ជាការពិតណាស់ នៅពេលដែល មនុស្សប្រុសស្រី ២នាក់សម្រេចចិត្ត រស់នៅជាមួយគ្នា ធ្វើជាប្តីប្រពន្ធ ហើយនោះពួកគេ ត្រូវមានភារកិច្ច ក្នុងការមើលថែ គ្នាទៅវិញទៅមក ដើម្បីអាចឲ្យ គ្រួសារមាន សេចក្តីសុខ។ ទន្ទឹមនឹងនេះ បុរសជាប្តី ក៏ត្រូវមាន ភារកិច្ចនិង ទំនួលខុសត្រូវ ដ៏ល្អបន្ថែមទៀត នៅពេលដែល ប្រពន្ធរបស់ខ្លួន មានផ្ទៃពោះ ដែលនេះគឺ រឿងសំខាន់មួយ។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា នៅពេលដែល ស្ត្រីមានផ្ទៃពោះ នោះគឺជាពេលមួយ ដែលរាងកាយ និងសុខភាព របស់នាងមាន ការចុះខ្សោយ ជាខ្លាំង ហេតុនេះហើយ ទើបនាងត្រូវការ ភាពលួងលោម, ការថ្នាក់ថ្នម និងការយកចិត្តទុកដាក់ ពីមនុស្សដែល នាងស្រលាញ់ ដែលនោះគឺ ជាប្តីរបស់នាង ផ្ទាល់តែម្តង។ ដូច្នេះហើយ ខាងក្រោមនេះ គឺជាវិធី៧យ៉ាង ក្នុងការណែនាំ ទៅដល់បុរស ជាប្តីដែល ប្រពន្ធរបស់ខ្លួន កំពុងមានផ្ទៃពោះ ដើម្បីបំពេញ តួនាទីឲ្យ បានល្អ៖

១.ត្រូវចេះអត់ធ្មត់៖ ជាធម្មតានៅពេល ដែលស្ត្រីពពោះ នោះអ័រម៉ូន នៅក្នុងខ្លួនរបស់នាង នឹងមានការ ប្រែប្រួល ដូច្នេះហើយ ទាំងអារម្មណ៍ និងសុខភាព របស់នាង ក៏ឆាប់ប្រែប្រួល យ៉ាងរហ័ស ផងដែរ ដូចជា ត្រូវក្អួតចង្អោរភ្លាមៗ ឬក៏ឈឺក្បាល ភ្លាមៗជាដើម ដូច្នេះបុរស ត្រូវតែចេះអត់ធ្មត់ ចំពោះការ ផ្លាស់ប្តូរភ្លាមៗ បែបនេះ របស់ប្រពន្ធខ្លួន។

២.ត្រូវរៀនយល់ដឹង ពីស្ថានភាព ពពោះរបស់ស្ត្រី៖ មនុស្សប្រុស មិនអាចនឹង មានផ្ទៃពោះ ដូចនារី បានឡើយ ដូច្នេះហើយទុក្ខលំបាក ទាំងប៉ុន្មានគឺ ពួកគេមិនអាច ដឹងបាននោះទេ។ តែយ៉ាងណាមិញ បុរសជាប្តី គប្បីត្រូវសិក្សា ឲ្យបានច្រើន ទាក់ទងទៅនឹង ស្ថានភាពស្ត្រី ដែលមានផ្ទៃពោះ ដើម្បីអាចឲ្យ ខ្លួនដឹងបាន ច្បាស់អំពី ស្ថានភាពរាងកាយ ក៏ដូចជាអារម្មណ៍ របស់ស្ត្រី ក្នុងអំឡុងពេល ដែលគេកំពុង មានផ្ទៃពោះ។

៣.ត្រូវចេះស្មោះ និងធ្វើឲ្យនាង មានទំនុកចិត្ត មកលើខ្លួន៖ វាជារឿងពិតមួយ ដែលប្រពន្ធ របស់អ្នក នឹងមានក្តីបារម្ភ ជាច្រើនទាក់ទង ទៅនឹងភាពឈឺចាប់ ក្នុងនិង ក្រោយពេល សម្រាលបុត្រ ដូច្នេះហើយ អ្នកគួរតែ និយាយលួងលោម នាងក្នុងភាពវិជ្ជមាន និងបង្ហាញពី ភាពស្មោះស្ម័គ្រ របស់ខ្លួន ដើម្បីផ្តល់ជា កម្លាំងចិត្ត ទៅដល់រូបនាង។

