សិង្ហបូរី ៖ នេះពិតជារឿងមួយ គួរឲ្យកោតសរសើរ ដល់ទឹកចិត្ត ដ៏ស្មោះត្រង់ របស់បុរសម្នាក់នេះ ខ្លាំងណាស់ ដោយគាត់ សុខចិត្តប្រគល់លុយ ដែលត្រូវគេផ្ទេរច្រលំ ចូលក្នុងគណនី ធនាគារបស់គាត់ ជាង ៦ ម៉ឺនដុល្លារអាមេរិក ទៅឲ្យម្ចាស់ដើមវិញ ដោយគ្មានការ ស្ទាក់ស្ទើរបន្តិចឡើយ។

លោក Jon Lim អាយុ ៣១ ឆ្នាំ ជាអ្នកប្រឹក្សា ហិរញ្ញវត្ថុ រូបនេះ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី ២៧ មិនា គាត់បានទទួលសារមួយ ពីធនាគារ ដោយសរសេរថា ប្រាក់ ចំនួន ៨៨,៥៩៣.៣១ ដុល្លារសិង្ហបូរី ( ៦៦,៤៧៥ ដុល្លារអាមេរិក) ត្រូវបានផ្ទេរចូល ក្នុងគណនី ធនាគារ របស់គាត់។ ភ្លាមៗនោះ លោក  Lim គិតថា នេះប្រហែលជា ប្រាក់បន្ថែម ដែលក្រុមហ៊ុន របស់លោក ផ្ទេរឲ្យ ។ ប៉ុន្តែ ដល់ពេលគិតយូរទៅ លោកបានប្រាកដ ក្នុងចិត្តថា គ្មានការងារណា ឲ្យប្រាក់បន្ថែម ច្រើនដូច្នេះទេ។

បន្ទាប់មកលោកក៏បានដឹងថា អ្នកដែលផ្ទេរលុយ ចូលក្នុងគណនីរបស់ខ្លួន គឺជាក្រុមហ៊ុន លក់សម្ភារៈ វេជ្ជសាស្រ្ត ប្រចាំនៅ ប្រទេសអង់គ្លេស ដែលមានឈ្មោះថាSmith & Nephew ហើយ ក៏មានសាខា ប្រចាំនៅ ប្រទេសសិង្ហបូរី ដែរ។ ក្រោយមក លោកក៏បានទាក់ទង ទៅខាងក្រុមហ៊ុន និង ប្រគល់លុយ ដែលផ្ទេរច្រលំនោះ ទៅខាងក្រុមហ៊ុន វិញទាំងអស់។

លោក Lim បានរៀបរាប់ថា ៖ «នេះគឺជាការសំរេចចិត្ត ដ៏លឿនបំផុត ពីព្រោះនេះ មិនមែនជាលុយ របស់ខ្ញុំ និង លុយទាំងអស់នេះ ប្រហែលជា មានសារៈសំខាន់ ដល់មនុស្ស ផ្សេងទៀត ដែលកំពុង ត្រូវការវា។ មួយវិញទៀត បើសិនជាប្រាក់នេះ ត្រូវផ្ញើទៅឲ្យម្តាយ ដែលកំពុង ត្រូវការលុយ សម្រាប់ព្យាបាលកូន របស់គេវិញនោះ ហើយបើខ្ញុំសំងំ ទុកលុយនេះ វាជារឿងបាបកម្មបំផុត ពីព្រោះខ្ញុំ ក៏មានកូនស្រី ម្នាក់ដែរ»។  

យ៉ាងណាមិញ បន្ទាប់ពី លោក Lim បានប្រគល់លុយ ទៅឲ្យខាងក្រុមហ៊ុនវិញ មានសាច់ញាតិ បងប្អូន និង មិត្តភក្តិ របស់លោក បាននិយាយថា បើសិនជា រូបគេវិញ គឺគេមិនប្រគល់ ទៅឲ្យម្ចាស់ដើមវិញទេ ប្រាកដជា លួចដកលុយ រួចបិទគណនី ចោលហើយ។

ទោះជាយ៉ាងណា ក៏ដោយ ទង្វើដ៏ស្មោះត្រង់ របស់លោក Lim គឺជារឿងត្រឹមត្រូវ ដែលមនុស្សគ្រប់គ្នា គួរយកគំរូតាម៕


ឯកសារបង្ហាញពីទឹកប្រាក់ ៨៨,៥៩៣.៣១ ដុល្លារសិង្ហបូរី ត្រូវបានផ្ទេរចូល ក្នុងគណនីធនាគារ លោក Lim


លោក Lim បង្ហាញឯកសារគណនីរបស់គាត់

ប្រភព ៖ ស្តម

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]