ចិន៖ កាលពីពេលថ្មីៗនេះ ទូរស័ព្ទដៃ Nokia ដែលមនុស្សគ្រប់គ្នា សុទ្ធតែដឹងថា មានភាពធន់ និងរឹងមាំ បានជួយជីវិតបុរសម្នាក់ នៅក្នុងហេតុការណ៏ បាក់ស្រុតជញ្ជាំងឥដ្ឋមួយ ដែលមានកំពស់ ២០ម៉ែត្រ នៅក្នុងខេត្ត Gansu ប្រទេសចិន។

ហេតុការណ៏បាក់ស្រុត ជញ្ជាំងឥដ្ឋនោះ បានកើតឡើង កាលពីល្ងាច ថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅនេះ នៅក្នុងខេត្ត Gansu នៃប្រទេសចិន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាជនរងគ្រោះម្នាក់ នៅក្នុងហេតុការណ៏នេះ មានឈ្មោះថា Geng Ming បានរួចផុតជីវិត ដោយគ្រាន់តែ រងរបួសស្រាលប៉ុណ្ណោះ ដោយនៅពេលកើតហេតុ គាត់ត្រូវបាន ជញ្ជាំងឥដ្ឋ បាក់ស្រុត សង្កត់ពីលើ ប៉ុន្តែដោយសារតែគាត់ បានលើក ទូរស័ព្ទដៃ ម៉ាក Nokia Lumia 920 របស់គាត់ឡើង ដើម្បីការពារក្បាល ពីបំណែកជញ្ជាំង ដែលបាក់នោះ ទើបធ្វើឲ្យគាត់ អាចគេចផុត ពីគ្រោះថ្នាក់នេះ។

គួរបញ្ជាក់ផងដែរថា មនុស្ស២នាក់ ត្រូវបានស្លាប់ និង ៧នាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៏ បាក់ស្រុតជញ្ជាំងឥដ្ឋនេះ ខណៈមូលហេតុ នៃការបាក់ស្រុត ត្រូវបានគេជឿជាក់ថា បណ្តាលមកពី កំលាំងនៃសន្ទុះខ្យល់ ដែលបានបក់ប៉ះនឹង ផ្ទៃនៃជញ្ជាំងនោះ។

យ៉ាងណាមិញ ជនរងគ្រោះ ចំនួន៣នាក់ កំពុងស្ថិតក្នុងសភាព ធ្ងន់ធ្ងរនៅឡើយ៕


ប្រភព ៖ សៀងហៃ

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]