រាជធានីភ្នំពេញ ៖ បុរសម្នាក់ ដោយសារតែដឹងថា នារីជាសង្សារ ចង់បែកចិត្ត ខំរត់ទៅទិញទឹកអប់ យកទៅឱ្យបំណង លួងចិត្ត ត្រូវនារីសង្សារ និងម្តាយស្រែកចោទថា ជាចោរឆក់ទូរស័ព្ទ និងកាបូបលុយ ធ្វើឱ្យប្រជាពលរដ្ឋឡោមព័ទ្ធ ចាប់វាយយ៉ាងដំណំ កុំតែបានប៉ូលិសប៉ុស្តិ៍ភ្នំពេញថ្មី ចុះទៅអន្តរាគន៍ទាន់ កុំអីក្ស័យជីវិតបាត់ទៅហើយ ។

ហេតុការណ៍នេះ បង្កឱ្យមានភាពភ្ញាក់ផ្អើល កាលពីរវេលាម៉ោង០៨ និង៤៥នាទី យប់ថ្ងៃទី២៣ មេសា ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ខាងកើតសាកល វិទ្យាល័យ IU ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពបានឱ្យដឹងថា បុរសដែលត្រូវគេចោទថា ចោរនោះមានឈ្មោះសេង លី អាយុ៣៥ឆ្នាំ បានអះអាងថា ខ្លួនជាមន្ត្រីប៉ូលិស ម្នាក់នៅក្រសួងមហាផ្ទៃ ស្នាក់នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ ចំណែកនារីជាសង្សារ ឈ្មោះទូច ធីតា អាយុ១៩ឆ្នាំ ជាមេការហាងផឹកស៊ី «តារារីករាយ» ស្នាក់នៅផ្ទះជួលម្តុំ កើតហេតុខាងលើ និងម្តាយឈ្មោះទូច ស្រីធំ អាយុ៥២ឆ្នាំ ជាអ្នកលក់អីវ៉ាន់ ចាប់ហួយនៅសង្កាត់វាយវង់ ខណ្ឌ៧ មករា ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះសេង លី បានអង្គុយរៀបរាប់ទាំង ការឈឺចាប់ថា ការពិតគាត់និងនារីនោះ គឺជាសង្សារនឹងគ្នាទេ ហើយគាត់និងនាងបានទាក់ទង និងរួមរស់នៅជាមួយគ្នា ដូចប្តីប្រពន្ធរយៈពេល ៣ខែមកហើយ ។ ប៉ុន្តែរយៈពេល១ខែចុងក្រោយ នេះគាត់និងនាង មានរឿងរកាំរកូស ឈ្លោះប្រកែកគ្នាមិន ចេះចប់សោះ ដោយពេលឈ្លោះគ្នាម្តងៗ នាងចេះតែសុំគាត់បែកគ្នា រហូតពេលគាត់សួរថា មកពីររឿងអីបានចេះ តែចង់បែកពីរគាត់អ៊ីចឹង តែនាងមិនព្រម ប្រាប់គាត់សោះ ។

លោកបន្តថា កាលពីថ្ងៃចូលឆ្នាំខ្មែរថ្ងៃទី២ គាត់ជិះម៉ូតូទៅផ្ទះនាង បំណងយកនាង ទៅដើរលេង តែនៅពេលជិះម៉ូតូ ទៅដល់មុខផ្ទះបែរជានាងដេញគាត់ ឱ្យត្រលប់ទៅផ្ទះវិញ ទើបធ្វើឱ្យគាត់ខឹងយ៉ាងខ្លាំង ក៏កើតជាជម្លោះឈ្លោះ ប្រកែកគ្នាបែកផ្សែង១ប្រាវ ដោយខឹងពេក គាត់ក៏បានរត់ទៅឆក់យក កាបូបលុយរបស់នាងដែល មានលុយនៅក្នុងនោះ៤០ម៉ឺនរៀល ហើយឡើងជិះម៉ូតូ ត្រលប់មកដេកផ្ទះវិញ ។

គាត់បានបញ្ជាក់ថា ការពិតគាត់ឆក់យក កាបូបលុយនាង គឺគ្រាន់តែចង់ឱ្យនាងជិះម៉ូតូ មកយកកាបូបនាងនៅផ្ទះ របស់គាត់វិញប៉ុណ្ណោះ តែនៅឃើញនាងមិនមក ទើប៣ថ្ងៃក្រោយគាត់បានជិះម៉ូតូ យកកាបូបលុយទៅឱ្យនាងវិញទៅ ។ លុះដល់យប់កើតហេតុ ដោយនឹកនាងពេក គាត់ក៏បានទូរស័ព្ទទៅនាង ស្រាប់តែនាងលើកទូរស័ព្ទ ហើយប្រាប់គាត់ថា ឈប់ឱ្យគាត់រំខាននាង ទៀតទៅហើយថែមទាំង ចុចបិទទូរស័ព្ទគាត់ទៀតផង ។

ដោយសារ ស្រលាញ់នាងខ្លាំងពេក មិនដឹងធ្វើយ៉ាងម៉េច គាត់បានសម្រេចចិត្ត ជិះម៉ូតូទៅទិញទឹកអប់១ ដប តំម្លៃជាង១០០ដុល្លារ យកទៅលួងលោមចិត្តនាង តែពេលជិះម៉ូតូ ឌុបទៅដល់មុខផ្ទះ បែរជានាងមិនព្រម ចេញមកជួប ទើបធ្វើឱ្យគាត់ខឹង ក៏បានដើរចូល ទៅទាញ យកទូរស័ព្ទនាង បម្រុងយកមកបោក ចោល តែត្រូវនាងនិង ម្តាយបានស្រែកថា «ចោរឆក់ទូរស័ព្ទ» ធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរឡោមព័ទ្ធចាប់គាត់វាយ ស្ទើរស្លាប់តែម្តង ។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]