កាលពី អត្ថបទចុះផ្សាយលើកមុន ខ្មែរឡូតបានលើកបង្ហាញពី មហាសេដ្ឋីជំនួញដែលមានទ្រព្យ សម្បត្តិ ច្រើនបំផុតនៅ ក្នុងប្រទេសចិន ឲ្យប្រិយមិត្ត បានស្គាល់ រួចមក ហើយ ។ចំនែក សំរាប់ថ្ងៃនេះ ប្រិយមិត្ត អាចមកស្គាល់ មហាសេដ្ឋី ដែលមាន ទ្រព្យសម្បត្តិ ច្រើនជាងគេ ចំនួន១០រូប ក្នុង១០ ប្រទេស ផ្សេងៗគ្នា និងយល់ដឹង ពីមុខរបរ និងជំនួញដែលមហាសេដ្ឋីទាំង ១០រូប នេះដែល ប្រកបមុខរបរ និង អាជីវកម្ម រហូតក្លាយ ជាមនុស្ស មានទ្រព្យ សម្បត្តិច្រើនជាងគេ ដូចខាងក្រោមនេះ ៖

១. មហាសេដ្ឋី រ៉ូម៉ានី លោក Loan Niculae

មហាសេដ្ឋី រ៉ូម៉ានី លោក Loan Niculae បានក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើន ជាងគេក្នុងប្រទេស តាមរយៈ ជំនួញលើ វិស័យកសិកម្ម និង ជី កសិកម្ម ក្នុងភាគខាងកើត ទ្វីបអឺរ៉ុប ។ លោក Loan Niculae មានទ្រព្យ សម្បត្តិ ១.១៥ ពាន់លាន ដុល្លារអាមេរិក ។

២. មហាសេដ្ឋី ហ្វាំងឡង់ លោក Antti Herlin 

លោក Antti Herlin ជាមហាសេដ្ឋី មានទ្រព្យសម្បត្តិច្រើនជាងគេ នៅក្នុងប្រទេស ហ្វាំងឡង់ ដែល បានរកស៊ី លើជំនួញ ជណ្តើរយន្ត និង ជណ្តើរ យោង ។ ជីតារបស់មហាសេដ្ឋីនេះ បានទិញ ក្រុមហ៊ុនវិស្វករ ក្នុងឆ្នាំ ១៩២០ ។ លោក Antti Herlin មានទ្រព្យសម្បត្តិ ៣.៦ ពាន់លានដុល្លារ អាមេរិក ។

៣. មហាសេដ្ឋីបែលហ្សិក លោក Albert Frere 

លោក Albert Frere ជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងប្រទេស បែលហ្សិក ដែលជា អ្នកវិនិយោគទុន លើអាជីវកម្ម ផលិត ដែកថែប ក្នុងឆ្នាំ ១៩៧០ ក្នុងប្រទេសនេះ ហើយបាន បន្តវិនិយោគទុន លើជំនួញជា ច្រើនផ្សេងទៀត ។ លោក Albert Frere មានទ្រព្យសម្បត្តិ ៤.៩ ពាន់លាន ដុល្លារអាមេរិក ។

៤. មហាសេដ្ឋី ន័រវែស លោក Odd Reitan

លោក Odd Reitan ជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងប្រទេស ន័រវែស ដែល ក្លាយជា មហាសេដ្ឋី តាមរកជំនួញ គ្រឿងទេស និងលក់ដូរ ហើយ បង្កើតជាផ្សារទំនើប ច្រើនកន្លែង ពាសពេញ ប្រទេសន័រវែស ។  លោក Odd Reitan មានទ្រព្យសម្បត្តិ ៥.២ ពាន់លានដុល្លារ អាមេរិក ។

៥. មហាសេដ្ឋី ដាណឺម៉ាក លោក Kield Krik Kristainsen

លោក Kield Krik Kristainsen ជាបុរស មានទ្រព្យសម្បត្តិច្រើនជាងគេ នៅក្នុងប្រទេស ដាណឺម៉ាក ដែល ក្លាយជា មហាសេដ្ឋី តាមការបង្កើត ក្រុមហ៊ុនលក់ តុក្កកា និងរបស់លេងកូនក្មេង ។  លោក Kield Krik Kristainsen មានទ្រព្យសម្បត្តិ ៩.៧  ពាន់លាន ដុល្លារអាមេរិក។

៦. លោក Dietrich Mateschitz មហាសេដ្ឋី អូទ្រីស (គ្រប់គ្រងក្រុមហ៊ុន Red Bull) 

