ភ្នំពេញ៖ នៅថ្ងៃទី២៧-២៨ ខែឧសភា ឆ្នាំ២០១៥នេះ កម្ពុជា បានបណ្តេញជនជាតិវៀតណាម ៦៨នាក់ ឲ្យត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីរកឃើញថា ពួកគេលួចចូលមករស់នៅ និងធ្វើការនៅកម្ពុជា ដោយគ្មានច្បាប់  និងលិខិតស្នាមអ្វីទាំងអស់។

លោក អ៊ុក ហៃសិលា ប្រធានផ្នែកស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា ជនជាតិវៀតណាម ២១នាក់ ត្រូវបានបញ្ជូនចេញតាម ច្រកទ្វារអន្តរជាតិបាវិត នៅថ្ងៃទី២៨ ខែឧសភា ឆ្នំា២០១៥។ ជនជាតិ វៀតណាមទាំង ២១នាក់ ត្រូវបានប្រមូល  មកពីខេត្តព្រះសីហនុ សៀមរាប និង រាជធានីភ្នំពេញ។

ដោយឡែកជនជាតិវៀតណាម ៤៧នាក់ទៀត ត្រូវបានកម្លាំងនគរបាលខេត្តក្រចេះ បញ្ជូនតាមច្រក ត្រពាំងស្រែ  កាលពីថ្ងៃទី២៧ ខែ ឧសភា បន្ទាប់ពី ពួកគេបានមក លួចសម្ងំលាក់ខ្លួនធ្វើ ជាកម្មករនៅក្នុងចម្ការម្រេច នៅក្នុងខេត្ត ក្រចេះ។

លោក អ៊ុក ហៃសិលា បានបន្តថា ការបញ្ជូនជនជាតិវៀតណាម ត្រឡប់ទៅប្រទេសខ្លួនវិញនេះ បានធ្វើឡើង ដោយគោលការណ៍ គោរពសិទ្ធិ មនុស្ស ពោលជនអន្តោប្រវេសន៍វៀតណាមទាំងអស់ មានអាជ្ញាធរវៀតណាម មក  ទទួលត្រឹមត្រូវ។ «មិនបានដឹកយកទៅ ចាក់ចោល ច្រងាំ ច្រងិល ដូចថៃដឹកបញ្ជូនពលករខ្មែរ មកចាក់ចោលដូច ពេលកន្លងទៅនោះទេ»។

បើតាមលោក អ៊ុក ហៃសិលា ចាប់តាំងពីចុងឆ្នាំ២០១៤ រហូតមកដល់ខែឧសភា ឆ្នាំ២០១៥នេះ ជនជាតិវៀតណាម ដែលរស់ដោយខុស ច្បាប់នៅ កម្ពុជាជិត ២.០០០នាក់ហើយ ត្រូវបានបញ្ជូន ត្រឡប់ទៅប្រទេសកំណើត  របស់ខ្លួន។

លោក អ៊ុក ហៃសិលា ក៏បានបញ្ជាក់ជំហររបស់មន្រ្តីនគរបាល អន្តោប្រវេសន៍ផងដែរថា នឹងបន្តដូចភ្លៀង រលឹមក្នុង ការបោសសំអាតជនបរទេស គ្រប់ជាតិ សាសន៍ ដែលរស់នៅដោយ ខុសច្បាប់នៅកម្ពុជា មិនមែនតែជនជាតិវៀតណាមនោះទេ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]