-ចំណូលពន្ធគយថ្ងៃពុធនេះ បានជាង ៥ពាន់លានរៀល

ភ្នំពេញ ៖ លោក ឈួន ហៃ ប្រធានស្នាក់ការគយច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានថ្លែង ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹង នៅព្រលប់ថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០១៥ថា ស្ថានភាពចរាចរណ៍ទំនិញហាក់មានសភាព ធម្មតាដូចដើមទាំងអស់ ប៉ុន្តែ ហាក់បី ដូចជា ពុំឃើញមានវត្តមានកម្មករអូសរទេះដែលបានចូលរួមបាតុកម្ម បង្កជាហិង្សា កាលពីថ្ងៃចន្ទប៉ុន្មានទេ ដោយលោកសន្និដ្ឋានថា ប្រហែលជាពួកគាត់ មានការភ័យខ្លាច ឬក៏ពុំមានទំនិញដែលត្រូវដឹក ជញ្ជូនពីខាងប្រទេសថៃចូលមកខាងកម្ពុជា ។ ទន្ទឹមជាមួយគ្នានេះ លោកបានឲ្យដឹងថា ចំណូលពន្ធគយសម្រាប់ថ្ងៃ ពុធនេះ ខាងភ្នាក់ងារគយរបស់លោកប្រមូលបានជាង ៥ពាន់លានរៀល (ជាង១លាន ដុល្លារសហរដ្ឋអាម៉េរិក)។

លោក ឈួន ហៃ បានថ្លែងឲ្យដឹងថា ខាងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត បានចុះមកស្រាវជ្រាវ និងប្រមូលព័ត៌មាន ព្រមទាំងភស្តុតាង ផ្សេងៗ ទាក់ទិនទៅនឹងបាតុកម្មដោយហិង្សា ពីសំណាក់កម្មករ អូសរទេះជាង ១០០នាក់ ដែលលោកបាន ហៅថា ពួកគាត់ជាជនងាយ រងគ្រោះ ពី សំណាក់ ឈ្មួញទុច្ចរិតគេចពន្ធដើម្បីស៊ើបអង្កេតបន្តទៅតាមនីតិវិធីច្បាប់ ប៉ុន្តែលោកបានបដិសេធ ប្រាប់ព័ត៌មាន លំអិតដែលថា នេះមិនមែនជា ជំនាញ របស់លោក ។

លោកអភិបាលខេត្តបន្ទាយមានជ័យ គោស៊ុំ សារឿត បានថ្លែងឲ្យដឹងថា លោកសុំឲ្យស្ថាប័ន មាន សមត្ថកិច្ច របស់ខេត្តស្រាវជ្រាវរកបុគ្គល ដែល ពាក់ព័ន្ធបង្កឲ្យ មានផ្ទុះអំពើហិង្សា ពីសំណាក់កម្មករអូសរទេះ ដែលទាមទារឲ្យមន្រ្តីគយមិន យកពន្ធលើទំនិញដែលពួកគេនាំចូល ពីប្រទេសថៃ ហើយ ដែលព្រឹត្តិការណ៍ នោះបានបង្កឲ្យមានការរងរបួសដល់ កម្មករអូសរទេះ និងសន្តិសុខទីស្នាក់ការគយ ។

លោក ឈួន ហៃ បានពន្យល់អំពីចំណូលពន្ធគយដែលមានការកើនឡើងនេះថា មកពីមានទំនិញ ចេញពីរោងចក្រ ច្រើននៅក្នុងប្រទេសថៃ ជាពិសេស រថយន្តតែម្តង ដែលនាំចូលក្នុងប្រទេសកម្ពុជា ដូចជា រថយន្ត ម៉ាសដា, អ៊ីហ្សុយហ្សុយ, នីសាន់ និងវីហ្គោជាដើម ។ ចំណូលពន្ធ ដែលបានច្រើន ច្រើនតែមាននៅចន្លោះពីថ្ងៃពុធ ដល់ថ្ងៃសុក្រ ហើយថា ច្រើនតែមាននៅចុងខែ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]