ភ្នំពេញ៖ ក្រុមសិស្សសាលា ថ្នាក់អនុវិទ្យាល័យ នៅសាលាសន្ធរម៉ុក ជាង១០នាក់ទាំង ស្រីទាំងប្រុស បាននាំគ្នាគេច មិនចូលរៀនជិះ ម៉ូតូដង្ហែតាមផ្លូវ ទៅផឹកស៊ីនៅ ហាងម្លប់ស្ដៅមេគង្គ ស្ថិតនៅតាមមាត់ទន្លេ ក្នុងភូមិកោះនរាយ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយ នាំគ្នាចុះទៅ ងូតទឹកលេង ក៏លង់ស្លាប់ម្នាក់ ជួយមិនទាន់ កាលពីវេលាម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥។

យោងតាមប្រភពព័ត៌មាន ពីមិត្ដភក្ដិជនរងគ្រោះ បាននិយាយថា ពួកគេបាននាំគ្នាជិះ ម៉ូតូដើរលេង ហើយបង្ហួសមក ផឹកស៊ីសប្បាយ នៅក្នុងហាងខាងលើ ដោយការផឹកស៊ីនោះ បានប្រព្រឹត្ដទៅយ៉ាង សប្បាយរីករាយ ហើយផឹកសុទ្ធតែ ស្រាក្រហម ។ ក្រោយពីផឹកស៊ី មួយសន្ទុះរួចមក ជនរងគ្រោះនិង មិត្ដភក្ដិ មួយចំនួន នៅក្នុងវង់ផឹកស៊ី មានអាការៈស្រវឹងក្ដៅ ក្នុងខ្លួនក៏នាំគ្នា៣នាក់ ចុះទៅងូតទឹក ដើម្បីឱ្យស្វាងស្រា ។

ប្រភពព័ត៌មានបានបន្ដទៀត ខណៈដែល ពួកគេរៀបនឹងចុះ ទៅក្នុងទឹកនោះ ជនរងគ្រោះបានរអិលជើង លើបាវខ្សាច់ ដែលអាជ្ញាធរ ដាក់បាំង តាមច្រាំងទន្លេ ធ្វើឱ្យធ្លាក់ចូល ទៅក្នុងទឹក ដែលកំពុងហូរបណ្ដាល ឱ្យលង់ ស្លាប់តែម្ដង ម្យ៉ាងនៅកន្លែង កើតហេតុនោះ គ្មានប្រជាពលរដ្ឋណា ចុះទៅជួយភ្លាមៗ ។

ប្រភពព័ត៌មានពី សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ នាង វិឆាយ អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ នៅវិទ្យាល័យ សន្ធរម៉ុក រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ ។ ប្រភពព័ត៌មាន បានបន្ដទៀតថា ក្រោយពីមានករណី នេះកើតឡើង អាជ្ញាធរនិងសមត្ថកិច្ច បានទាក់ទង ទៅក្រុមគ្រួសារ រួចហើយ ជួលអ្នកចែវទូក ឱ្យជួយរាវរកក្នុង ទឹកទន្លេទើប មួយសន្ទុះក្រោយមក បានរកឃើញសពជន រងគ្រោះតែម្ដង ។ ក្រោយការស្រង់ ចេញពីទន្លេ ប្រជាពលរដ្ឋនិង អ្នកស្រង់បានជួយធ្វើ ចលនាចាប់រលាក់ ឱ្យទឹកហូរចេញ ពីក្នុងពោះ ប៉ុន្ដែជនរងគ្រោះបាន ដាច់ខ្យល់ស្លាប់ បាត់ទៅហើយ ។

ក្រោយយកសព ចេញពីក្នុងទឹករួចមក សមត្ថកិច្ចបានប្រគល់ ទៅឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ។








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]