ភ្នំពេញ៖ បើតាមគេហទំព័ររបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុមឃាតករ ដែលបាន សម្លាប់កូនប្រុស ថៅកែនំប័ុង ហេងចេង នឹងត្រូវ ប្រកាស សាលក្រម នាថ្ងៃទី ២២ ខែមិថុនា ខាងមុខនេះ។

យ៉ាងណាមិញ ក្រុមសមត្ថកិច្ច បានធ្វើការចាប់ខ្លួន ក្រុមឃាតករ ៣នាក់ ដែលជាប់ពាក់ព័ន្ធ ទៅនឹង ការសម្លាប់ កូនប្រុស ថៅកែនំប័ុង ហេងចេង គិតទុក ជាមុន និងជាប់ចោទពី បទបង្ខាំង មនុស្សខុសច្បាប់ ហើយ ត្រូវបាន អនុរក្សពន្ឋនាគារខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥ បញ្ជូនមកតុលាការដើម្បីបើកសវនាការកាត់ទោស ។ ក្រោយការសួរដេញដោល តុលាការបានលើក ពេលប្រកាសសាល ក្រមទៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខនេះវិញ ។

សវនាការនេះ ដឹកនាំដោយលោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូង ខេត្តកណ្តាល និង ជាប្រធាន ក្រុមប្រឹក្សាជំនុំជម្រះ លោក ទី សំណាង លោក អ៊ី សុវណ្ណ ជាសមាជិក និង លោក ហេង ផេង ជាតំណាងអយ្យការ ។

ជនជាប់ចោទទាំងបីនាក់នេះ ឈ្មោះ សេង ចាន់ធី អាយុ២៤ឆ្នាំ ឈ្មោះ ឥន្ឋ រស្មី អាយុ២៩ឆ្នាំ និង ឈ្មោះ សេង សុក អាយុ២៥ឆ្នាំ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីមាន អំពើឃាតកម្មដ៏ សាហាវមួយ បានកើតឡើង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុច ភូមិ លេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

សាកសពជនរងគ្រោះឈ្មោះ ហេង ពិសិដ្ឋ អាយុ ២៥ឆ្នាំ រៀននៅសាកលវិទ្យាល័យ ឯកជនមួយ នារាជធានីភ្នំពេញ ជាកូនថៅកែ ហាងនំបុ័ងយីហោ ហេង ចេង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ អណ្ដែតទឹក ក្បែរជើងភ្នំកក់ ស្ថិតក្នុងភូមិតារាជចុងកើត ឃុំកក់ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

សាច់ញាតិជនរងគ្រោះបាននិយាយថា ជនរងគ្រោះបានបាត់ខ្លួនពីផ្ទះតាំងពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ មកម្ល៉េះ ។ ជនរងគ្រោះបានជិះ រថយន្តមួយគ្រឿង ចេញពីផ្ទះម៉ាកឡិចស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកកណ្ដាល 2A-9699 មិនដឹងទៅទីណា។

សមត្ថកិច្ចខេត្តកណ្តាលបានឃើញរថយន្តរបស់ជនរងគ្រោះ ត្រូវបានឃើញផ្លុងចោលនៅផ្លូវ ចូលបុរីស្វាយរលំ ក្នុងដីឧកញ៉ា ថោង សារ៉ាត់ ស្ថិតក្នុងភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

ផ្អែកតាមវត្ថុតាង និង ចម្លើយរបស់សាក្សី សមត្ថកិច្ចបានស្រាវជ្រាវរហូតឈានដល់ ការឃាត់ខ្លួនជនសង្ស័យ ចំនួនបីនាក់តែម្តង ។ដោយឡែក ជនជាប់ចោទ បានបដិសេធថា ពុំបានប្រព្រឹត្តដូច ការចោទ ប្រកាន់នោះទេ ។

ជនជាប់ចោទទាំងបីនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន និង បទ ការចាប់ឃុំឃាំង និងការបង្ខាំង ដោយខុសច្បាប់ តាមមាត្រា ២០០ និង ២៥៣ នៃក្រមព្រហ្មទណ្ឌ ។

យោងតាមបទចោទប្រកាន់នេះ ជនជាប់ចោទទាំងបីនាក់ អាចប្រឈមុខនឹងការជាប់ ពន្ឋនាគារ អស់មួយជីវិត ប្រសិនបើតុលាការ រកឃើញថាមាន ពិរុទ្ឋភាពដូចការចោទប្រកាន់ មែន ៕



រូបភាពពី អត្ថបទចាស់




ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]