ភ្នំពេញ៖ តារាសម្ដែងល្បីឈ្មោះ ប៉ុន្តែមកធ្លាក់កូដ ពេលវិវត្តន៍ខ្លួនមក ជាតារាចម្រៀងកញ្ញា គៀត សុវណ្ណាឡាង ដែលកំពុងតែសម្ងំ ក្នុងភាពស្ងប់ស្ងាត់ ហាក់គ្មានបទចម្រៀង ណាមួយលេចធ្លោ និងកាន់តែ កប់បាត់ទៅ ធ្វើឲ្យទស្សនិកជន ស្ទើរតែភ្លេច នាងទៅហើយ ។ គៀត សុវណ្ណាឡាង ត្រូវបានគេដឹងថា បានទៅសម្ងំ ក្នុងផលិតកម្ម ហង្សមាស តាំងពីចុង ឆ្នាំ២០១១ តែដោយសារសមត្ថភាព មានកម្រិត ទើបនាងត្រូវ ទើរនៅត្រឹមផលិតកម្ម ភ្លេងរីខល ដែលជារួមទ្រនំ ជាមួយនាង វ៉ានីឡា ប្អូនស្រីលោក សុខ ជំនោរ ។

ថ្មីៗនេះដោយមើល ឃើញពីសន្ទុះ កេរ្តិ៍ឈ្មោះរបស់ គៀត សុវណ្ណាឡាង កាន់តែឆ្ងាយសន្លឹមទៅៗ អាចធ្វើឲ្យ ទស្សនិកជន លែងស្គាល់នាង ក្នុងរយៈពេលដ៏ខ្លី ខាងមុខនេះ អ្នកគាំទ្រ គៀត សុវណ្ណាឡាង បាននិយាយពួកគេ ចង់ឲ្យនាង បោះម៉ៃក្រូហ្វូនចោល ហើយត្រឡប់មកមុខ កាមេរ៉ាសម្ដែងវិញ ព្រោះបើនៅទៀត ក៏មិនបានរីកចម្រើន ឡើយមានតែចុះ ហើយអាចបន្តចុះ ជាងនេះបន្ថែមទៀត ទោះផលិតកម្ម ព្យាយាមលើកយ៉ាងណា ក៏មិនរួចដែរ ។

អ្នកគាំទ្រភាគច្រើន លើកឡើងថា បើសិន គៀត សុវណ្ណាឡាង បន្តប្រឡូកក្នុង អាជីពសម្ដែង នាងនឹងបាន តំណែងជាតួឯក ព្រោះវិស័យ ភាពយន្ត ហាក់ងើបឡើងវិញ ធ្វើឲ្យតារាសម្ដែង ជាច្រើនកំពុងតែកាក់កប មានទឹកមាត់ លេបគ្រប់ៗគ្នា ។ ម្យ៉ាងទៀត គៀត សុវណ្ណាឡាង ក៏មានទេពកោសល្យ ក្នុងការសម្ដែងនេះ ពីធម្មជាតិស្រាប់ គ្មានអ្វីក្នុងការលំបាក ដើម្បីស្រោចស្រង់ កេរ្តិ៍ឈ្មោះឡើងវិញ ប្រជែងជាមួយតារា រួមជំនាន់នោះឡើយ ។

តារាចម្រៀង គៀត សុវណ្ណឡាង បាននិយាយថា នៅពេលនេះ ខាងផលិតកម្ម មិនបានចងជើង ឬហាមឃាត់នាង មិនឲ្យសម្ដែងឡើយ តែកាលមុនពិតជា ហាក់តឹងរឹងបន្តិចមែន សូម្បីតែសម្ដែង ឈុតសិចស៊ីពេក ឬឈុតមិនសមរម្យ ណាមួយក៏មិន អនុញ្ញាតដែរ ប៉ុន្តែនៅពេល ផលិតកម្មបើកសិទ្ធិទូលាយ ក៏ដូចជាគ្មានផលិតករណា ទាក់ទងមកនាង ដើម្បីហៅសម្ដែងរឿង ព្រោះតែលក្ខខណ្ឌ ច្រើនហួសហេតុពេក ។

គៀត សុវណ្ណាឡាង បន្តថា ធ្លាប់បដិសេធឱកាស ជាតួឯកជាច្រើនរឿង ព្រោះកិច្ចសន្យា ជាមួយផលិតកម្ម ត្រូវបន្តរហូត ដល់ឆ្នាំ ២០១៧ ទើបផុត ។ ថ្វីដ្បិតត្រឹមតែ ១ឆ្នាំកន្លះទៀត នាងផុតកិច្ចសន្យាមែន តែវ័យរបស់នាង មិនក្មេងដូចមុនទេ ប្រជាប្រិយភាព ក៏មិនអាចដូច ពីដំបូងៗដែរ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]