ប្រភពដើម
លោកណូយ វ៉ាន់ណេត ដែលជាតារាចម្រៀង មានឈ្មោះល្បីប្រចាំ ប្រទេសកម្ពុជា មានបងប្អូនបង្កើត ចំនួន៦នាក់ ទី១-ឈ្មោះណូយ ផល្លី ទី២-ឈ្មោះណូយ ផល្លីន ទី៣-ឈ្មោះណូយ វណ្ណាត ទី៤-លោកណូយ វ៉ាន់ណេត ទី៥-ឈ្មោះណូយ វណ្ណា និងទី៦-ណូយ វណ្ណៈ សុទ្ធតែប្រុសទាំងអស់ ។ លោកណូយ វ៉ាន់ណេត កើតក្នុងឆ្នាំ១៩៥៨ នៅភូមិកណ្តាលកោះ ឃុំកោះអន្លង់ចិន  ស្រុកស្អាង ខេត្តកណ្តាល ។ 

កាលពីកុមារលោកណូយ វ៉ាន់ណេត សិក្សានៅ សាលាបឋមសិក្សា «វត្តកណ្តាលកោះ» ក្នុងស្រុកស្អាង ខេត្តកណ្តាល ។ ជំនាន់នោះជីវភាពក្រុមគ្រួសារឪពុកម្តាយ របស់លោកណូយ វ៉ាន់ណេត សមរម្យ ។  កុមារាណូយ វ៉ាន់ណេត ព្រមទាំងបងប្អូនមិនរស់ក្នុង សភាពតោកយ៉ាកខ្សត់ខ្សោយទេ គឺឪពុកម្តាយចិញ្ចឹម បីបាច់ឱ្យមានការ ហូបចុកគ្រាន់បើ ។ ឪពុកលោកណូយ វ៉ាន់ណេត ជាជាងកាត់ដេរ សម្លៀកបំពាក់(មេកន្ត្រៃ) និងជាមេចុង ភៅប្រចាំភូមិ ។

ក្រៅពីមាន ជំនាញចេះតពីឪពុក លោកណូយ វ៉ាន់ណេត ក៏មានជំនាញខាងច្រៀងប្រពៃណី និងចេះកាន់ឧបករណ៍ ភ្លេងខ្មែរទ្រសោ។ ចំពោះអ្នកម្តាយរបស់ លោកណូយ វ៉ាន់ណេត ជាចុងភៅផង និងជាមេកន្ត្រៃផង ដូច្នេះហើយទើប ជីវភាពក្រុមគ្រួសារមានភាព សម្បូរសប្បាយ។លោកណូយ វ៉ាន់ណេត បានសិក្សាត្រឹមថ្នាក់ទី៩ប៉ុណ្ណោះ នាសម័យនោះ ។

ជីវិតរងគ្រោះដោយសារសង្គ្រាម
ឆ្នាំ១៩៧០ សម័យលន់ នល់ ក្រុមគ្រួសារលោកណូយ វ៉ាន់ណេត ចាកចេញពីកោះអន្លង់ចិន ភៀសខ្លួនទៅនៅជាមួយ បងប្អូននៅកោះក្របី។ ថ្ងៃមួយ ឪពុកលោកណូយ វ៉ាន់ណេត បានវិលទៅស្រុកកំណើតវិញ ហើយឃើញផ្ទះឆេះអស់ នៅសល់តែជង្រុកស្រូវ ។ ពេលនោះលោក ណូយ វ៉ាន់ណេត រួមជាមួយឪពុក និងបងប្រុសកើប ស្រូវយ៉ាងប្រញាប់ប្រញាល់ ព្រោះខ្លាចគេមកទាន់ ។

ផ្ទះដែលក្រុម គ្រួសារលោកណូយ វ៉ាន់ណេតធ្លាប់រស់ នៅតំបន់កោះអន្លង់ចិន នោះមានខ្មែរក្រហមមួយផ្នែក ពួកលន់ នល់មួយផ្នែក។  សំណាង អាក្រក់បងប្រុសរបស់ លោកណូយ វ៉ាន់ណេត ត្រូវពួកខ្មែរក្រហម ឃើញក៏ចាប់ខ្លួននា ឆ្នាំ១៩៧២ ។ ចំណែកបុរសជា ឪពុកដើររកកូនក៏ត្រូវ ខ្មែរក្រហមចាប់ទៀត ហើយបញ្ជូនទៅព្រែក អំបិលនៅស្រុកកោះធំ ។ ដោយបាត់បង់ បងប្រុសនិងឪពុក កុមារាវ៉ាន់ណេតត្រឡប់ទៅជួបម្តាយវិញ នៅកោះក្របី ។ មួយរយៈក្រោយ មកលោកណូយ វ៉ាន់ណេត ភៀសខ្លួនបន្តទៀត ទៅនៅវត្តថាន់នៃក្រុង ភ្នំពេញទាំងអាណិត ម្តាយឈឺ និងព្យាយាមដឹក គោបីបួននឹម ។ 

