ស្វាយរៀង៖ បើទោះបីជា សម័យបច្ចុប្បន្ន វិទ្យាសាស្ត្រ មានការរីកចំរើន ជឿនលឿន យ៉ាងណាក៏ដោយ ក៏រឿងរ៉ាវ ព្រលឹងខ្មោច ឬវិញ្ញាណអ្នកស្លាប់ នៅតែមិនទាន់ មានការបញ្ជាក់ ឬក៏អះអាងច្បាស់ យ៉ាងណានោះឡើយ ម្យ៉ាងវិញទៀត ការលើកឡើង របស់មនុស្ស ជាច្រើនទាក់ទង ទៅនឹងការប្រទះឃើញ ព្រលឹងខ្មោច និងការលងបន្លាច របស់ខ្មោចនោះ ក៏នៅតែ មានជាបន្តបន្ទាប់ ផងដែរ។

តួយ៉ាងដូចជា នាពេលថ្មីៗនេះ ក្រុមការងារ ខ្មែរឡូត បានចុះទៅដល់ ភូមិមួយដែល ហាក់ដូចជា ស្ថិតនៅដាច់ស្រយ៉ាល ពីទីប្រជុំជន ផងដែរ ដោយមានទីតាំង នៅក្នុងភូមិ តានូខាងលិច ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលមានអ្នកភូមិ នៅទីនោះជាច្រើននាក់ អះអាងថា មានផ្ទះដែលត្រូវ គេទុកចោលមួយ មានព្រលឹងខ្មោច ស្នាក់នៅ ហើយតែងបង្ហាញខ្លួន និងលងបន្លាចដល់ អ្នកភូមិណាដែល ដើរកាត់ទីនោះ ជាពិសេសគឺនៅ ពេលយប់តែម្តង។


ផ្ទះដែលត្រូវ ម្ចាស់បោះបង់ចោល និងល្បីថាមាន ខ្មោចស្នាក់នៅទីនោះ

ក្រោយមក ក្រុមការងារ របស់យើង ក៏បានធ្វើដំណើរ ទៅកាន់ផ្ទះមួយនោះ ដែលអ្នកភូមិអះអាងថា មានខ្មោចលងបន្លាច ជារឿយៗ ដើម្បី ផ្តិតយករូបភាពផ្ទាល់ ក៏ដូចជាស្តាប់ នូវដំណើររឿង និងហេតុការណ៍ មួយចំនួនដែល អ្នកភូមិត្រូវបាន ខ្មោចលងបន្លាច។ តាមការរៀបរាប់ របស់អ្នកភូមិ បានឲ្យដឹងថា ផ្ទះនិងដីម្តុំនោះ ត្រូវបានម្ចាស់ ទុកចោលប្រហែល ជា៣ឆ្នាំហើយ ដោយមិនដឹងមូលហេតុ ក្រោយមកទីនោះ ត្រូវបានគេល្បី ថាមានខ្មោចលង យ៉ាងខ្លាំង ឲ្យតែមាន អ្នកដើរកាត់ ដឹងតែជួបប្រទះ ហេតុការណ៍តក់ស្លុតហើយ។

បន្ថែមពីនេះទៀត លោកតាម្នាក់ ឈ្មោះថា ឌី បានប្រាប់ឲ្យដឹងថា “ម្យ៉ាងផ្លូវនៅ ខាងមុខផ្ទះនេះ គឺជាផ្លូវតែ មួយគត់ដែល អ្នកភូមិនៅទីនេះ ធ្វើការដង្ហែសព ទៅកាន់វត្ត ដូច្នេះហើយ ទើបធ្វើឲ្យ ផ្ទះមួយនេះ មើលទៅកាន់តែ ស្រៀវថែមទៀត។ ក្រោយពេលដែល ម្ចាស់ផ្ទះបាន បោះបង់ទៅ អ្នកភូមិជាច្រើន ឲ្យតែដើរកាត់ ទីនោះនៅ ពេលយប់តែងតែ ឮសូរមាត់មនុស្ស ជំនុំគ្នាចេញ ពីក្នុងផ្ទះនោះ បើទោះជា មិនមានអ្នកណា នៅក្នុងនោះក៏ដោយ រីឯអ្នកផ្សេងទៀត ក៏ជួបហេតុការណ៍ លងបន្លាច ស្រស់ៗតែម្តង”។

