍ប៉ូលិសក្នុងភូមិ។

បន្ទាប់មក ប៉ូលិស បានពិនិត្យសត្វព្រាបនេះ ហើយ ក៏បានរកឃើញថា ក្រដាសសារ នៅលើ សត្វព្រាប ពិតជាមាន សរសេរ ជាភាសាហិណ្ឌូ និង មាន លេខកូដមួយចំនួនទៀតផង។ បន្ទាប់មក ប៉ូលិសបានយក ព្រាបជាប់សង្ស័យ ថាជាបក្សីស៊ើបការណ៍នេះ ទៅធ្វើអេកូសាស្ត្រ (X-ray) ក្នុងមន្ទីរពេទ្យសត្វមួយកន្លែង ក្នុងក្រុង Pathankot  តែ លោក Rakesh Kaushal ជាមេបញ្ជការ ប៉ូលិសមួយរូប បាននិយាយប្រាប់ថា “គ្មានអ្វីជាការសង្ស័យ ត្រូវបាន រកឃើញ នោះទេ ប៉ុន្តែយើងនឹង ដាក់ឃុំ សត្វព្រាបនេះ នៅក្នុងគុក របស់យើង ” ។  

គួរបញ្ជាក់ដែរថា សត្វព្រាបស ដែលសង្ស័យជា ព្រាបស៊ើបការ មួយក្បាលនេះ ត្រូវបានរកឃើញនៅពេល ក្នុងថ្ងៃ  មានកិច្ចប្រជុំមួយ ដែលធ្វើ ឡើង ដោយ មន្ត្រីប៉ូលីស តំបន់ Punjab និង យោធាឥណ្ឌា នៅក្នុងតំបន់ Punjab ដែល ជាតំបន់មួយ នៅជាប់នឹងព្រំដែន ប្រទេសប៉ាគីស្ថាន ៕


សត្វព្រាបរោម ស ដែលប៉ូលិស ឥណ្ឌា ចាប់ដាក់ឃុំឃាំង ក្នុងគុក


តំបន់ PunJab ស្ថិតនៅជាប់ព្រំប្រទល់ ឥណ្ឌា និង ប៉ាគីស្ថាន 


ប្រភព Dailymail | timesofindia

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]