លោកណូយ វ៉ាន់ណេត តែងតែទៅឃ្វាល គោនៅម្តុំផ្សារកាប់គោ ។  មានថ្ងៃមួយបុរសជាឪពុក បានផ្ញើសំបុត្រពី ព្រែកអំបិលប្រាប់ឱ្យម្តាយលោកវ៉ាន់ណេត លក់គោ និងនាំ កូនៗទៅនៅជាមួយគាត់ ។  ពេលនោះឆ្នាំ១៩៧២ ដដែលលោកណូយ វ៉ាន់ណេត និងម្តាយសម្រេចចិត្តទៅនៅតំបន់ ព្រែកអំបិល ។

យុគបាត់បង់ឪពុក
ឆ្នាំ១៩៧៥ ក្នុងរបបខ្មែរក្រហម លោកណូយ វ៉ាន់ណេត បានទៅស្រុកកំណើតវិញ ហើយនៅឆ្នាំ១៩៧៦ គេឱ្យចូលក្នុង កងចល័តកុមារនៅ ទួល ក្រសាំង ។

នៅឆ្នាំ១៩៧៨ ពួកប៉ុល ពត បានចាប់ឪពុក លោកណូយ វ៉ាន់ណេត យកទៅសម្លាប់ ឯម្តាយគេយក ទៅដាក់ពន្ធនាគារ ។

ជីវិតដុះពន្លកក្នុងពិភពសិល្បៈ
ឆ្នាំ១៩៧៩ ជាឆ្នាំរំដោះពីរបបប៉ុល ពត លោកណូយ វ៉ាន់ណេត បានចេញពីកងកុមារ នៅទួលក្រសាំង ហើយរត់ទៅជួបម្តាយ រួចនាំគ្នាទៅនៅកោះអន្លង់ចិន ក្នុងសភាពបាតដៃ ទទេសុទ្ធសាធ ។ 

លោកណូយ វ៉ាន់ណេត បានចូលរៀននៅសាលា កោះអន្លង់ចិនថ្នាក់ទី៨។ ស្របពេលនោះ អាយុខ្ទង់២៣ ឬ២៤ឆ្នាំ លោកវ៉ាន់ណេតចាប់ផ្តើមច្រៀង ដោយឧបករណ៍តន្ត្រី មានតែហ្គីតាសាំធម្មតា ជាមួយលោកផៃ ប៊ុនឈឿន លោកសាត លោកឆុន ។ ជំនាន់ឆ្នាំ១៩៧៩ លោក ណូយ វ៉ាន់ណេត  រៀនបណ្តើរ លេងភ្លេងបណ្តើរ ច្រៀងបណ្តើរ ហើយជំនាន់នោះគេ មិនចាយលុយទេ គឺច្រៀងដូរអង្ករ។ 

ក្រោយមកបង ជីដូនមួយរបស់ លោកណូយ វ៉ាន់ណេត គឺលោកផៃ ប៊ុនឈឿន ជាមន្ត្រីនៅខេត្តកណ្តាល បានសុំផ្លាស់ទៅ នៅខាងវប្បធម៌ ហើយមើលឃើញ ទេពកោសល្យរបស់ លោកណូយ វ៉ាន់ណេត ក៏ឱ្យលោកចូលរួមប្រឡង ចម្រៀងនៅខេត្តកណ្តាល នាឆ្នាំ១៩៨១ ។ ក្រោយ ពេលប្រឡងជាប់ គេឱ្យលោកណូយ វ៉ាន់ណេតនៅ ខាងចម្រៀងសម័យ ហើយលោកខំហ្វឹក ហាត់យ៉ាងខ្លាំង ។

