ភ្នំពេញ៖ ឃាតកម្មរឹតកសម្លាប់បុរសម្នាក់យកទៅបោះចោល ក្បែរប្រឡាយទឹកតាមបណ្ដោយ ផ្លូវលេខ៣៧១ ក្នុង  ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នោះ ត្រូវបានកម្លាំងកងរាជ អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវ និង លាតត្រដាងការពិត ហើយ។ កម្លាំងកងរាជអាវុធហត្ថ ក៏បានឈានទៅ យករថយន្តជនរងគ្រោះ ដែលត្រូវជនសង្ស័យ យកទៅបញ្ចាំនៅ ខេត្តកណ្តាលផងដែរ។

យោងតាមប្រភពពីសមត្ថកិច្ច បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៥ ឲ្យ ដឹងថា ក្រោយកើតករណីនេះ កម្លាំង សមត្ថកិច្ចចម្រុះបានស្វះស្វែងស្រាវជ្រាវ និងឈានដល់ ការឃាត់ខ្លួនជន សង្ស័យម្នាក់ ហើយក៏ឈានទៅរកឃើញរថយន្ត ជនរងគ្រោះ ដែលត្រូវ ជនសង្ស័យទៅបញ្ចាំនៅកន្លែងវេរប្រាក់វីង  នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច រថយន្តកាមរីឆ្លាម ស៊េរីឆ្នាំ២០០៧ របស់ជនរងគ្រោះ ត្រូវបានជនសង្ស័យ យកទៅ  បញ្ចាំចំនួន ៥.០០០ដុល្លារ។ សមត្ថកិច្ច បានបញ្ជាក់ថា ករណីឃាតកម្មនេះ ជាការធ្វើឃាតប្លន់ យកទ្រព្យសម្បត្តិ  មិនមែនជាករណីអ្វីផ្សេងនោះទេ។

បើតាមសមត្ថកិច្ច ក្រៅពីរថយន្ដ ទូរស័ព្ទម៉ាកអាយហ្វូនស៊ិចផ្លើ និងណូគាពីរគ្រឿង ខ្សែកខ្សែដៃ និងចិញ្ជៀន ពេជ្រ  ក៏ត្រូវបានគេប្លន់យកផងដែរ។

សូមបញ្ជាក់ថា សពជនរងគ្រោះឈ្មោះ ស្រ៊ុន សុភក្ដិ អាយុ ៣៥ឆ្នាំ ត្រូវបានគេប្រទះឃើញ ក្បែរប្រឡាយទឹកតាម បណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិ អូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០  ១៥។ ជនរងគ្រោះ មានលំនៅឋានក្នុងភូមិព្រែកតានូ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ ជនរងគ្រោះទើបនឹង  បានបួសមុខភ្លើងសងគុណឪពុកម្ដាយ នាពេល ថ្មីៗនេះផងដែរ។

មុនពេលឈានដល់ប្រទះឃើញសព ជនរងគ្រោះបានបាត់ដំណឹងមួយយប់ មិនឃើញចូលផ្ទះទេ បន្ទាប់ពីទៅ ចូលរួមមង្គលការនៅ កោះពេជ្រ ហើយទូរស័ព្ទក៏ហៅមិនចូលផងដែរ។ ជនរងគ្រោះ ជាបុគ្គលិកនៅក្រុមហ៊ុនកាក់ វ៉ៃហួ និងជាអ្នករត់ការឯកសារនៅក្រសួង ពាណិជ្ជកម្ម៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]