ឥណ្ឌា៖ មកទល់ពេលនេះ ចំនួននៃប្រជាជន ក្នុងប្រទេស ឥណ្ឌា ដែលបាន ស្លាប់ដោយសារ តែការកើនឡើង កម្តៅយ៉ាងគំហុក ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ បានឡើងរហូតដល់ ៥០០នាក់ទៅហើយ ដែលនេះគឺ ជារឿងហេតុ ដ៏អាក្រក់មួយ ដែលកម្រនឹងមាន ពីមុនមក។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា មនុស្សជាច្រើន បានស្លាប់បន្តបន្ទាប់គ្នា បន្ទាប់ពី សីតុណ្ហភាព នៃតំបន់ជាច្រើន របស់ប្រទេស ឥណ្ឌា កើនឡើងដល់ទៅ ៤៨អង្សាសេ ហើយក្នុងនោះ មានរដ្ឋចំនួន២ ដែលនៅភាគខាងត្បូង ដូចជា Telangana និង Andhra Pradesh មានប្រជាជន ស្លាប់ច្រើនជាងគេ ដែលមានរហូត ដល់ទៅ១៤០នាក់។


មនុស្សជាច្រើន ត្រូវបង្ខំចិត្ត ងូតទឹក ទាំងនៅកន្លែង ធ្វើការ និងទីសាធារណៈ ព្រោះតែកម្តៅ ឡើងដល់ ៤៨អង្សាសេ

ផ្អែកលើរបាយការណ៍ បានបញ្ជាក់ថា រលកកម្តៅនេះ បានចាប់ផ្តើម ឡើងតាំងពីពាក់កណ្តាល ខែមេសា មកម្ល៉េះ ដោយវាមាន សីតុណ្ហភាព ចាប់ពី ៤៤ដល់ ៤៨អង្សាសេ តែនាពេលថ្មីៗនេះ ទើបតែមាន មនុស្សជាច្រើនស្លាប់ បន្តបន្ទាប់គ្នា ប៉ុណ្ណោះ។ ក្នុងនោះដែរ ក្រុមអាជ្ញាធរ ក៏បានអះអាងថា យ៉ាងហោចមាន មនុស្ស៦២នាក់ បានស្លាប់ដោយសារ តែការស្រេកទឹក ខ្លាំងពេក។

លោក P Tulsi Rani គណៈកម្មាការពិសេស គ្រប់គ្រងគ្រោះ មហន្តរាយនៃរដ្ឋ Andhra Pradesh បាននិយាយថា “ភាគច្រើននៃ ជនរងគ្រោះគឺ ជាប្រជាជនដែល មានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ហើយពួកគេ គឺជាកម្មករ ឬក៏អ្នកលក់ដូរ ដែលធ្វើការ និងរកស៊ី ក្រោមកម្តៅថ្ងៃច្រើន។ យ៉ាងណាមិញ ពេលនេះក្រុមអាជ្ញាធរ កំពុងតែ ត្រៀមវិធានការ ទប់ស្កាត់ដើម្បី កុំឲ្យមានមនុស្ស ស្លាប់បន្តទៀត ដោយការណែនាំ ឲ្យពួកគាត់ ប្រើឆ័ត្រ ឬក៏ពាក់មួក ដើម្បីបាំងកម្តៅថ្ងៃ និងការផឹកទឹក ឲ្យបានច្រើន ព្រមទាំងការ ស្លៀកពាក់ខោអាវ សាច់អំបោះ”។


មនុស្សជាច្រើន ចុះងូតទឹក ក្នុងទន្លេ ដើម្បីគេចពី រលកកម្តៅ ដ៏ខ្លាំងក្លា

គួរបញ្ជាក់ផងដែរថា នៅមានការ បញ្ជាក់មកថា ការកើនឡើង នៃរលកកម្តៅ យ៉ាងខ្លាំងក្លា នេះនៅតែ បន្តឥទ្ធិពលរបស់ វាមកលើ ប្រទេស ឥណ្ឌា នៅក្នុងពេល ប៉ុន្មានថ្ងៃ ខាងមុខទៀត ដែលធ្វើឲ្យ ប្រជាជននៃ ប្រទេសនេះ ក៏ដូចជា ពិភពលោកទាំងមូល មានការព្រួយបារម្ភ យ៉ាងខ្លាំង ព្រោះថាអាច នឹងមានអ្នកស្លាប់ កើនឡើងបន្តទៀត៕


ស្ថានភាពប្រជាជន ក្នុងប្រទេស ឥណ្ឌា រងគ្រោះដោយ ឥទ្ធិពលរបស់ រលកកម្តៅដ៏ សែនក្តៅមួយនេះ

ប្រភព៖ ប៊ីប៊ីស៊ី

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]