ប៉េរូ៖ កាលពីសម័យដើមមាន រាជាណាចក្រមួយ ឈ្មោះថា Inca បានប្រើវិធី ក្រងខ្សែពួរធ្វើជាស្ពាននៅពេល ដែលពួកគេចង់ ឆ្លងជ្រោះជ្រៅ ឬក៏ទន្លេ ដែលស្ថិតនៅតាមជួរភ្នំ Andes ។


អ្នកដំណើរកំពុងដើរឆ្លងកាត់ស្ពានដែលក្រងពី ខ្សែពួរធ្វើពីស្មៅ

៥០០ ឆ្នាំក្រោយមក មានស្ពានធ្វើពីខ្សែពួរ របស់រាជាណាចក្រ Inca តែមួយប៉ុណ្ណោះ នៅសល់ ដែលវា មានឈ្មោះថា ស្ពាន Keshwa Chaca លាតសន្ធឹងកាត់ទន្លេ Apurimac នៃខេត្ត Canas ប្រទេសប៉េរូ។ ដើម្បីពង្រីកអាណាចក្ររបស់គេ ជនជាតិ Inca បានកសាងស្ពានជា បណ្តាញដើម្បីធ្វើការ ផ្លាស់ទីកងទ័ព ប្រជាជន ដឹកជញ្ជូនទំនិញ ឲ្យបានរហ័សនៅលើខ្នងភ្នំ។ តាមការប៉ាន់ស្មាន ជនជាតិ Inca បានធ្វើស្ពាន ជាង ២០០ ដែលស្ពានទាំងអស់ សុទ្ធតែក្រងដោយដៃ។

ស្ពានទាំងនោះគឺជាផ្នែក មួយយ៉ាងសំខាន់ របស់ប្រព័ន្ធផ្លូវថ្នល់ជនជាតិ Inca ដែលមានប្រវែងជាង ៤០,២៣៤ គីឡូម៉ែត្រពី ប្រទេស អេក្វាទ័រ ទៅប្រទេសអាហ្សង់ទីន នាសម័យបច្ចុប្បន្ន។ ជនជាតិ Inca ឃើញមានសល់វត្តមាន ចុងក្រោយបំផុតត្រឹម ដើមសតវត្សទី១៧ ហើយរំលងបានប៉ុន្មាន ឆ្នាំក្រោយមក ស្ពានរបស់ពួកគេក៏បានវិនាស ជាបន្តបន្ទាប់។ យ៉ាងណាមិញ ការនៅសល់ ស្ពាន Keshwa Chaca ដែលជាស្ពានចុងក្រោយ របស់ជនជាតិ Inca គឺដោយសារតែអ្នកភូមិ ក្នុងតំបន់ បានធ្វើស្ពាននោះឡើងវិញ ជារៀងរាល់ឆ្នាំ ដោយប្រើប្រាស់វិធី ដូចទៅនឹងបុព្វបុរស Inca សម័យដើម។

ស្ពាន Keshwa Chaca មានប្រវែង ជាង៣០ម៉ែត្រឆ្លងកាត់ទន្លេ ឈ្មោះ Apurimac ដែល អ្នកភូមិអះអាងថា វាមានអាយុជាង ៥០០ឆ្នាំមកហើយ។ កាលពីសម័យដើមជនជាតិ Inca បានធ្វើស្ពាន រាល់ឆ្នាំជំនួសឲ្យការបង់ពន្ធ ហើយពេលបច្ចុប្បន្ន អ្នកភូមិនៅទីនោះ បានរក្សាប្រពៃណី និងជំនាញបែបបុរាណ ធ្វើស្ពាននេះ នៅរៀងរាល់ ខែមិថុនា។

វត្ថុធាតុដើមដែលយកមកប្រើគឺ ស្មៅម៉្យាងឈ្មោះ ichu ជាប្រភេទស្មៅ ដុះរដិបរដុប នៅលើភ្នំ Andes ដែលត្រូវគេយក មកក្រងជាខ្សែពួរដើម្បីធ្វើស្ពាន។ ស្ត្រីមេផ្ទះមកពី ភូមិចំនួន៤ នៅទីនោះគឺជាអ្នកទទួលខុសត្រូវ ក្នុងការសាងស្ពានថ្មី។ គេត្រូវចំនាយពេល ចំនួន៣ថ្ងៃដើម្បីសង់ ស្ពានថ្មីមួយបាន ហើយបើទោះជាមើល ទៅហាក់ដូចជាផុយ ក៏ពិតមែន តែតាមពិតទៅ ស្ពាននោះអាចទ្រ ទំងន់មនុស្សបាន រហូតដល់៥៦ នាក់ក្នុងពេលតែមួយ៕


សកម្មភាពអ្នកភូមិកំពុងសាងសង់ស្ពាន


ស្ត្រីមេផ្ទះមកពី៤ ភូមិនៅទីនោះជាអ្នកទទួលខុសត្រូវក្រងខ្សែពួរធ្វើពីស្មៅភ្នំ


 ស្ពាន Keshwa Chaca លាតសន្ធឹងកាត់ទន្លេ Apurimac នៃខេត្ត Canas ប្រទេសប៉េរូ


បើតាមអ្នកភូមិអះអាងថា ស្ពាន Keshwa Chaca នេះមានអាយុជាង ៥០០ឆ្នាំមកហើយ

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]