ឧត្ដរមានជ័យ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃ នេះរូបភាពនៃ ការប្រមាញ់សត្វព្រៃ ដូចជា ទន្សាយ ឈ្លូស ជ្រូកព្រៃ ជាដើម ត្រូវគេ បង្ហោះចែកចាយ នៅលើបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក យ៉ាងខ្លាំង ដែលធ្វើឱ្យមជ្ឈដ្ឋាន ខ្លះបង្ហាញការ ព្រួយបារម្ភពីភាពវិនាស ហិនហោច នៃសត្វព្រៃទាំងនោះ បើសិនជា អាជ្ញាធរសមត្ថកិច្ច និងមន្ដ្រីពាក់ព័ន្ធ ជាពិសេស អង្គភាពរដ្ឋបាលព្រៃឈើ ឬក្រុម អភិរក្សសត្វព្រៃ មិនបានចាត់ វិធានការឱ្យ ទាន់ពេលវេលានោះទេ ។

តាមការបង្ហាញរូបភាព នៃការទាក់សត្វ ព្រៃរបស់ឈ្មួញ និងប្រជាពលរដ្ឋមួយចំនួន ដែលត្រូវបង្ហោះ ចែកចាយនៅ លើបណ្ដាញ សង្គមហ្វេសប៊ុក គឺកើតមានឡើងនៅក្នុងទឹក ដីស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ។ នៅក្នុងរូបភាពទាំងនោះ គេបានឃើញ សត្វទន្សាយ និងសត្វឈ្លូស ជាច្រើនក្បាល ត្រូវបានគេយកចេញ ពីក្នុងព្រៃ ហើយដាក់ លក់ឱ្យឈ្មួញ នៅទីនោះយ៉ាង អនាធិបតេយ្យ ពុំមានការខ្លាចរអា និងសមត្ថកិច្ចឬអាជ្ញាធរ នោះឡើយ ។

បើទោះបីបែបនេះក្ដី មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនទាន់អាចស្វែងរក ព័ត៌មានលំអិតថា តើសកម្មភាពទាក់ សត្វព្រៃទាំងនេះ កើតឡើងពីពេលណា នោះឡើយ និងធ្វើឡើងនៅតំបន់ ណាឱ្យពិត ប្រាកដដែរ គ្រាន់តែដឹងថា នៅក្នុងទឹកដីស្រុក ត្រញំងប្រាសាទ ប៉ុណ្ណោះ ។ ជុំវិញរូបភាពនៃ ការសម្លាប់សត្វព្រៃ ដោយគ្មានការ ទប់ស្កាត់យ៉ាងដូច្នេះ ត្រូវបានមន្ដ្រី រដ្ឋាភិបាលមួយរូប បង្ហាញការព្រួយបារម្ភ យ៉ាងខ្លាំង មិនគួរឱ្យកើតមាន សកម្មភាពបែបនេះទៀត នៅតាមតំបន់ទាំងនោះ និងទូទាំងប្រទេស ហើយអំពាវនាវ ជាបន្ទាន់ឱ្យ ស្ថាប័ននិង អាជ្ញាធរពាក់ព័ន្ធ ត្រូវចាត់វិធានការ ភ្លាមៗផងដែរ។

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ក៏មិនទាន់អាច ស្វែងរកការបកស្រាយ និងពន្យល់ពីមន្ដ្រី រដ្ឋបាលព្រៃ នៅតំបន់នោះឡើយ ដោយសារ តែគ្មានលេខ ទំនាក់ទំនង ។ ប៉ុន្ដែសម្រាប់ ករណីនេះ ស្នងការនគរបាល ខេត្ដឧត្ដរមានជ័យ លោកឧត្ដមសេនីយ៍ ម៉ែន លី បានទទួលស្គាល់ថា លោកក៏បានឃើញពីការ បង្ហោះនៃការសម្លាប់ សត្វព្រៃទាំងនេះ តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ផងដែរ ។

លោកឧត្ដមសេនីយ៍ បានបញ្ជាក់ថា និង បញ្ជាឱ្យអធិការនគរបាល ស្រុករាយការណ៍ពី ព័ត៌មានលំអិត ប្រាប់លោក ដើម្បីមានវិធាន ការបន្ដទៀត ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]