(ភ្នំពេញ)៖ បន្ទាប់ពីបញ្ជូនជនសង្ស័យ០៦នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទៅតុលាការ និងបំបែកសំបុកចោរដែល ពាក់ព័ន្ធ ករណីលួចនិងទិញលក់ផលចោរកម្មរួចមក, នៅថ្ងៃទី២៥ ខែមេសានេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជន សង្ស័យទៅតុលាការ ចំនួន១១នាក់ បន្ថែមទៀត ដោយពាក់ព័ន្ធនិងបទល្មើស០៣ផ្សេងគ្នា គឺករណីគ្រឿងញៀនចំនួន០៥នាក់ ករណីរំលោភ លើទំនុកចិត្ត០១នាក់ និង ករណីគាស់ផ្ទះ លួច កាច់កម៉ូតូ និងទិញលក់ផលចោរកម្ម ចំនួន០៥នាក់។

ជនសង្ស័យ០៥នាក់ដែលពាក់ព័ន្ធគ្រឿងញៀន ត្រូវបានកម្លាំងល្បាតខណ្ឌទួលគោកឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥។  រីឯជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធករណី រំលោភទំនុកចិត្ត ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ ដោយកម្លាំង អាវុធហត្ថខណ្ឌ៧មករា តាមបណ្តឹងរបស់ ជនរងគ្រោះ ដែលត្រូវជាមិត្តភក្តិរបស់ជនល្មើស បានមកប្តឹងថា រូបគេត្រូវបាន មិត្តភក្តិលួចយកម៉ូតូ ខណៈពេលដែលពួកគេ បាន ផឹកស៊ី និងដេកផ្ទះសំណាក់ជាមួយគ្នា។

ដោយឡែកជនសង្ស័យ០៥នាក់ទៀត ដែលពាក់ព័ន្ធករណីគាស់ផ្ទះ លួច កាច់កម៉ូតូ និងទិញលក់ ផលចោរកម្ម ត្រូវបានឃាត់ខ្លួនជា បន្តបន្ទាប់គ្នា រយៈពេល ០៣ថ្ងៃ និងពង្រីកដែនសមត្ថកិច្ចតាម ចាប់រហូតដល់ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ក្រោមកិច្ចសហប្រតិបត្តការ រវាងអាវុធហត្ថរាជធានី ភ្នំពេញ ជាមួយអាវុធហត្ថខេត្តកណ្តាល និងខេត្តកំពង់ស្ពឺផងដែរ។

ក្រោយពេលបញ្ជូនជនសង្ស័យ ទាំង១១នាក់ខាងលើ ទៅតុលាការ វរសេនីយ៍ឯក ខេន សុវណ្ណ មេបញ្ជាការរង និងជាប្រធាន មន្ទីរស្រាវជ្រាវ និងយុត្តិធម៌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា លោក ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បានដាក់បទបញ្ជា ឲ្យកម្លាំងជំនាញ របស់ លោក ក៏ដូចជាតាមបណ្តាមូលដ្ឋានខណ្ឌទាំង១២ ត្រូវបន្តប្រឹងប្រែងស្រាវជ្រាវបង្ក្រាបមុខសញ្ញា ដែលពាក់ព័ន្ធ បទល្មើស ផ្សេងៗ ក្នុងភូមិ សាស្ត្ររាជធានី ភ្នំពេញបន្ថែមទៀត ជាពិសេសផ្តោតការយកចិត្តទុកដាក់ ខ្លាំងទៅលើការបង្ក្រាប ទីតាំង ជួញដូរគ្រឿងញៀន និងបោសសំអាត ទីតាំងដែល ទទួលទិញលក់ផល ចោរកម្ម និងហាងបញ្ចាំខុសច្បាប់ ដើម្បីទប់ស្កាត់អំពើ លួចនិងប្លន់ ផ្សេងៗ។ ដូច្នេះលោក សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់ សូមមេត្តាចូលរួមសហការណ៍ ផ្តល់ព័ត៌មានដែលទាក់ទង និងបទល្មើស ផ្សេងៗដល់សមត្ថកិច្ច ដើម្បីធ្វើការ បង្ក្រាបក្រុមទុច្ចរិត ដែលតែងតែគំរាមកំហែងដល់សេចក្តីសុខ និងសុវត្ថិភាពប្រជាពលរដ្ឋ ក៏ដូចជាបង្ក អស្ថេរភាពដល់សង្គមផងដែរ។

ជាចុងក្រោយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមប្រកាសជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលត្រូវបានចោរលួចនិងប្លន់ម៉ូតូកន្លងមក សូមយកឯកសារ ពាក់ព័ន្ធ មកផ្ទៀងផ្ទាត់ ជាមួយម៉ូតូដែលសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបានទាំង១៧គ្រឿង៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]