លីបេរីយ៉ា៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រ បានស្រាវជ្រាវ រកឃើញ រុក្ខជាតិ មួយប្រភេទ នៅភាគខាងលិច នៃទ្វីបអាហ្វ្រិក ដែលដុះនៅលើដី តាមតំបន់សំបូរដោយ ថ្មកំអែភ្នំភ្លើង ដែលមាន ផ្ទុករ៉ែមានតម្លៃ ភាគច្រើនជា រ៉ែត្បូងពេជ្រ កប់នៅក្រោមដី ។

ប្រភពដដែល បានឲ្យដឹងថា លោក Steven Haggerty ជាសាស្ត្រាចារ្យម្នាក់ នៃសាកលវិទ្យាល័យ អន្តរជាតិ Florida ក្នុងរដ្ឋ Miami និង ជាប្រធាន ខាងរុករកធនធានរ៉ែ នៅប្រទេស លីបេរីយ៉ា បានធ្វើការ ស្រាវជ្រាវ រកឃើញថា រុក្ខជាតិ ម្យ៉ាងដែលមានឈ្មោះ បច្ចេកទេសថា Pandanus candelabrum ជាដើមរុក្ខជាតិ ដែលសំបូរដុះ នៅលើដី ត្រង់កន្លែងដែល សំបូរថ្មកំអែភ្នំភ្លើង Kimberlite ដែលជាប្រភេទថ្ម ផ្ទុក ដោយ រ៉ែត្បូងពេជ្រ កប់នៅក្រោមដី។

ថ្ម Kimberlite ជាឈ្មោះថ្ម កំអែភ្នំភ្លើងមួយប្រភេទ ដែលគេរកឃើញ មានផ្ទុកត្បូងពេជ្រ រហូតដល់ទៅ ៨៣.៥ ការ៉ាត់ ក្នុងឆ្នាំ ១៨៧១ នៅ ប្រទេសអាហ្វ្រិកខាងត្បូង ហើយឈ្មោះ Kimberlite នេះ ត្រូវបានដាក់តាម ឈ្មោះទីក្រុង ដែលប្រភេទថ្មនេះ ត្រូវរកឃើញ លើកដំបូងគេបង្អស់។

ប្រភេទថ្ម kimberlite ដែលមានរ៉ែត្បូងពេជ្រ

សាស្ត្រាចារ្យរូបនេះ បានបញ្ជាក់ថា រុក្ខជាតិនេះ មានសណ្ឋានឬស ដូចជាដើមកោងកាង និង អាចលូតលាស់រហូត ដល់កម្ពស់ លើសពី ១០ ម៉ែត្រ ហើយ គាត់បាន កត់សំគាល់ឃើញថា វត្តមានរបស់ រុក្ខជាតិនេះ បានដុះតែនៅតាមតំបន់ ដែលមានថ្មកំអែភ្នំភ្លើង Kimberlite តែប៉ុណ្ណោះ និងមិន មានដុះ នៅកន្លែងផ្សេងទៀតទេ ហើយគាត់ក៏បាន រកឃើញទៀតថា រុក្ខជាតិនេះ ដុះនៅលើដី ដែលសំបូរ ដោយសារជាតិគីមី ម៉ាញ៉េស្យូម ប៉ូតាស្យូម និង ស្ពាន់ធ័រ។

យ៉ាងណាមិញ លោកសាស្រា្តចារ្យរូបនេះ នឹងបន្តធ្វើការសិក្សា លើរុក្ខជាតិ ប្រភេទនេះបន្តទៀត ហើយ គាត់នឹងសិក្សា ឲ្យកាន់តែ ច្បាស់រវាង រុក្ខជាតិ និង ថ្មកំអែភ្នំភ្លើង Kimberlite ដែលវា នឹងអាចជួយឲ្យ ប្រជាជននៅ អាហ្វ្រិកខាងត្បូង ស្វែងរកចំនូលបានច្រើន និងងាយស្រួល រក ថ្មកំអែភ្នំភ្លើង Kimberlite ដែលជាថ្ម មានរ៉ែត្បូងពេជ្រ នេះ។

គួរបញ្ជាក់ដែរថា ការសិក្សាស្រាវជ្រាវរបស់ លោកសាស្រា្តចារ្យ Steven ក៏ត្រូវបានចុះផ្សាយ ក្នុងទស្សនាវដ្តី Econmic Geology ផងដែរ ៕

ប្រជាជន អាហ្វ្រិកកំពុងជីករុករករ៉ែ
រុក្ខជាតិ Pandanus candelabrum
Dailymail

|

Science

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]