លោកណូយ វ៉ាន់ណេត បានក្លាយជាសិល្បករ អាជីពដោយចេះសម្តែង ល្ខោនបាសាក់ទៀតផង ព្រោះបើសិនជាខ្វះតួ គេឱ្យលោកចូលសម្តែងជំនួួសរហូត ។ ដោយសារបែបនោះ ហើយទើបលោកវ៉ាន់ណេត ចេះសម្តែងល្ខោនបាសាក់ ។

ឆ្នាំ១៩៨២ លោកណូយ វ៉ាន់ណេត បានប្រឡងចម្រៀងទូទាំង ប្រទេសនៅសាលមហោស្រព ទន្លេបាសាក់ ដោយលោកប្រធាន តន្ត្រីសម័យនិពន្ធបទ ចម្រៀងមានចំណងជើងថា «ខំដាំបន្តទៀត» ឬបទ«ដើមត្នោតរេរាខ្ពស់សន្លឹម» ដោយលោកច្រៀង ជាមួយលោកសោម សា រឿន។ ចូលរួមប្រឡងនា ពេលនោះលោកណូយ វ៉ាន់ណេត ទទួលបានចំណាត់ ថ្នាក់លេខ៣ មេដាយសំរឹទ្ធិ ចំណែកលោកនូ ស៊ិប បានចំណាត់ថ្នាក់លេខ២ និងចំណាត់លេខ១ បានទៅលើអ្នកស្រីលឹម សុវណ្ណារីនៅ ខេត្តបាត់ដំបង។

ទាក់ទិននឹង ការចូលរួមប្រឡងចម្រៀង លោកណូយ វ៉ាន់ណេត ថាមានផលលំបាក ច្រើនទម្រាំបានឡើងនៅលើឆាកកាន់មេដាយ ព្រោះ រយៈពេល២ខែហ្វឹកហាត់ខ្លាំងតាំាំងពីហាត់ប្រាណ តាំងពីរបៀបច្រៀង និងកាយវិការ ។ ពេលឡើងប្រឡង លោកណូយ វ៉ាន់ណេតភ័យណាស់  និងពិបាកម្យ៉ាងទៀតព្រោះ មានអ្នកប្រឡងច្រើន ដូច្នេះគេឱ្យចាំ លុះដល់ម៉ោងគេឱ្យ ទៅផ្ទះសិនចាំស្អែកមកទៀត គឺទម្រាំដល់ឈ្មោះលោកនៅ ចាំពីរទៅបីថ្ងៃ ។

ចំពោះការចូលរួមប្រឡង នោះលោកវ៉ាន់ណេតមិនសូវចំណាយ ប្រាក់ផ្ទាល់ខ្លួនសម្រាប់ចាយវាយទេ គឺបានខាងខេត្តជួយ ចេញសោហ៊ុយទាំងស្រុង មានទាំងអាហារ និងសម្លៀកបំពាក់ ។ លោកណូយ វ៉ាន់ណេត នៅឆ្នាំ១៩៨៣ ដោយមិនដឹងថា អាជីពសិល្បៈទៅមុខ ឬក៏ទៅក្រោយក៏សម្រេចចិត្តចាកចេញ ពីអាជីពចម្រៀងចូលធ្វើកងទ័ព នៅស្វាយស៊ីសុផុន  ។ នៅទីនោះលោកវ៉ាន់ណេត បានចងក្រងជាក្រុមចម្រៀង ប្រចាំកងពលតាំងពីចុង ឆ្នាំ១៩៨៣ដល់ឆ្នាំ១៩៨៥ ។ 

បន្ទាប់មក លោកណូយ វ៉ាន់ណេត ផ្លាស់ពីស្វាយស៊ីសុផុន ទៅនៅជើងភ្នំគូលែន ។ ជីវិតជាកងទ័ព ជួបការលំបាកណាស់ ព្រោះនៅតំបន់ជាសមរភូមិក្តៅគគុក ជាមួយខ្មែរក្រហម ។ លោកវ៉ាន់ណេត ទោះមានគ្រាប់រំសេវ ហោះហើរលើក្បាលយ៉ាងម៉េច ក្តីចេះតែទ្រាំតស៊ូ ។ 

នៅឆ្នាំ១៩៨៦ លោកណូយ វ៉ាន់ណេត ចូលប្រឡងចម្រៀងថ្នាក់ ខេត្តនៅខេត្តសៀមរាប ទទួលបាន ចំណាត់ថ្នាក់លេខ១ ។

