កាលពីពេលកន្លងទៅនេះ អ្នកនិយមប្រើប្រាស់ អ៊ីនធឺណែត រាប់លាននាក់ នៅជុំវិញពិភពលោក មានការភ្ញាក់ផ្អើល និងងឿងឆ្ងល់ ចំពោះល្បែង ខ្មោចខ្មៅដៃ ឆាលី ឆាលី ឬ “Charlie Charlie Challenge” ជាខ្លាំង និងមានមនុស្ស ជាច្រើន បានធ្វើការ សាកល្បង លេងល្បែងនេះ ផងដែរ។

ល្បែងខ្មោចខ្មៅដៃ ឆាលី ឆាលី ឬ “Charlie Charlie Challenge” នេះ គឺជាល្បែងមួយ ដែលពាក់ព័ន្ធ នឹងការបង្វិល ដោយឯកឯង នៃខ្មៅដៃ មួយដើម ទៅលើពាក្យ “Yes” ឬ “No” ដែលបានសរសេរ នៅលើក្រដាសមួយសន្លឹក។ អ្នកលេងល្បែងនេះ ត្រូវសួរសំណួរ ទៅកាន់ឈ្មោះ Charlie ថា “ឆាលី ឆាលី តើអ្នកនៅទីនេះទេ?” ឬ “Charlie Charlie, Are you here?” ក្នុងគោលបំណង ឲ្យឈ្មោះ Charlie នេះឆ្លើយតបវិញ ដែលឈ្មោះ Charlie នេះ ត្រូវបានគេជឿជាក់ថា គឺជាខ្មោច ឬបិសាច មកពីប្រទេសមិចស៊ីកូ។ ប្រសិនបើខ្មោច Charlie ពិតជានៅទីនោះមែន (កន្លែងដែលអ្នកកំពុងសួរ) ខ្មៅដៃនឹងបង្វិល ដោយឯកឯង ទៅកាន់ពាក្យ “Yes” ពេលនោះហើយ ជាពេលវេលា ដ៏រន្ធត់បំផុត។

គួរឲ្យដឹងផងដែរថា មានប្រភពមួយចំនួន បានអះអាងថា ល្បែងខ្មោចខ្មៅដៃ ឆាលី នេះ មានគ្រោះថ្នាក់ណាស់។ សារព័ត៌មាន Washingtonpost របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្មោចឆាលី នឹងលងបន្លាច អ្នកលេងល្បែងនេះ ដែលបានលេងហើយ មិននិយាយ ពាក្យលា (Goodbye) មុនពេលពួកគេ បញ្ឈប់ល្បែងនេះ។

“បញ្ឈប់ការលេងល្បែង ឆាលី នេះជាបន្ទាន់! នៅពេលដែលអ្នក លេងល្បែងនេះ មានន័យថា អ្នកបានអនុញ្ញាត ឲ្យខ្មោចឆាលី ចូលមកជីវិត របស់អ្នក។ ខ្មោច ឬបិសាចនេះ មានឥទ្ធិពល ខ្លាំងណាស់ វានឹងមិនចាកចេញ ពីអ្នកឡើយ រហូតដល់អ្នកស្លាប់។” នេះជាសារដាស់តឿនមួយ ដែលត្រូវបានប្រទះ នៅលើបណ្តាញអ៊ីនធឺណែត។

យោងតាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា មនុស្សជាង២លាននាក់ បានប្រើប្រាស់សញ្ញា #CharlieCharlieChallenge នៅលើបណ្តាញ សង្គមនានា ក្នុងរយៈពេល ត្រឹមតែ ៤៨ម៉ោងប៉ុណ្ណោះ។ កាលពី៣ថ្ងៃមុន នៅលើបណ្តាញសង្គម Twitter មានគណនេយ្យមួយ ឈ្មោះថា @_kluh គឺជាអ្នក ប្រើប្រាស់សញ្ញា #CharlieCharlieChallenge នេះ មុនដំបូងគេបង្អស់។

ជាមួយគ្នានេះដែរ សញ្ញាមួយនោះ ក៏ចាប់ផ្តើមរីកដុះដាល និងពេញនិយម ខ្លាំងឡើងៗ ពាសពេញបណ្តាញ សង្គមធំៗ នានា នៅសហរដ្ឋអាមេរិក។

មានរបាយការណ៏ជាច្រើន បានអះអាងថា ល្បែងខ្មោចឆាលីនេះ មានដើមកំណើតមកពី ប្រទេសមិចស៊ីកូ ប៉ុន្តែល្បែងមួយនេះ មិនមានអ្វីទាក់ទង ទៅនឹងទំនៀមទំលាប់ ឬប្រទេសមិចស៊ីកូ ឡើយ។

“មិនមានខ្មោច ឬបិសាច ឈ្មោះ ឆាលី ឡើយ នៅក្នុងប្រទេសមិចស៊ីកូ។ រឿងព្រេងមិចស៊ីកូ ភាគច្រើន កើតចេញពី ប្រវត្តិសាស្រ្តបុរាណ Aztec និង Maya ឬកើតចេញពីជំនឿ របស់មនុស្សជាច្រើន ដែលបានកើតឡើង ក្នុងអំឡុង ការដណ្តើម បានជ័យជំនះ របស់ប្រទេស អេស្ប៉ាញ” នេះបើយោងតាម អ្នករាយការណ៏ របស់សារព័តមាន BBC នាង Maria Elena Navez៕

ប្រភពពី Telegraph | Washingtonpost

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]