រាជធានីភ្នំពេញ ៖ បុរសម្នាក់ខ្ចីម៉ូតូ ពីមិត្តភក្តិរួមការងារថា ជិះទៅទិញអីមួយ ភ្លែត តែបែរជា យកទៅ បញ្ចាំ ហើយរត់គេចខ្លួន បាត់ប្រាំថ្ងៃ ក្រោយមកត្រូវ ម្ចាស់ម៉ូតូប្រើ ល្បិចលួងលោមឱ្យ ត្រលប់មកវិញ ក៏ឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង ៦ និង២០ នាទីល្ងាច ថ្ងៃទី២៨ ឧសភា នៅចំណុចចំណត រថយន្ត ក្រុងរិទ្ធមុន្នី ផ្លូវម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ អាត រស អាយុ២៤ឆ្នាំ មុខរបរសន្តិសុខ គ្រុមហ៊ុន អ ភី អេស ស៊ីធ្យូរឹធី ខូអិលធីឌី ស្នាក់នៅផ្ទះជួល ម្តុំផ្សារ ឯករាជ្យបី ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយម៉ូតូដែល ត្រូវជនសង្ស័យបោក យកទៅបញ្ចាំ នោះម៉ាកឌ្រីមC១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L 6427 ដែលម្ចាស់ម៉ូតូ ទិញក្នុង តម្លៃ ១.៣៥០ ដុល្លារ។

ជនសង្ស័យដែលឆបោកម៉ូតូនោះ ឈ្មោះ ចែរទិត្យ វិចនាថ អាយុ១៧ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅនៅ បុរីសន្តិភាព២ ផ្ទះលេខ៤៣៧ ភូម៦ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពព័ត៌មានពី បុរសរងគ្រោះបាន ប្រាប់ឱ្យដឹងថា មុនកើតហេតុ នៅថ្ងៃទី២៣ ឧសភា រូបគេ និងជនសង្ស័យ បានទៅធ្វើការ ជាមួយគ្នាដោយយាម អគារមួយនៅ ផ្លូវ៣៧៦ ភូមិ៨ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ជាមួយគ្នា បន្ទាប់មក ជនសង្ស័យបានខ្ចីម៉ូតូ គាត់ថាជិះទៅ ទិញអីមួយភ្លែត តែបាត់ឈឹងមិន  ឃើញត្រលប់មកវិញ ហើយទាក់ទងមិនបាន រូបគេក៏បាន រាយការណ៍ទៅ ខាងក្រុមហ៊ុនសន្តិសុខ និងបានទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគបាល រដ្ឋបាល បឹងកេងកង៣ ។ 

នៅមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានខ្ចីម៉ូតូ ជនរងគ្រោះពិតមែន ហើយម៉ូតូ នោះរូប គេបានយកទៅដាក់ បញ្ចាំនៅ ផ្សារឃ្លាំងរំសេវ ក្នុងតម្លៃ៤០០ដុល្លារ បន្ទាប់ពី បានប្រាក់ រូបគេបានរត់គេច ទៅលាក់ខ្លួននៅ ផ្ទះម្តាយមីងនៅឯក្រុងប៉ោយប៉ែត បានរយៈ ពេល ប្រាំថ្ងៃ ក៏មានខាងក្រុមហ៊ុន សន្តិសុខទាក់ទងទៅគេ ហើយប្រើល្បិច លួងលោមរូបគេ ឱ្យត្រលប់មកវិញ ដោយនិយាយថា បើឈប់ធ្វើ ការហើយ ឱ្យមកយក ឯកសារវិញ ។

ដោយមានការលួងលោមពី សំណាក់គ្រុមហ៊ុនសន្តិសុខ និងអ្នកស្គាល់គ្នាជាញឹកញ៉ាប់ រូបគេក៏ជឿជាក់ ហើយព្រមត្រលប់មកវិញ។ លុះធ្វើ ដំណើរចេញពី ក្រុងប៉ោយប៉ែត មកដល់ចំណុច ចំណតរថយន្តក្រុង នៅទល់មុខអគារ ម៉ុងឌីយ៉ាល់ សង្កាត់បឹងសឡាង ក៏ត្រូវជនរគ្រោះ និងក្រុមសន្តិសុខ ព័ទ្ធចាប់បានយក មកប្រគល់ឱ្យ សមត្ថកិច្ចប៉ុស្តិ៍ បឹងកេងកង៣ តែម្តង៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]