វៀតណាម៖ ស្រ្តីម្នាក់ត្រូវបាន ក្រុមគ្រូពេទ្យ ចំណាយពេល ជាច្រើនម៉ោង ដើម្បីវះកាត់យក ដុំសាច់ដ៏ធំចម្លែក ដែលកើតមាន ក្នុងស្បូន របស់នាង ជាយូរមកហើយ។

បើតាមប្រភព សារព័ត៌មាន បានឲ្យដឹងថា នារីម្នាក់នោះ មានឈ្មោះ Huynh Thi Phuong អាយុ ៥២ឆ្នាំ ត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យ នៅទីក្រុងហូជីមិញ បន្ទាប់ពីនាងមានអការៈ ពិបាកដកដង្ហើម និងមិនអាច ទទួលអាហារបាន ហើយពិបាកក្នុងការដើរ ដោយសារ ពោះរបស់នាង កាន់តែធំទៅៗ។  

ក្រុមគ្រូពេទ្យ ដែលមានជំនាញ ផ្នែកជំងឺមហារីក បានសំរេចចិត្ត ធ្វើការវះកាត់ លើរូបនាង ដោយជាលទ្ធផល ពួកគេបានយកចេញ នូវដុំសាច់ពីក្នុង ស្បូនរបស់នាង ដែលវាទំងន់ ប្រហែល ២៦គីឡូក្រាម ហើយមានអង្កត់ផ្ចិត រហូតដល់ទៅ កន្លះម៉ែត្រ ឯណោះ។ គ្រូពេទ្យបានប្រាប់ ឲ្យដឹងថា៖ "ពួកយើងបាន សំរេចចិត្ត ធ្វើការវះកាត់ ជាបន្ទាន់ ព្រោះដុំសាច់នោះ កំពុងតែគំរាមកំហែង ដល់អាយុជីវិត របស់នាង"។

ក្រុមគ្រូពេទ្យ ក៏មានការភ្ញាក់ផ្អើល ផងដែរ ព្រោះឆ្លងកាត់ តាមការវះកាត់ ជាច្រើន កន្លងមកហើយ ពួកគេមិនដែលជួប ដុំសាច់ ក្នុងខ្លួនមនុស្សណា ដែលមានទំហំធំ ដូចនេះទេ។

ចំណែកឯស្រ្តីឈ្មោះ Phoung បាននិយាយប្រាប់ ឲ្យដឹងដែរថា នាងបានពិនិត្យ និងដឹងថា មានដុំសាច់នេះ រយៈពេល៤ឆ្នាំ មកហើយ តែដោយសារ បញ្ហាជីវភាព និងខ្លាចការវះកាត់ ផងនោះ ទើបនាងមិនបាន ទៅមន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់ យកវាចេញ។

ជាចុងក្រោយ ក្រុមគ្រូពេទ្យ ក៏បានផ្តែផ្តាំ ទៅដល់ ស្រ្តីទាំងអស់ថា៖ "ស្ត្រីទាំងឡាយ គួរធ្វើការពិនិត្យសុខភាព ជារៀងរាល់៦ខែម្តង ដើម្បីដឹងពី បញ្ហាសុខភាព ភ្លាមៗ និងទាន់ពេលវេលា វាងាយស្រួល ក្នុងការព្យាបាល ព្រោះថា ប្រសិនបើយឺតពេល នោះវានឹងចំណាយ ថវិការច្រើន ហើយប្រឈមមុខ នឹងគ្រោះថ្នាក់ កំរិតខ្ពស់ ទៀតផង!"៕



ប្រភព singaporeseen

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]