រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានម្ចាស់ម៉ូតូ ធ្វើការដេញតាមធាក់ ម៉ូតូផ្តួល បណ្តាលឱ្យ ជនសង្ស័យម្នាក់ ធ្លាក់ ពីលើម៉ូតូ រងរបួសធ្ងន់ បន្ទាប់ពីពួកគេ ធ្វើសកម្មភាពលួច ម៉ូតូមួយគ្រឿង រួចព្យាយាមជិះ គេចខ្លួនបានចម្ងាយ ជាង១០គីឡូម៉ែត្រ កាលពី វេលាម៉ោង ១ និង៣០នាទី រសៀលថ្ងៃទី ២៤ មេសា ២០១៥ ស្ថិតនៅចំណុច ផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យជា អនីតិជនឈ្មោះពៅ ហៅត្រា អាយុ១៥ឆ្នាំ មានទីលំនៅប័ង្កសី ស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែក ជនរងគ្រោះមិន ត្រូវស្គាល់អត្តសញ្ញាណ នោះទេ ជិះម៉ូតូម៉ាកស្មាស់វី ពាក់ស្លាកលេខ កណ្តាល 1S-1344 ត្រូវជនសង្ស័យ លួចយកម៉ូតូធុន C125 ពាក់ស្លាកលេខ 1AE-0937 ។

ប្រភពបន្តថា មុនពេលកើតហេតុ ជនសង្ស័យ ទាំង២នាក់បានធ្វើ សកម្មភាពលួចម៉ូតូ នៅចំណុចយាន ដ្ឋានជួសជុល រថយន្តនៅ ភូមិក្រាំង ពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រួចជិះសំដៅមក រាជធានីភ្នំពេញ ។ រំពេចនោះ ត្រូវម្ចាស់ម៉ូតូដឹងទាន់ ក៏ធ្វើការដេញ តាមរហូតទាន់ នៅ ចំណុចកើតហេតុ ក៏ធាក់ម៉ូតូផ្តួល ហើយជនសង្ស័យម្នាក់ បានធ្លាក់ពីលើម៉ូតូរងរបួស ទើបត្រូវឃាត់ខ្លួនបានតែម្តង ចំណែកឯម្នាក់ទៀត បាន រត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅ អធិការដ្ឋានខណ្ឌដង្កោ ដើម្បីដោះស្រាយ តាមនីតិវិធីច្បាប់ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]