ចិន៖ រឿងហេតុដែល មិនគួរកើត តែវាបានកើតឡើង ទៅហើយដែល ក្មេងប្រុសម្នាក់ បានលង់ទឹក ស្លាប់ខណៈដែល មិត្តភក្តិរបស់គេ ជាច្រើននាក់ ឈរនៅលើច្រាំង ថតវីដេអូសើចសប្បាយ និងមិនព្រម ចុះទៅជួយសង្រ្គោះ ក្មេងម្នាក់នោះ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្មេងប្រុសរងគ្រោះ ម្នាក់នោះឈ្មោះថា Mao Mao អាយុ១៥ឆ្នាំ បានស្លាប់បាត់បង់ ជីវិតដោយសារ តែលង់ទឹកនៅក្នុង ទន្លេហួណាន នៃប្រទេស ចិន។ ក្នុងនោះដែរ ទិដ្ឋភាពដែល ក្មេងប្រុស Mao Mao លង់ទឹកនោះ ត្រូវបានថតជាវីដេអូ ដោយទូរស័ព្ទដៃ របស់មិត្តភក្តិ គេម្នាក់ដែល ឈរនៅលើច្រាំង។

បើយើងមើលតាម វីដេអូនោះយើង នឹងឃើញថា Mao Mao បានលង់ទឹក ហើយខណៈពេល នោះរូបគេ ប្រឹងស្រវេស្រវា ងើបផុតពីទឹក ដើម្បីស្រែក ឲ្យគេជួយដែរ តែរូបគេមិនអាច ស្រែកបាន នោះឡើយ ហើយស្របពេលនោះ មិត្តភក្តិរបស់គេ ប្រហែលជា ៤ទៅ៥នាក់ ក៏បានឈរ នៅលើច្រាំង ក្បែរកន្លែងដែល Mao Mao លង់ទឹកដែរ តែពួកគេស្មានថា នោះគ្រាន់តែជា កាយវិការ កំប្លែងរបស់ គេតែប៉ុណ្ណោះ ទើបនាំគ្នាសើច និងថតវីដេអូ ដោយមិនព្រម ចុះទៅជួយស្រង់ គេឲ្យផុត ពីទឹកនោះឡើយ។

ក្នុងវីដេអូនោះ ផងដែរក៏ មានឮនូវពាក្យសម្តី របស់គេមិត្តម្នាក់ បានស្រែកឡើងថា “Mao Mao ឯងមិនទាន់ស្លាប់ទេ?” រួចហើយក្មេង ទាំងនោះក៏នាំ គ្នាសើចបន្តទៀត តែម្តងទៅ។ មិនយូរប៉ុន្មាន Mao Mao ក៏បានលិច ចូលទៅក្នុងទឹកទន្លេ នោះសន្សឹមៗ ដោយគ្មានការ ជួយណាមួយ ពីសំណាក់ មិត្តភក្តិរបស់គេឡើយ។

យ៉ាងណាមិញ ផ្អែកលើរបាយការណ៍ បានឲ្យដឹងថា មានសិស្សម្នាក់ ដែលរៀននៅ សាលាជាមួយនឹង Mao Mao បាននិយាយថា “ព្រោះតែ Mao Mao ជ្រើសរើសទៅ ហែលទឹកនៅ ទន្លេនោះ ទើបនៅពេល ដែលគេលង់ទឹក មិត្តភក្តិទាំងអស់ របស់គេស្មានថា នោះជាការ កំប្លែងលេង ទើបពួកគេមិនចុះ ទៅជួយបែបនេះ តែម្តងទៅ”។ ទោះយ៉ាងណាក៏ដោយ ក្រុមប៉ូលីសកំពុង តែធ្វើការ ស៊ើបអង្កេត ជុំវិញករណីមួយនេះ ផងដែរ៕


ស្ថានភាពដែល Mao Mao កំពុងស្រវេស្រវា រកគេជួយខ្លួន

ប្រភព៖ Shanghaiist

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]