កំពង់ឆ្នាំង៖ គោមួយក្បាលត្រូវបាន រថយន្ត តូយ៉ូតា ប្រាដូមួយគ្រឿង បុកងាប់នៅនឹងកន្លែងកើតហេតុ ចំណុចមុខវិទ្យល័យ ព្រះបាទ សុរាម្រឹត លើកំណាត់ផ្លូវជាតិ លេខ៥ស្ថិតក្នុង ភូមិទួលក្រឡាញ់ សង្កាត់ កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ៦និង ១០នាទីព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៥  ខណៈដែលគោ១ក្បាល នោះត្រូវបានម្ចាស់ ដេញឆ្លងថ្នល់ ។

ក្រោយពេលកើតហេតុ បុកគោខាងលើងាប់ បណ្តាលអោយខូចខាត រថយន្តផ្នែកខាងមុខ ម្ចាស់រថយន្ត បានទារសំណងពីម្ចាស់គោ ចំនួន៥០០ដុល្លារ ដើម្បីជួសជុលរថយន្ត ប៉ុន្តែក្រោយមកដោយមាន ការសម្របសម្រួល ត្រូវរ៉ូវគ្នាម្ចាស់គោសងត្រឹម៨០ម៉ឺនរៀល ដើម្បីបញ្ចប់រឿង។

នគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា រថយន្តបុកគោតូយ៉ូតាប្រាដូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ AT15 -2.0222  ជារថយន្ត ក្រុមហ៊ុនធ្វើផ្លូវ របស់ក្រុមហ៊ុនចិន បើកបរដោយបុរសឈ្មោះ  សៀង ណារុន អាយុ៥១ឆ្នាំ មានទីលំនៅខេត្តស្ទឹងត្រែង ចំណែកម្ចាស់គោ ខាងលើនេះមានឈ្មោះ  គឹម ចាន់ធឿន អាយុ៥២ឆ្នាំ មានទីលំនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ  ក្រុងកំពង់ឆ្នាំង។ រថយន្តប្រាដូ ខាងលើបាន បើកពីភ្នំពេញ ទៅខេត្តបាត់ដំបង ក្នុងដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែ មានគោមួយក្បាល ដើរមុខគោមួយ ហ្វូង បានស្ទុះរត់ឆ្លងថ្នល់ ពីលិចទៅកើត  ក៏ត្រូវរថយន្តបុក បណ្តាលអោយងាប់ ភ្លាមនៅកន្លែងកើតហេតុ ចំណែករថយន្តបានរងការ ខូតខាតផ្នែក ខាងមុខមួយ ជំហៀង។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ម្ចាស់គោខាងលើនេះ ត្រូវរថយន្តបុកគោរបស់គាត់ងាប់ ចំនួន ២លើក ហើយ គិតទាំងលើកនេះផង ហើយបុក នៅតែកន្លែងដដែលៗនេះ ដែលនៅ ចំណុចផ្លូវគោ ឆ្លងកាត់នេះ ក៏មានផ្លាកសញ្ញាដាក់ សំគាល់ថាជាផ្លូវគោឆ្លងកាត់ដែរ  តែខុសត្រង់ថា ច្បាប់តម្រូវ អោយ ម្ចាស់គោ ដឹកគោឆ្លងកាត់  តែនេះគោបោលចូលរថយន្តកំពុង បើកបរមិនអាចគេចទាន់  ទើបតាមច្បាប់ ត្រូវតែអោយម្ចាស់គោសង សំណង ទៅខាងរថយន្ត។

អ្នកបើកបររថយន្តខាងលើបានអោយដឹងថា គាត់ជាបុគ្គលិកក្រុមហ៊ុនធ្វើផ្លូវរបស់ក្រុមហ៊ុនចិន ព្រឹកថ្ងៃនេះ គាត់ត្រូវធ្វើដំណើរទៅពិនិត្យ អាងទឹក កំពីងពួយ នៅខេត្តបាត់ដំបង  តែពេលមកដល់ ចំណុចកើត ហេតុស្រាប់តែគោមួយ ក្បាលខាងលើ ក្នុងចំណោមគោជាច្រើនក្បាល បានស្ទុះឆ្លង ថ្នល់ធ្វើអោយគាត់ គេចមិនផុត ក៏បុកវាស្លាប់តែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំយករថយន្ត និងសត្វគោងាប់ ព្រមទាំងហៅម្ចាស់គោ ដើម្បីសម្របសម្រួលគ្នា ជាមួយម្ចាស់ រថយន្ត  ដោយត្រូវ ម្ចាស់រថយន្តទារសំណង ការខូចខាតរថយន្ត ចំនួន៥០០ដុល្លារ ហើយម្ចាស់គោបានសុំសងតែ៦០ម៉ឺនរៀល តែប៉ុណ្ណោះខណៈដែលចាម កាប់គោអោយតម្លៃគោងាប់នោះត្រឹម១លានរៀលទេ។ ម្ចាស់រថយន្តមិនព្រម  ក្រោយមកម្ចាស់គោបាន ថែមលុយ ដោយព្រមសង៨០ម៉ឺនរៀល ទើបត្រូវរ៉ូវគ្នាបញ្ចប់រឿង៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]