រាជធានីភ្នំពេញ ៖ កម្លាំងប៉ូលិស នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងប៉ូលិស ខណ្ឌដង្កោ ដឹកនាំដោយ លោកលោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការប៉ូលិសខណ្ឌ បានដេញស្ទាក់ ចាប់ខ្លួនបុរសម្នាក់ ដែលជាប់ពាក់ព័ន្ធ នឹងរឿងក្លែងឯកសារ។

ការដេញចាប់នោះ បានបង្កឲ្យមាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំង ព្រោះជនសង្ស័យ បានព្យាយាម បើករថយន្ត ម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ១គ្រឿង រត់គេចខ្លួន មិនព្រមឲ្យចាប់ តាមសម្រួលនោះឡើយ។

ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី២៧ ឧសភា ២០១៥ នៅក្នុងបរិវេណ សាលាបឋមសិក្សាដង្កោ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ជនសង្ស័យដែលត្រូវ ចាប់ខ្លួននោះ ក៏ជាមន្ត្រីប៉ូលិស ម្នាក់ដែរ និងត្រូវបានគេស្គាល់ ឈ្មោះ ហ៊ុន ហ៊ន អាយុ៤៧ឆ្នាំ មានឋានន្តរស័ក្តិ អនុសេនីយ៍ឯក អត្ថលេខ៣៣៩៩០ ឋានៈជានាយរង ផ្នែកការពារ គោលដៅ បច្ចុប្បន្នរស់នៅ ផ្ទះលេខ១០៩B ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ  ជិះរថយន្តម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ និងមានបំពាក់ ស៊ីរ៉ែនពីលើ ព្រមទាំងពាក់ ស្លាកលេខ នគរបាល 2-0289 ទៀតផង។

មន្ត្រីប៉ូលិសខណ្ឌដង្កោ បានឲ្យដឹងថា មុនពេលមាន ការភ្ញាក់ផ្អើល កម្លាំងប៉ូលិស ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដេញតាម ចាប់ជនសង្ស័យ ខាងលើ ខណៈកំពុង ជិះរថយន្ត ម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ចេញពីម្តុំម៉ុងឌីយ៉ាល់។ ខណៈនោះ បានបង្កឲ្យមាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំង ព្រោះជនសង្ស័យ ជិះរថយន្ត មានបំពាក់ស៊ីរ៉ែន និងពាក់ស្លាកលេខ នគរបាលបែបនេះ ពេលនោះជនសង្ស័យ បានព្យាយាម បើករត់គេចខ្លួន រហូតមកដល់ ក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ។

ភ្លាមៗ ប៉ូលិសព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានសុំឲ្យកម្លាំងប៉ូលិស ខណ្ឌដង្កោ ជួយសហការ ហើយលោក វរសេនីយ៍ទោ ជឹម ស៊ីថា អធិការប៉ូលិស ខណ្ឌដង្កោ បានបញ្ជាឲ្យ កម្លាំងចេញជួយ ស្ទាក់ចាប់បាន នៅក្នុងបរិវេណ សាលាបឋម សិក្សាដង្កោ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយដកហូត កាភ្លើងខ្លី ម៉ាកកា៥៤ មួយដើម ផងដែរ ។

ក្រោយពីចាប់ខ្លួនបានហើយ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច នាំទៅកាន់អធិការដ្ឋាន ប៉ូលិសខណ្ឌដង្កោ ដើម្បីសួរនាំ ទើបដឹងថា ជនសង្ស័យរូបនេះ ជាប់ពាក់ព័ន្ធ ទៅនឹងករណី ក្លែងឯកសារ និងក្រដាស់ ពន្ធលក់រថយន្ត ម៉ាកឡង់គ្រីស្ស័រ ស៊េរីឆ្នាំ២០១៣ មួយគ្រឿង បន្ទាប់មក បាននាំខ្លួន ជនសង្ស័យរូបនោះ ទៅធ្វើការសាកសួរ៕










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]