តើប្រិយមិត្ត ធ្លាប់បានជួប មនុស្សដែលខ្លួនស្រលាញ់ និងចង់ស្និតស្នាលជាមួយគេ ហើយចង់ឲ្យគេ ស្រលាញ់អ្នកវិញដែរទេ? ប៉ុន្តែ មិនដឹងថា ធ្វើបែបណា ឲ្យមនុស្ស ដែលខ្លួនស្រលាញ់នោះ ធ្លាក់ក្នុងអន្លង់ស្នេហ៍ របស់អ្នកវិញមែនទេ? សម្រាប់ថ្ងៃនេះ ប្រិយមិត្ត អាចមកស្វែងយល់ ការបកស្រាយ របស់ លោក M Gary Neuman ជាអ្នកជំនាញចិត្តវិទ្យា និងជាអ្នកនិពន្ធ ជនជាតិអាមេរិក មួយរូប បានលើកយក វិធីសាស្ត្រ ៦ យ៉ាង តាមបែបវិទ្យាសាស្ត្រ មកបង្ហាញ ដើម្បីធ្វើឲ្យនរណាម្នាក់ ធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នក ដូចខាងក្រោម៖

១. រក្សាទំនាក់ទំនង ក្រសែភ្នែក៖ យោងតាមការសិក្សាមួយ របស់សាស្ត្រាចារ្យផ្នែកចិត្តវិទ្យា Zick Rubin នៃ សាកលវិទ្យាល័យ Harvard បានបង្ហាញថា គូស្នេហ៍ភាគច្រើន ដែលលង់ស្រលាញ់គ្នា ដោយសារតែ ការរក្សាទំនាក់ទំនងក្រសែភ្នែក មើលគ្នាទៅវិញទៅមក លើសពី ៧៥ភាគរយ នៅពេលពួកគេ កំពុងនិយាយ ជាមួយគ្នា។



២. ព្យាយាម ស្តាប់គ្រប់ពាក្យអ្វី ដែលគេនិយាយ៖ យោងទៅតាម ការសិក្សា ដោយសាកលវិទ្យាល័យ Neveda និង សាកលវិទ្យាល័យ Washington បានបង្ហាញថា ធ្វើខ្លួនជា មនុស្សពូកែ ខាងស្តាប់ម្នាក់ គឺជាគន្លឹះ ដ៏ជោគជ័យមួយ អាចឲ្យនរណាម្នាក់ លង់ស្រលាញ់អ្នកបាន។ លោក Neuman បាននិយាយថា មនុស្សតែងតែ ពេញចិត្តរីករាយ នៅពេលដែលមនុស្សម្នាក់ ចាប់អារម្មណ៍ នូវអ្វីដែលគេនិយាយ ហើយមិនផ្លាស់ប្តូរប្រធានបទសន្ទនា។ Neuman បន្ថែមថា បើស្រលាញ់គេ អ្នកគួរតែ សួរសំនួរ និងតបត នូវប្រធានបទ ដដែល នូវអ្វីមនុស្ស ដែលយើងស្រលាញ់ កំពុងនិយាយ ឲ្យគេដឹងថា យើងពិតជាស្តាប់នូវអ្វីៗ ដែលគេកំពុងនិយាយ។



៣. ធ្វើឲ្យគេ មានអារម្មណ៍ថា មានអ្នកចាំគាំទ្រ និងចាត់ទុក ជាមនុស្សពិសេស៖ លោក Neuman បាននិយាយថា ដៃគូស្នេហ៍ បែកបាក់គ្នា ៤៨ភាគរយ គឺដោយសារតែ ខ្វះអារម្មណ៍សរសើរ និងចាំគាំទ្រ ពីគូស្នេហ៍ របស់ពួកគេ ដូច្នេះប្រសិនបើអ្នក ធ្វើឲ្យ មនុស្សដែលអ្នក លង់ស្រលាញ់ មានអារម្មណ៍ ថាអ្នកអបអរសរសើរ គ្រប់បែបយ៉ាងរបស់គេ និងចាត់ទុកជាមនុស្សពិសេស ពេលនោះ មនុស្សម្នាក់នោះ ទំនងនឹងអាច ធ្លាក់ជ្រៅក្នុង អន្លង់ស្នេហ៍របស់អ្នក។



៤. ញញឹមឲ្យបានច្រើន៖ យោងទៅតាម ការសិក្សាមួយ របស់សាកលវិទ្យាល័យ Drake បង្ហាញថា ការញញឹម ធ្វើឲ្យអ្នក មើលទៅ កាន់តែទាក់ ទាញ កាន់តែជិតស្និទ្ធ និងធ្វើឲ្យអ្នករឹងមាំ ដែលនឹងផ្តល់ភាព ជាក់ជឿ កាន់តែខ្លាំង នៅពេលអ្នក នៅក្បែរ មនុស្សដែលអ្នក ចង់ឲ្យ ក្លាយជាមនុស្សសំខាន់របស់អ្នក។



៥. ប៉ះមនុស្ស ដែលអ្នកស្រលាញ់៖ លោក Neuman និយាយថា ការប៉ះរាងកាយ គូស្នេហ៍របស់អ្នក នឹងបង្កើនភាពស្និទ្ធស្នាល ជាមួយគ្នា។ បើអ្នក ស្ថិតនៅប៉ះគ្នា ដូចជាប៉ះដៃគ្នា ជាដើម ជាមួយមនុស្សដែលអ្នកស្រលាញ់ ពេលនៅក្បែរគេ ក៏អាចធ្វើឲ្យ គេមានអារម្មណ៍ថា អ្នកកំពុងស្រលាញ់គេ ផងដែរ។



៦. ព្យាយាមធ្វើតាមអ្វី ដែលមនុស្សយើងស្រលាញ់ ពេញចិត្ត ឬចូលចិត្តធ្វើ៖ លោក Neuman បង្ហាញថា នៅពេលមនុស្សម្នាក់ និយាយអ្វីមួយ ឬ ធ្វើអ្វីមួយ ដែលគេពេញចិត្ត គេតែងតែ ចាត់ទុកអ្វីទាំងនោះ គឺមានតម្លៃសំរាប់គេ ដូច្នេះប្រសិនបើអ្នក អាចសរសើរ និងគាំទ្រ នូវអ្វីដែល មនុស្សយើងស្រលាញ់ ចូលចិត្តធ្វើ គេនឹងងប់ងល់ នូវអ្វីដែលអ្នកស្រលាញ់ ព្រមទាំងអាច លង់ស្រលាញ់អ្នក ផងដែរ៕



ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]