ចិន៖ បុរសជាកម្មករម្នាក់ អាយុ ៣៤ឆ្នាំ មកពីខេត្ត Jiangxi ថ្មីៗនេះ ត្រូវបានគេ ជួយសង្គ្រោះ ចេញពីសិប្បកម្មក្រណាត់ មួយកន្លែង ដែលមានទីតាំង ស្ថិតក្នុងទីក្រុង Qingyuan បន្ទាប់ពីរូបគាត់ ត្រូវឃុំ និងបង្ខំ ឲ្យធ្វើការ នៅទីនោះ ជាង ១៨ឆ្នាំ។


រូបភាពកម្មករ និងទីតាំង ដែលគាត់ត្រូវឃុំ ឲ្យធ្វើការជាង១៨ ឆ្នាំ

ការិយាល័យច្បាប់ នៅក្នុងតំបន់ បានទទួលបណ្តឹងពី អ្នកស្រុក អំពីករណីសង្ស័យ លើដំណើរការ សិប្បកម្មខុសច្បាប់ ក្នុងអាគារមួយ នៅស្រុក Qingcheng ហើយអាជ្ញាធរ ក៏ចាប់ផ្តើម ធ្វើការស៊ើបអង្កេត លើករណីនោះ។ ពេលទៅដល់ទីតាំង អាជ្ញាធរប៉ូលិស បានឆែកឃើញ ការលាក់ទុក ផលិតផល ក្លែងក្លាយជាច្រើន និងបានធ្វើការ រឹបអូសយក ខណៈនោះ ពួកគាត់ក៏ប្រទះ ឃើញបុរសម្នាក់ ឈ្មោះ Xie Shisheng ពួននៅក្នុងបន្ទប់។

Xie មានអាការៈ ភ័យញ័រ នៅពេលដែល ប៉ូលិសសួរសំនួរ ទៅកាន់គាត់ ដោយគាត់មិនបាន ដឹងនោះទេ ថាឆ្នាំណា ឬក៏រយៈពេល យូរប៉ុណ្ណាទៀតទេ ដែលគាត់ត្រូវ ជាប់ឃុំ នៅក្នុងអាគារនោះ។ នៅពេលដែលអាជ្ញាធរ និងអ្នកភូមិព្យាយាម ជួយគាត់ចេញពី ទីនោះ Xie បែរជាភ័យ ស្ទាក់ស្ទើរទៅវិញ ដោយបានប្រាប់ថា បើសិនជារូបគាត់ ចាកចេញនោះ ថៅកែនឹងវាយគាត់ រហូតដល់ស្លាប់ ជាមិនខាន។

ក្រោយមក កម្មកររូបនោះ ប្រាប់ប៉ូលិសថា គាត់ត្រូវគេយកមក ពីខេត្ត Guangdong តាំងពីអាយុ ១៦ឆ្នាំ ដោយបុរសម្នាក់ ជាអ្នកភូមិ ជាមួយគ្នា ឈ្មោះថា Du Shaorong កាលពីឆ្នាំ ១៩៩៧ ហើយចាប់តាំង ពីថ្ងៃនោះមក គាត់មិនដែលបាន ចាកចេញ ទៅក្រៅ ម្តងណាឡើយ។

ជារៀងរាល់ថ្ងៃ Xie បរិភោគអាហារ មួយចានតូច ហើយត្រូវក្រោកធ្វើការ ក្រោយពីគេង បាន ១ ឬក៏២ម៉ោង។ បើសិនជាមិនស្គាប់ តាមបញ្ជាថៅកែ គេនឹងត្រូវ ស្តីបន្ទោស ឬវាយធ្វើបាប។

ទោះជាយ៉ាងណាក៏ដោយ ថៅកែពីរនាក់ប្តីប្រពន្ធ បានរត់គេចខ្លួន បាត់ទៅហើយ នៅពេលដែល សមត្ថកិច្ច ចុះទៅដល់។ ចំណែកឯ អ្នកជិតខាងវិញ បានប្រាប់ថា ពួកគេលឺសំលេងមនុស្ស យំជារៀងរាល់យប់ តែមិនបានចាប់អារម្មណ៍ ព្រោះគិតថា ប្រហែលជា ឪពុកម្តាយ វាយប្រដៅកូន៕


ស្លាកស្នាមសល់ពីការវាយធ្វើបាបពីសំណាក់ថៅកែ


ទិដ្ឋភាពខាងក្នុងសិប្បកម្មក្រណាត់ខុសច្បាប់


សកម្មភាពប៉ូលិសកំពុងធ្វើកំណត់ហេតុ


វត្ថុតាងដែលប៉ូលិសនឹងរឹបអូសយក


អាគារសិប្បកម្មក្រណាត់ខុសច្បាប់ មើលពីខាងក្រៅ

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]