ឈីលី៖ ត្រីបាឡែន មានប្រវែងប្រហែល ជា១០ម៉ែត្រ ច្រើនជាង ២០ក្បាល ត្រូវបានគេប្រទះឃើញ ងាប់អណ្តែតមកទើរ នៅតាម បណ្តោយច្រាំង សមុទ្រនៅភាគ ខាងត្បូង ប្រទេស ឈីលី កាលពីពេលថ្មីៗនេះ ខណៈដែល អាជ្ញាធរក្នុងតំបន់ មិនទាន់ដឹង មូលហេតុច្បាស់ ដែលបណ្តាលឲ្យ ត្រីបាឡែន ងាប់ច្រើនបែបនេះ នៅឡើយ ។

យោងតាមប្រភពព័ត៌មាន AFP បានឲ្យដឹងថា ត្រីបាឡែនទាំងនោះត្រូវ អ្នកជំនាញ កំណត់បានថា ជាប្រភេទ ត្រីបាឡែន Sei Whales ដែលជា ប្រភេទត្រី ត្រូវចុះក្នុងបញ្ជីការពារ ជាអន្តរជាតិ បន្ទាប់ពីត្រីបាឡែន ប្រភេទនេះ ត្រូវបានគេនេសាទ ស្ទើរតែដាច់ពូជ កាលពីសតវត្ស ទី២០ ។

សាកសពត្រីបាឡែន ដ៏ច្រើននេះ ត្រូវបានរកឃើញដោយ ក្រុមអ្នកវិទ្យាសាស្ត្រ មួយក្រុម នៅពេលដែល ពួកគេកំពុងធ្វើការ ស្រាវជ្រាវ នៅក្នុង តំបន់នោះ កាលពីចុងខែ មេសា កន្លងទៅនេះ ។

យ៉ាងណាមិញ លោក Vreni Haussermann ជីវវិទូសញ្ជាតិអាល្លឺម៉ង់ម្នាក់ ក្នុងចំណោមអ្នកស្រាវជ្រាវ បាននិយាយថា "យើងបានប្រទះ ឃើញ សាកសព ត្រីបាឡែន គ្រប់ទីកន្លែង ហើយពួកវា គ្មានរងរបួស អ្វីទាំងអស់ ដូច្នេះយើងគិតថា ពួកវាបានងាប់ ដោយវីរុសអ្វីម្យ៉ាង"។ លោក Vreni បានបន្តទៀតថា "ពួកវាប្រហែលជា ទើបនឹងត្រូវទឹកសមុទ្រ បោកមកដល់ច្រាំង នាថ្មីៗនេះហើយ។ ក្នុងរយៈពេល ១៥ឆ្នាំ មកនេះ ខ្ញុំមិនដែល បានឃើញ សាកសពត្រីបាឡែន ច្រើនបែបនេះឡើយ"

ទោះបីជាយ៉ាងណា ពេលនេះ អាជ្ញាធរកំពុងតែ ព្យាយាមកំនត់នូវ មូលហេតុជាក់លាក់ ដែលបណ្តាលឲ្យ ត្រីបាឡែនទាំងនេះងាប់ និង រហូតមកទើរ លើច្រាំងសមុទ្រ បែបនេះ ៕





ត្រីបាឡែន ជាង២០ក្បាល បានងាប់អណ្តែត មកទើរជាលើច្រាំងសមុទ្រ 

ប្រភព AFP

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]