កំពង់ចាម៖ នៅក្នុងគ្រោះថ្នាក់ចរាចរ ដ៏គួរឲ្យភ្ញាក់ ផ្អើលចំក្បួនព្រះទីនាំង (រថយន្ត) របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន គណបក្ស ហ៊្វុន ស៊ិនប៉ិច នៅលើកំណាត់ ផ្លូវជាតិលេខ៧ ក្នុងភូមិសាស្រ្ត ស្រុកព្រៃឈរ ខេត្តកំពង់ចាម វេលាម៉ោងជាង ១២និង៥០នាទី ថ្ងៃនេះ បណ្តាលឲ្យសហសេវិក របស់ព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា រងរបួសសរុប៦នាក់។

ជាមហាភ័ព្វសំណាង ព្រះអង្គបានចាកផុត ពីរងគ្រោះបើទោះបីជា ព្រះអង្គគង់ក្នុងព្រះទីនាំង ដែលត្រូវបានគៀរ ដោយរថយន្តដឹកដី ជាអ្នកបង្ក ក៏ដោយ។ ឧប្បត្តិហេតុនេះ ពុំត្រូវបានគណបក្ស ហ៊្វុនស៊ិនប៉ិច អះអាងថា ជារឿងនយោបាយនោះទេ ដោយបាន ចាត់ទុកថា នេះជាឧប្បត្តិហេតុ ហើយនិងការធ្វេសប្រហេស របស់ក្រុមក្បួនព្រះទីនាំង របស់ព្រះអង្គតែប៉ុណ្ណោះ ដែលបានពើបប្រទះ ជាមួយរថយន្ត ដឹកដី។

អ្នកនាំពាក្យគណបក្ស ហ៊្វុនស៊ិនប៉ិច លោក ញ៉េត ប៊ុនជិន បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ឧប្បត្តិហេតុគ្រោះថ្នាក់ ចរាចរនៅខេត្តកំពង់ចាម សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនរងរបួសដល់ ព្រះកាយនោះទេ ខណៈព្រះរាជ អគ្គមហេសី អ្នកម្នាង អ៊ុក ផល្លា បែកក្បាលបន្តិច រីឯព្រះទីនាំង BMW ប្រភេទ X5 (Smart Key) តម្លៃជាង ១៧ម៉ឺនដុល្លារ របស់ព្រះអង្គរងការ បុកខូចខាត យ៉ាងដំណំ។ ក្រោយជួបឧប្បត្តិហេតុភ្លាមៗ សម្តេចក្រុមព្រះ និង អ្នកម្នាង ក៏បានប្តូររថយន្តថ្មី បន្តព្រះរាជដំណើរ មករាជធានីភ្នំពេញ វិញហើយ។

សូមបញ្ជាក់ថា នៅវេលាម៉ោង ១២និង៥០នាទី រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ រថយន្ដដឹកដីមួយគ្រឿង បានបើកបុកចូលក្បួន ព្រះទីនាំងរបស់ សម្ដេចក្រុមព្រះ ដែលកំពុងធ្វើដំណើរ ត្រឡប់មកភ្នំពេញវិញ បណ្ដាលឱ្យ គៀរព្រះទីនាំង របស់ព្រះអង្គ បណ្តាលឲ្យរង របួសធ្ងន់ស្រាល ៦អង្គ-នាក់ នេះបើយោងតាម មន្រ្តីនគរបាលខេត្ត កំពង់ចាម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅលើ កំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិព្រៃខ្វិត ឃុំខ្វិតធំ ស្រុកព្រៃ ឈរ ខេត្ដកំពង់ចាម ។
អធិការនគរបាល ស្រុកព្រៃឈរ លោក កែវ សៀងហ៊ន បានបញ្ជាក់ថា ខណៈដែលក្បួន រថយន្ដរបស់សម្ដេច ក្រុមព្រះ ដែលមានរថយន្ដ ស៊ីរ៉ែននាំមុខ កំពុងធ្វើដំណើរ មកកាន់រាជធានី ភ្នំពេញនោះ ស្រាប់តែរថយន្ដដឹកដីមួយ គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B-4495 ធ្វើដំណើរបញ្ច្រាសទិសក្បួន ហើយពេលផុត រថយន្ដស៊ីរ៉ែន រថយន្ដដឹក ដីបានបើកចូលក្បួន ទៅគៀរព្រះទីនាំង របស់ព្រះអង្គ រួចបន្ដទៅ បុកគល់ឈើ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]