ភ្នំពេញ៖ កម្លាំងអាវុធហត្ថ ខណ្ឌដូនពេញ បានដេញបង្ក្រាប ចោរឆក់ពីរនាក់ ជាគូសង្សារ និងគ្នា ក្រោយពីពួកគេ បានធ្វើសកម្មភាព កាលពីវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅចំណុច ផ្លូវលេខ៧០ មុខភោជនីយដ្ឋាន សេវេនប្រាយ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

យោងតាមមន្ដ្រី អាវុធហត្ថខណ្ឌ ដូនពេញ បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុនោះ មានសកម្មភាព ឆក់ទូរស័ព្ទមួយ បានកើតឡើង ពេលនោះ ខណៈដែលកម្លាំង អាវុធហត្ថកំពុង ល្បាតបានដេញ បង្ក្រាបភ្លាមៗ និងចាប់ខ្លួនជន សង្ស័យពីរនាក់ ក្នុងចំណោម បក្ខពួកទាំង៣ នាក់ ។

មន្ដ្រីអាវុធហត្ថ បានបញ្ជាក់ថា ជនសង្ស័យ ទី១ឈ្មោះ ហេង ហៀង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ មិនចាំលេខ ផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រីឯជនសង្ស័យទី២ ឈ្មោះ ហម ស្រីអូន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរស្ដ្រី រកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះជួលផ្លូវ រថភ្លើងភូមិទួលសង្កែ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

តាមមន្ដ្រីអាវុធហត្ថ ជនសង្ស័យទាំងពីរនាក់ បានរួមដំណើរ ជាមួយជនសង្ស័យម្នាក់ ដែលជាអ្នក បើកម៉ូតូបាន ធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃ ពីស្ដ្រីម្នាក់ឈ្មោះ នាង ថារី អាយុ២៤ឆ្នាំ មុខរបរសិស្ស នៅសាលាភាសាកូរ៉េ ស្នាក់នៅផ្ទះលេខ២៣ ផ្លូវលេខ៥៨២ ក្រុម៥៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

មន្ដ្រីអាវុធហត្ថបានបន្ដថា មុនពេលកើតហេតុ ស្ដ្រីរងគ្រោះបាន ជិះម៉ូតូមួយគ្រឿង ម៉ាកធូដេ ពណ៌ស្វាយលាយស គ្មានស្លាកលេខ ជិះគ្នាពីរនាក់ ធ្វើដំណើរតាម ផ្លូវទំនប់៧០ បំណងឆ្ពោះទៅគល់ ស្ពានជ្រោយចង្វារ លុះដល់មុខភោជនីយដ្ឋាន សេវេនប្រាយ ស្ដ្រីរងគ្រោះ បានលើកទូរស័ព្ទ និយាយជាមួយបងប្រុស ក៏ត្រូវជនសង្ស័យ ទាំង៣នាក់ កំពុងជិះ ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងមិន ចាំស្លាកមកអែប ហើយឆក់យកទូរស័ព្ទម៉ាក សាំស៊ុង បម្រុងរត់គេចខ្លួន ប៉ុន្ដែពេលនោះ ម៉ូតូជនល្មើស បានប៉ះដៃចង្កូត ម៉ូតូជនរងគ្រោះ បណ្ដាលឱ្យដួល ហើយភ្លាមៗជនល្មើសជា អ្នកបើកម៉ូតូបាន លើកម៉ូតូជិះ ទៅតែម្នាក់ឯង រីឯជនសង្ស័យ ពីរនាក់ផ្សេងទៀត ត្រូវបាន កម្លាំងអាវុធហត្ថ ចាប់ខ្លួនតែម្ដង ។

បច្ចុប្បន្នជនសង្ស័យ ទាំងពីរនាក់ ត្រូវបានឃុំខ្លួននៅ ទីបញ្ជាការដ្ឋាន អាវុធហត្ថខណ្ឌ ដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ ទីបញ្ជាការដ្ឋាន អាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]