មហាសេដ្ឋី បង្កើតក្រុមហ៊ុនភេសជ្ជៈគោជល់ (Red Bull) លោក Dietrich Mateschitz ជាមហាសេដ្ឋី មានទ្រព្យសម្បត្តិច្រើន ជាងគេនៅ ក្នុងប្រទេស អូទ្រីស ដែល លោក Dietrich នៅតែកាន់ កាប់ ភាគហ៊ុនជិត ពាក់កណ្តាល ក្នុងក្រុមហ៊ុនគោជល់។ លោក Dietrich បានចំណាយ ពេល ១០ឆ្នាំ ដើម្បីបញ្ចប់ការ សិក្សានៅសាកលវិទ្យាល័យ ប៉ុន្តែ បច្ចុប្បន្នគាត់ មាន ទ្រព្យសម្បត្តិ ១០.៨  ពាន់លាន ដុល្លារអាមេរិក។

៧. អ្នកស្រី Charlene de Carvalho-Heineken មហាសេដ្ឋី ហូឡង់

អ្នកស្រី Charlene de Carvalho-Heineken ជាមហាសេដ្ឋី មានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុង ប្រទេស ហូឡង់ ដែលអ្នកស្រីទទួលបាន កេរ្ដិ៍មរតក ក្រុមហ៊ុនផលិតស្រាបៀរពី ជីតារបស់អ្នកស្រី លោក Gerard Adriaan Heineken ដែលបានបង្កើត ក្រុមហ៊ុននេះក្នុង សតវត្សទី ១៩ ។ បច្ចុប្បន្ន អ្នកស្រី  មាន ទ្រព្យសម្បត្តិ ១១.៦  ពាន់លាន ដុល្លារអាមេរិក។

៨. Gerald Cavendish Grosvenor មហាសេដ្ឋីនៅ ចក្រភពអង់គ្លេស

លោក Gerald Cavendish Grosvenor ជាមហាសេដ្ឋី មានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុង ចក្រភព អង់គ្លេស ដែល គាត់បានទទួល ទ្រព្យសម្បត្តិ ដ៏ច្រើនសន្ធឹកសន្ធាប់ ពី អចនៈទ្រព្យរបស់ គ្រួសារ របស់គាត់ដែលជា ខ្សែរាជវង្ស និង អភិរាជ្យ នៅអង់គ្លេស ។ បច្ចុប្បន្ន មហាសេដ្ឋីនេះ  មាន ទ្រព្យសម្បត្តិ ១២.៦  ពាន់លាន ដុល្លារអាមេរិក។

៩. លោក Stefan Persson មហាសេដ្ឋី ស៊ុយអ៊ែត

លោក Stefan Persson មហាសេដ្ឋី ស៊ុយអ៊ែតរូបនេះ មានភាគហ៊ុនច្រើនជាងគេបំផុតក្នុង ក្រុមហ៊ុនលក់ សំលៀកបំពាក់ ទាន់សម័យនៅ ទ្វីបអឺរ៉ុប H&M ដែលក្រុមហ៊ុននេះ បង្កើតឡើងដោយ ឪពុករបស់គាត់ ហើយពេលនេះ កូនរបស់គាត់ឈ្មោះ Karl-Johan Persson គឺជានាយកប្រតិបត្តិ។ លោក Stefan Persson មានទ្រព្យសម្បត្តិ ២៤.៥  ពាន់លាន ដុល្លារអាមេរិក។

១០. លោក Amancio Ortega  មហាសេដ្ឋីនៅអេស្ប៉ាញ

លោក Amancio Ortega ជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេនៅ ក្នុងប្រទេស អេស្ប៉ាញ និង ជា មហាសេដ្ឋីជាប់ លំដាប់កំពូល ក្នុងទ្វីបអឺរ៉ុប។ លោក Amancio ខុសពី មហាសេដ្ឋី ដទៃ ដែលទទួលបាន កេរ្ដិ៍ មរតកមហាសាល ប៉ុន្តែសំរាប់ លោក Amancio បានបង្កើត ក្រុមហ៊ុនលក់ សំលៀកបំពាក់ ដ៏ល្បីមួយ មានឈ្មោះ Inditex Zara ក្នុងទសវត្ស ឆ្នាំ ១៩៧០ ហើយក៏ក្លាយ ជាមហាសេដ្ឋី ។ លោក Amancio Ortega បច្ចុប្បន្ន មានទ្រព្យសម្បត្តិ ៦៤.៥ ពាន់លាន ដុល្លារអាមេរិក ៕

ប្រភព businessinsider

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]