រាជធានីភ្នំពេញ ៖ ទើបតែចូលប្រឡូកក្នុងពិភពសិល្បៈ បានប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ប៉ុន្តែតារាសម្តែងសម្បុរស្រអែម នាង គង់ វិច្ឆិកា មានកេរ្តិ៍ឈ្មោះ លូតឡើងជាលំដាប់។ ទន្ទឹមនេះ ស្រាប់តែលេចព័ត៌មានថា នាងប្រកាន់ឫកពា ធ្វើឱ្យនាងផ្ទុះកំហឹង និងចង់ស្វែងរកមុខអ្នកនិយាយបែបនោះ ។

ការផ្ទុះកំហឹងរបស់នាងគង់ វិច្ឆិកា បន្ទាប់ពីសារព័ត៌មានអេឡិចត្រូនិក នៅក្នុងស្រុកមួយបានចុះផ្សាយ ដោយយោងតាម ប្រភពព័ត៌មានពីមជ្ឈដ្ឋានខាងក្រៅ។ បើតាមការផ្សាយនោះថា នាងគង់ វិច្ឆិកា ថ្មីៗនេះត្រូវទស្សនិកជន មួយចំនួនរិះគន់ថា ចាប់តាំងពីកេរ្តិ៍ឈ្មោះលូតឡើងតាមរយៈការសម្តែង ភាពយន្តជាបន្តបន្ទាប់មក គេឃើញនាងហាក់ តម្កើងឫកពាខ្ពស់ ផ្ទុយស្រឡះមុនពេលល្បីឈ្មោះ ។

ប្រភពដដែលនេះសរសេរថា តារាសម្តែង និងចម្រៀងនាងគង់ វិច្ឆិកា កាលពីចូលប្រឡូកសិល្បៈ ដំបូងៗ មានចរិតឫកពា ទន់ភ្លន់គួរឱ្យចង់រាប់អាន ទាំងពាក្យសម្តីនិយាយ ចេះគោរពចាស់ទុំ រៀមច្បងសិល្បៈ ផ្ទៃមុខជាប់នូវស្នាមញញឹមជានិច្ច ដែលធ្វើឱ្យទស្សនិកជនជាច្រើនពេញចិត្ត និងគាំទ្រនាងឱ្យក្លាយ ជាតារាមួយរូបដែលល្បី ។

ក្រោយពីតារានាងគង់ វិច្ឆិកា ចូលប្រឡូកសិល្បៈប្រមាណ២ទៅ៣ឆ្នាំ កេរ្តិ៍ឈ្មោះរបស់នាង កាន់តែល្បីជាងមុន ការងារសិល្បៈក៏កាន់តែមមា ញឹក ធ្វើឱ្យនាងរីកមុខ រីកមាត់ដូចគ្រាប់ជី ហើយអត្តចរិតរបស់នាង ស្រាប់តែប្រែប្រួល ស្របទៅនឹងកេរ្តិ៍ឈ្មោះ ដោយនាងតែងតែបញ្ចេញភាពឆ្មើងឆ្មៃ មិនសូវមាត់ក វាយឫកខ្ពស់ ខុសពីពេលចូលសិល្បៈដំបូង ពោលគឺចរិតរបស់នាងហាក់បី ដូចចង់យកមេឃមក ទ្រាប់អង្គុយ អីុចឹង ។ 

អ្វីដែលធ្វើឱ្យគេកាន់តែ ចាប់អារម្មណ៍នោះ គឺមួយរយៈពេលចុងក្រោយ នេះចាប់តាំងពីនាងគង់ វិច្ឆិកា បានការងារសម្តែងស្ទើររាល់ថ្ងៃ ហើយមានលុយដូររថយន្ត ទំនើបៗមក នាងមានភាពក្រអើតក្រទមកាន់តែខ្លាំង ។

ពាក់ព័ន្ធរឿងនោះ នាងគង់ វិច្ឆិកា បានអះអាងប្រាប់កោះសន្តិភាព តាមសារអេឡិចត្រូនិក កាលពីពេល ថ្មីៗនេះ ថា នាងមិនបានធ្វើដូចអ្វីដែរគេនិយាយនោះឡើយ ។ ផ្ទុយទៅវិញនាងតែងតែរាក់ទាក់ គ្រប់មនុស្សដែលនៅជុំវិញខ្លួន ។ រាល់ពេលដែល នាងជួបរៀមច្បង ចាស់ៗ គឺនាងតែងតែឱនលំទោន និងរាក់ទាក់ជានិច្ច ហើយចំពោះមុខទស្សនិកជនវិញ គឺនាងតែងតែបញ្ចេញ ស្នាមញញឹមគ្រប់ពេល។

នាងគង់ វិច្ឆិកា បញ្ជាក់ថា «គេថានាងខ្ញុំវាយឫក ពេលមានសម្ភារនិយម តែតាមពិតនាងខ្ញុំ មិនមានអ្វីធំដុំឡើយ ហើយនាងខ្ញុំចាត់ខ្លួនឯងជាតារាសម្តែង ធម្មតាម្នាក់ប៉ុណ្ណោះ ដោយមិនបានវាយឫក ឆ្មើងឆ្មៃដាក់អ្នកណាឡើយ ។

ចាប់តាំងពីមុនចូលពិភពសិល្បៈ និងក្រោយពេលចូលសិល្បៈ គឺចរិតរបស់នាងខ្ញុំនៅតែដដែល ដោយមិនប្រែប្រួលឡើយ បើទោះបីជាពេលនេះនាងខ្ញុំបានក្លាយជាតារាម្នាក់ ចាប់មានឈ្មោះបោះសំឡេងក៏ដោយ ។ ក្នុងនាមជាតារាម្នាក់គឺតែងតែ ចង់បានការគាំទ្រពីទស្សនិកជន តើហេតុអ្វីនាងខ្ញុំត្រូវធ្វើ អាកប្បកិរិយាបែបនោះ ? ហើយអាកប្បកិយាបែបនោះ តើមានអ្នកស្រឡាញ់ ចូលចិត្តឬអត់ ? គឺមានតែគេស្អប់ប៉ុណ្ណោះ សួរថានាងខ្ញុំត្រូវ ធ្វើអីុចឹងដូចគេនិយាយធ្វើអ្វី!» ។

នាងគង់ វិច្ឆិកា បានស្នើឱ្យទស្សនិកជនកុំ មើលនាងក្នុងផ្លូវអាក្រក់ ហើយបើនិយាយអ្វី ត្រូវមានភស្តុតាងផង កុំឱ្យមាន ទស្សនិកជនផ្សេងទៀត យល់ច្រឡំ ហើយអាចប៉ះពាល់ដល់ អាជីពសិល្បៈរបស់នាង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]