កំពង់ស្ពឺ៖ ដោយសារ តែមិនគោរពសិទ្ធិ អាទិភាព និងការយោគយល់គ្នា ពេលកំពុង បើកបរនោះរថយន្ដ ចំនួន៣គ្រឿង បានប្រជែងគ្នា បើកឆ្លងកាត់ស្ពាន ខាងកើតផ្សារ កំពង់ស្ពឺ ក្រុងច្បារមន លើកំណាត់ ផ្លូវជាតិលេខ៤ បណ្ដាលឱ្យបុកកៀប ជាប់គ្នាទាំង៣គ្រឿង បង្កការកកស្ទះ ចរាចរណ៍ដល់អ្នកដំណើរផ្សេង ទៀតឆ្លងកាត់ ទីនោះរាប់ម៉ោង ។

គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង ដោយសារអ្នក បើករថយន្ដ ដឹកទំនិញទាំង៣គ្រឿង គិតតែចង់ប្រជែង ទៅមុខរៀងៗខ្លួន ហើយ បណ្ដាលឱ្យ បុកកៀបជាប់ កកស្ទះចរាចរណ៍ យ៉ាងដូច្នេះ បានកើតឡើងកាលពី វេលាម៉ោង ៨និង៣៥នាទី ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅចន្លោះគីឡូម៉ែត្រ លេខ៤៧- ៤៨ ត្រង់ចំណុចស្ពានថ្ម ខាងកើតផ្សារកំពង់ស្ពឺ ក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ដែលធ្វើឱ្យ ប្រជាពលរដ្ឋជាច្រើននាក់ ទៅនាំគ្នាចោម រោមមើល ខណៈដែលកម្លាំង សមត្ថកិច្ចបាន ចុះទៅធ្វើការសម្រប សម្រួលនិងអន្ដរាគមន៍ ឱ្យម្ចាស់រថយន្ដ បើករថយន្ដចេញ ពីលើស្ពាន ក្នុងគោលបំណងឱ្យ ចរាចរណ៍អាចដំណើរការ ឡើងវិញ ។

យោងតាមប្រភព ព័ត៌មានពីមន្ដ្រីនគរបាល ចរាចរណ៍ក្រុងច្បារមន បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើង ដោយសារតែ រថយន្ដដឹកកុងតឺន័រ ពីរគ្រឿង បានបើកប្រជែងគ្នា នៅលើស្ពានថ្ម ហើយ ពេលនោះ ខណៈដែលរថយន្ដ កូរ៉េ២តោនកន្លះ បើកឆ្លងកាត់ដែរ ក៏កៀបជាប់ទៅមុខលែង រួចតែម្ដង ហើយគ្រោះថ្នាក់ ចរាចរណ៍នេះក៏ បានធ្វើឱ្យមាន របួសស្រាលចំនួន ៣នាក់ផងដែរ ។

ដោយឡែកប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានឲ្យដឹងថា មុនដំបូង រថយន្ដមួយ គ្រឿងដឹកកុងតឺន័រ ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 3B-1751 ជារបស់ក្រុមហ៊ុន ជញ្ជូនស៊ីថប ធ្វើដំណើរក្នុងទិសដៅពី លិចទៅកើត ដោយឆ្លងកាត់ស្ពាន ពេលនោះ បានកៀបជាប់នឹង រថយន្ដកូរ៉េ ដែលកំពុងធ្វើ ដំណើរបញ្ច្រាសទិសគ្នា ។ ជាមួយគ្នានេះ ក៏មានរថយន្ដ កុងតឺន័រ ដែលបើកពី ក្រោយរថយន្ដរបស់ ក្រុមហ៊ុនស៊ីថប មកពីក្រោយ ដែលជារថយន្ដ ក្រុមហ៊ុនផែស្ងួត តិចស្រ៊ុន ពាក់ស្លាកលេខ ភ្នំពេញ 3B-5115 បើករុលបន្ដ ធ្វើឱ្យ កៀបជាប់ទាំង ៣គ្រឿង តែម្ដង ។

ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍ និងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅយក រថយន្ដទាំង ៣គ្រឿង មករក្សាទុលនៅ ការិយាល័យចរាចរណ៍ រង់ចាំការ ដោះស្រាយបន្ដទៀត ។ ដោយឡែក អ្នកបើករថយន្ដ ទាំងបីគ្រឿង មិនទាន់មានការ បញ្ជាក់អត្ដសញ្ញាណ ពីសមត្ថកិច្ច នៅឡើយទេ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]