ជួបជាមួយបងប្រុស ម្នាក់ហៅ ម៉ាប់ បានរ៉ាយរ៉ាប់ រឿងរ៉ាវខ្មោចលង ដែលគាត់ទើបនឹង ជួបប្រទះ ឲ្យយើងដឹងថា “កាលពីយប់មួយ ប្រហែលជាម៉ោង ជាង៨ ខ្ញុំបាន ដើរកាត់ ទីនោះជាមួយនឹង ប្រពន្ធដើម្បី ទៅផ្ទះវិញ បន្ទាប់ពីចូលរួមពិធីបុណ្យ របស់អ្នកភូមិ។ ហើយពេលដែល មកដល់ចំណុចនេះ ខ្ញុំក៏បានឃើញ ស្រមោលពណ៌ សស្ទង់ៗ នៅពីមុខ ប្រហែលជា ២០ម៉ែត្រ បន្តិចក្រោយមក ស្រមោលនោះ ក៏បានហោះ មករកខ្ញុំ យ៉ាងលឿនបំផុត ឃើញបែបនេះ ខ្ញុំតក់ស្លុត ធ្វើអ្វីក៏មិនកើត មានតែឈរសម្លឹង វាដោយមិន កម្រើកអ្វីទាំងអស់ ក្រោយមកស្រមោលនោះ ក៏ហោះមកបុកខ្ញុំ ពេញមួយទំហឹង ធ្វើឲ្យខ្ញុំដួល នៅលើដីទាំង ច្រង៉ាប់ច្រងិល ដោយទិដ្ឋភាពនេះ ធ្វើឲ្យប្រពន្ធខ្ញុំ មានការភិតភ័យ យ៉ាងខ្លាំងផងដែរ”។


បងប្រុសម៉ាប់ កំពុងបង្ហាញ ទីកន្លែងដែល គាត់បានឃើញខ្មោច ហោះមកបុកគាត់

លើសពីនេះទៀត បងប្រុសម្នាក់ ឈ្មោះថា ឡង់ ក៏បានប្រាប់ដែរថា ពេលយប់មួយ ប្រហែលជា កាលពីមួយខែ មុននេះ ពួកគាត់មាន គ្នីគ្នា៥នាក់ បានធ្វើដំណើរ កាត់ទីនោះ ដោយទើបនឹង ត្រឡប់មកពី ពិធីជប់លៀង របស់មិត្តភក្តិ នៅភូមិផ្សេងទៀត មកដល់ចំណុចនេះ រូបគាត់ក៏ មានអារម្មណ៍ថា ចង់បត់ជើងតូច ដូច្នេះក៏ឈប់ ម៉ូតូហើយដើរ ទៅរកគល់ដូង ដើម្បីនោម ដោយឲ្យគ្នីគ្នា ចាំនៅក្បែរនោះ ស្រាប់តែកំពុង តែនោមបានបន្តិច គាត់ក៏ហាក់មាន អារម្មណ៍ប្លែក ក៏ងើយមើល ទៅលើដើមដូង ឃើញមនុស្សស្រីម្នាក់ ស្លៀកពាក់ស ហើយមានមាឌធំ ឈរនៅលើចុង ដើមដូងនោះ សម្លឹងមើលគាត់ថ្លែៗ ដោយឃើញបែបនេះ គាត់ក៏ស្រែកយ៉ាងខ្លាំង ហើយរត់យ៉ាងលឿន ដោយមិន មើលក្រោយ និងមិនចាំបាច់ បរិយាយអ្វី ប្រាប់មិត្តភក្តិ ទៀតដែរ ទម្រាំទៅដល់ផ្ទះ គាត់ហត់ស្ទើរតែ ត្រដរខ្យល់ទៅហើយ។


បងប្រុស ឡង់ ដែលបានឃើញ ហេតុការណ៍រន្ធត់ ផ្ទាល់ភ្នែក

នៅមានរឿងរ៉ាវ លងបន្លាច ជាច្រើនទៀត ដែលអ្នកភូមិ នៅទីនោះ ធ្លាប់ជួបប្រទះ តែយ៉ាងណាមិញ ពួកគាត់ក៏បាន បញ្ជាក់ដែរថា ប៉ុន្មានមួយរយ: ចុងក្រោយនេះ សកម្មភាពលង បន្លាចនៅផ្ទះមួយនោះ ហាក់មិនសូវ ខ្លាំងក្លាដូច កាលពីពេលដែល ម្ចាស់ទើបនឹង បោះបង់ចោលថ្មីៗ នោះទេ។ គួរបញ្ជាក់ផងដែរថា ទីតាំងដើមដូង ដូចបានរៀបរាប់ខាងលើ ខាងក្រុមការងារមិន អាចចូលទៅ ផ្តិតយករូបភាពបានទេ ព្រោះតែ មានភូមិសាស្ត្រ ស្ថិតនៅជ្រៅពេក ណាមួួយមេឃ ក៏ងងឹតពិបាក ក្នុងការដើរ និងផ្តិតយករូបភាព ផងដែរ៕


ផ្លូវដើរខាងមុខផ្ទះ ដែលសំបូរទៅដោយ ព្រៃស៊ុបទ្រុប

ទិដ្ឋភាពក៏ ដូចជារូបរាង នៃផ្ទះដែល ល្បីថាមានខ្មោចលង ព្រមទាំងបរិវេណ ជុំវិញនោះ៖



ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]