ភាពស្មោះស្ម័គ្រ គឺជារឿងសំខាន់ ដែលប្តីគ្រប់រូប ត្រូវតែមាន ចំពោះប្រពន្ធ របស់ខ្លួន

៤.ជួយកាត់បន្ថយ អារម្មណ៍តានតឹង របស់នាង៖ ស្ត្រីដែលពពោះ គឺមានភាព អត់ធ្មត់យ៉ាងខ្លាំង ទៅលើផ្នែក ស្មារតីនិង រាងកាយ ហេតុដូច្នេះហើយ អារម្មណ៍តានតឹង នឹងកើតមាន ជាប្រចាំ ដូច្នេះបុរស ជាប្តីគួរតែចេះ ជួយលួងលោម និងនិយាយលេងសើច ជាមួយនឹងនាង ដើម្បីអាចឲ្យ នាងមានភាពធូរស្រាល។ ចូរផ្តល់ឲ្យនាង នូវកន្លែងដែល មានផាសុកភាព សម្រាប់គេង, ធ្វើការ និងការគិត ដើម្បីជួយ សម្រាលបន្ទុក របស់នាង ព្រោះថាម្តាយ ដែលពោរពេញ ទៅដោយអារម្មណ៍ តានតឹង នឹងអាចបង្កើត កូនដែលមាន សុខភាពមិនល្អម្នាក់ ដូច្នេះប្រការ នេះត្រូវតែប្រយ័ត្ន។

៥.ជូននាងទៅ មន្ទីរពេទ្យ៖ ការជូនប្រពន្ធ របស់ខ្លួនទៅ ពិនិត្យសុខភាព គឺជារឿងដ៏ សំខាន់បំផុតមួយ សម្រាប់បុរសជាប្តី ព្រោះថាការ ធ្វើបែបនេះអាច ឲ្យអ្នកទទួលបាន ព័ត៌មានជាក់លាក់ ពីគ្រូពេទ្យទាក់ទង ទៅនឹងសុខភាព ប្រពន្ធរបស់ខ្លួន ហើយម្យ៉ាងវិញទៀត នាងក៏មាន ភាពរីករាយផងដែរ នៅពេលដែលអ្នក តែងតែនៅ ក្បែរនាងជានិច្ច។

វាជារឿងសំខាន់ ដែលអ្នកត្រូវ ជូនប្រពន្ធ ទៅពិនិត្យសុខភាព ជាប្រចាំ

៦.ជួយធ្វើម៉ាស្សាឲ្យនាង៖ ការឈឺសន្លាក់ សាច់ដុំ ចុករោយពេញរាងកាយ គឺជារឿង ធម្មតាសម្រាប់ ស្ត្រីដែលពពោះ ដូច្នេះហើយ អ្នកគួរតែចេះ ជួយធ្វើសរសៃ ឬក៏ម៉ាស្សា ឲ្យនាងដើម្បី ជួយសម្រាល ភាពឈឺចាប់ ទាំងនោះ។ ម្យ៉ាងវិញទៀត ការធ្វើបែបនេះ គឺអាចបង្ហាញពី ក្តីស្រលាញ់ និងការមើល ថែរបស់អ្នក ដែលវិធីបែបនេះ ក៏អាចជួយ ឲ្យអារម្មណ៍ របស់នាងមាន សភាពនឹងនរ ផងដែរ។

៧.ត្រូវចេះជួយ ធ្វើការងារផ្សេងៗ និងថ្នាក់ថ្នមនាង៖ នៅពេលដែល ប្រពន្ធរបស់អ្នក មានផ្ទៃពោះ នោះនាងនឹង ពិបាកក្នុងការ ធ្វើការងារផ្ទះ ជាច្រើន ដូច្នេះអ្នកត្រូវ ចេះជួយធ្វើការងារ ទាំងនោះ និងថ្នាក់ថ្នម នាងរាល់ពេល ដែលនាងមាន អារម្មណ៍ថា នឿយហត់ ឬក៏មិនស្រួលខ្លួន ជាដើម។

ភាពថ្នាក់ថ្នម ក៏ជារឿងចាំបាច់មួយ ដែលបុរសជា ប្តីគប្បីមាន ចំពោះប្រពន្ធ របស់ខ្លួន

ទាំងនេះគឺជា ការណែនាំ ទៅដល់បុរសជាប្តី ក្នុងការយកចិត្តទុកដាក់ និងមើលថែ ទៅដល់ប្រពន្ធ របស់ខ្លួន ដែលកំពុងតែ ពពោះដើម្បី អាចឲ្យនាង ក៏ដូចជាគ្រួសារ ទាំងមូលមាន សុភមង្គល និងរស់នៅ ជាមួយគ្នា ដោយភាពសុខសាន្ត៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]