ភ្នំពេញ៖ មនុស្សគ្រប់រូប សុទ្ធតែចង់បាន អ្វីដែលល្អ សម្រាប់ខ្លួន ក្នុងនោះ ការងារល្អ ក៏ជាអ្វីដែល មនុស្សជាច្រើន ប្រាថ្នាចង់បានផងដែរ តែទន្ទឹមនឹងនេះ ក៏នៅមានមនុស្ស មួយចំនួនទៀត ទទួលបានការងារ ដែលត្រូវប្រើកម្លាំងច្រើន និងការអត់ធ្មត់ខ្ពស់ តែទទួលបាន ប្រាក់កំរៃទាប មកវិញ។ យ៉ាងណាមិញ ការងារទាំងអស់ សុទ្ធតែផ្តល់ ផលឲ្យមនុស្សវិញ ទៅតាមសមត្ថភាព និងការព្យាយាម របស់គេ។

ក្នុងនោះដែរ ការងារជា អ្នកយាមសន្តិសុខ ត្រូវបានយើង មើលដឹងថា ជាប្រភេទការងារ មួយដែល ផ្តល់កំរៃមិនសូវជាខ្ពស់ ប៉ុន្មាននៅឡើយ តែពួកគេត្រូវ តស៊ូ និងអត់ធ្មត់ខ្ពស់ ក្នុងការបំពេញ ការងារប្រភេទនេះ។ ដោយមើលឃើញ បែបនេះទើប ក្រុមការងារ ខ្មែរឡូត របស់យើង បានចុះទៅសាកសួរ ពីអ៊ំប្រុសជា អ្នកសន្តិសុខម្នាក់ ដើម្បីចង់ដឹងថា តើជីវិតដែល ប្រកបរបរ បែបនេះមាន លក្ខណៈយ៉ាងណា?


រូបថត អ៊ុំប្រុស ហឿន កំពុងបំពេញការងារ ពេលយប់

ជួបជាមួយ អ៊ំប្រុស ហឿន ក្នុងវ័យ៦០ឆ្នាំ ទៅហើយ រស់នៅជាយក្រុងភ្នំពេញ ហើយសព្វថ្ងៃជាអ្នកយាម សន្តិសុខ វេនយប់ នៅឯភោជនីយដ្ឋាន មួយកន្លែង បានរៀបរាប់ អំពីពីភាពតស៊ូ និងជីវិត របស់គាត់ នៅក្នុងអាជីពមួយនេះ។

លោកអ៊ំ បានរៀបរាប់ថា «ពេលដែលធ្វើជា អ្នកយាមសន្តិសុខ ហាក់ដូចជា ពិបាកនិង តស៊ូច្រើនបន្តិច ព្រោះថាវេនរបស់ ខ្ញុំគឺនៅពេលយប់ ដូច្នេះហើយ ទោះជាពេលខ្លះ ងងុយប៉ុណ្ណា ក៏មិនហ៊ាន គេងឲ្យលក់ដែរ យ៉ាងច្រើនណាស់ បិទភ្នែកបានមួយភ្លែតៗ ប៉ុណ្ណោះដោយសារ តែថាបើសិន ជាមានហេតុការណ៍ អាក្រក់ណាកើតឡើង ឬក៏មានការ បាត់បង់ឥវ៉ាន់ របស់ហាងគេនោះ ខ្ញុំនេះឯងគឺ ត្រូវចេញលុយសង ហើយប្រាក់ខែខ្ញុំ តែជាង១០០ដុល្លារ ណាមួយត្រូវ បង់ថ្លៃផ្ទះជួល ទឹកនិងភ្លើង ព្រមទាំងអាហារ ព្រោះថាពេលនេះ ខ្ញុំនៅតែម្នាក់ឯង នោះទេ ដូច្នេះបើសិន ជាបាត់របស់អី អញ្ចឹងមែន ខ្ញុំបានលុយឯណា មកសងគេនោះ»

លោកអ៊ំ ហឿន បានបន្តទៀតថា «ម្យ៉ាងវិញទៀត ធ្វើការងារនេះ ត្រូវប្រយ័ត្នគ្រប់ ពេលតែម្តង ព្រោះថាពេលខ្លះ អាចនឹងមាន ហេតុការណ៍គ្រោះថ្នាក់ ណាមួយកើតឡើង នៅកន្លែងរបស់យើង ដូច្នេះយើង ត្រូវតែមាន ការតាំងអារម្មណ៍ គ្រប់ពេលវេលា និយាយរួម គឺខ្ញុំត្រូវតែ អត់ធ្មត់ និងតស៊ូ ចំពោះការងារ មួយនេះ»

បន្ថែមពីនេះទៀត លោកអ៊ំក៏បកស្រាយថា មូលហេតុតែ មួយគត់ដែល គាត់ជ្រើសរើស យកវេនយាមយប់ បែបនេះព្រោះថា គាត់អាចមាន ពេលវេលា នៅពេលថ្ងៃឡើង ឆ្លៀតទៅវត្ត ដើម្បីធ្វើបុណ្យ។ ជាចុងក្រោយ គាត់បានបញ្ជាក់ថា «ខ្ញុំដឹងថា ខ្ញុំត្រូវអត់ធន់ និងលំបាក ច្រើនក្នុង ការងារមួយនេះ តែទោះយ៉ាងណា វាក៏ជាការងារ សុច្ចរិតមួយ ហើយខ្ញុំក៏អាច រកប្រាក់ដើម្បី ចិញ្ចឹមខ្លួនឯង និងយកទៅធ្វើបុណ្យ បានដែរ ជាជាងការទៅ លើកដៃសុំទានអ្នក ដទៃនោះឡើយ»

 

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]