រាជធានីភ្នំពេញ ៖  បុរស-នារី៤នាក់ ជិះម៉ូតូមួយគ្រឿង មកអង្គុយលេង នៅសួនច្បារមុខ ណាហ្គាវើល ក៏ត្រូវក្រុមចោរ មួយក្រុម មានគ្នា ប្រមាណ១០នាក់ បានធ្វើសកម្មភាព ព្រួតវាយប្លន់យកម៉ូតូ ទៅដោយសុវត្តិភាព ដែលហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង២ និង២០នាទី រំលងអធ្រាត្រ ថ្ងៃទី២៨ ឧសភា ២០១៥ ស្ថិតត្រង់ចំណុច សួនច្បារ មុខណាហ្គាវើល ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះ ជាម្ចាស់ម៉ូតូ ឈ្មោះ ហុញ ភក្ដី ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកធ្វើការសំណង់ មានស្រុកកំណើត ស្រុកជុំគិរី ខេត្តកំពត ហើយម៉ូតូ ដែលត្រូវចោរប្លន់ ទៅនោះ ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ព្រោះជនរងគ្រោះ ទើបយកពីម្ដាយ នៅឯខេត្តកំពត មកជិះលេង ដោយម្ដាយខ្លួន មិនដឹងនោះទេ ។

ជនរងគ្រោះ បានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ រូបគេ និងមិត្តភក្តិ ទាំង៤នាក់ បបួលគ្នាឡើងមក លេងរាជធានីភ្នំពេញ ដោយជិះម៉ូតូ មួយគ្រឿង ចេញពីម្ដុំ រោងចក្រ៦ជាន់ ផ្លូវវេងស្រេង ឆ្ពោះមកអង្គុយលេង នៅសួនច្បារ នៅមុខណាហ្គាវើល ។ គ្រាន់តែឈប់ម៉ូតូ អង្គុយលេង មិនទាន់បាន ១០នាទីផង ក៏លេចមុខ ក្រុមចោរ មួយក្រុម មានគ្នាប្រមាណ១០នាក់ បានរោមពួកគេ ហើយបាននិយាយ មកកាន់រូបគេថា ហ្អែងមានលុយ ២ម៉ឺនរៀលអត់ ឱ្យអញ សុំយកទៅ ជក់ទឹកកក (ថ្នាំញៀន ប្រភេទ ខេទឹកកក) រូបគេក៏ប្រាប់ថា អត់មានទេ ស្រាប់តែក្រុមចោរ ទាំងនោះ ព្រួតវាយ មកលើរូបគេ បណ្ដាលឱ្យរងរបួស ហើយបាន ប្លន់យកម៉ូតូ តែត្រូវរូបគេ ខំប្រតាយប្រតប់ យកសោម៉ូតូ បានមកវិញ ប៉ុន្តែក្រុមចោរ នៅតែយកម៉ូតូ ទៅដដែល ដោយបណ្ដើរ យកទៅ ដោយសុវត្ថិភាព ។

ទោះបីជនរងគ្រោះ ខំស្រែកឱ្យគេជួយ ក៏គ្មានអ្នកណា មកជួយដែរ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]