នៅចុងឆ្នាំ១៩៨៦ លោកណូយ វ៉ាន់ណេត  ចូលរួមប្រឡងចម្រៀង ទូទាំងប្រទេសម្តងទៀត ហើយទទួលបាន ចំណាត់ថ្នាក់លេខ១ និងលោកនូ ស៊ិប ចំណាត់ថ្នាក់លេខ២ ។ តាំងពីពេលនោះមកគេ ឱ្យលោកណូយ វ៉ាន់ណេតទៅសម្តែងនៅ តំបន់ណាដែលមានកងទ័ព ដូចជានៅកំពង់ចាម ដោយសម្តែងសិល្បៈ សម័យផង ព្រមទាំងសិល្បៈបុរាណ មានយីកេ បាសាក់ និងរបាំផង។ 

លោកណូយ វ៉ាន់ណេត តស៊ូនៅសៀមរាប រហូតអំឡុងឆ្នាំ១៩៨៩ ទើបចាកចេញទៅនៅភ្នំពេញវិញ ។

អំឡុងពេលអាជីពចម្រៀងលូតលាស់
នៅឆ្នាំ១៩៩០ លោកណូយ វ៉ាន់ណេត ចាប់ផ្តើមថតចម្រៀងដាក់ កាស្សែតឱ្យផលិតកម្ម លក់លើទីផ្សារ ។ ដោយជនរួមជាតិ ខ្មែរយើងនៅក្រៅប្រទេសពេញចិត្ត សំឡេងរបស់លោកណូយ វ៉ាន់ណេត ផលិតកម្ម «សាយណ្ហតារា» ឱ្យលោកថតដាក់ កាស្សែតលក់ដែរ ។ បទ ចម្រៀង មួយបទដែលមហាជន ទទួលស្គាល់ថាពីរោះ និងមានអត្ថន័យនោះ គឺបទ«កោះកែវកុំលាក់» ឬគេនិយមហៅថា «កណ្តាលថ្ងៃត្រង់កំពង់ដងទឹក» ។ ក្រៅពីនេះមានបទ«ព្រែកហ្លួងលាក់ផ្កា», បទ «ក្លិនផ្លាម្លិះ» និងបទ«អាមួយគា» ។ 

ក្រោយមក លោកណូយ វ៉ាន់ណេត ថតចម្រៀងឱ្យ ផលិតកម្ម SK,ឆ្លងដែន និងផលិតកម្មហង្សមាស ។ ទោះជាយ៉ាងណាក្តី លោកណូយ វ៉ាន់ណេត មិនដែលចុះកិច្ចសន្យា ផ្តាច់មុខជាមួយផលិតកម្ម ណាមួយឡើយ ។

ខណៈល្បីឈ្មោះបានទៅសម្តែងនៅបរទេស
លោកណូយ វ៉ាន់ណេត បានចេញទៅសម្តែង នៅប្រទេសកាណាដាដំបូង គេនាឆ្នាំ១៩៩៧ រយៈពេល៤ខែ ជាមួយអ្នកនាងឱក  បូរី ។ បន្ទាប់ មកអ្នកចម្រៀងមនោសញ្ចេតនា រូបនេះបានទៅប្រទេស អូស្ត្រាលី និងបារាំង ឆ្នាំ១៩៩៨ និងឆ្នាំ១៩៩៩ ទៅអាមេរិក ។ ក្រៅពីនោះ លោក ណូយ វ៉ាន់ណេត បានទៅប្រទេសញូវហ្សេលែន ២លើក ស្វ៊ីស២លើក អាឡឺម៉ង់មួយលើក ប្រទេសហូឡង់៣លើក និងចេញទៅប្រទេសជាច្រើនទៀត ឱ្យតែមានជនជាតិ ខ្មែររស់នៅ ។ 

ទោះជាមានឱកាស ទៅសម្តែងនៅប្រទេស គេក៏ដោយ តែលោកណូយ វ៉ាន់ណេត មិនចង់ផ្លាស់ប្តូរ គំនិតចាកចោលស្រុក ខ្មែរទៅសាងអនាគត នៅប្រទេសគេឡើយ ដោយសារតែលោក ស្រឡាញ់ទឹកដីខ្មែរ និងប្រិយមិត្តអ្នកស្តាប់ ដែលពេញនិយម ស្តាប់បទចម្រៀង មនោ សញ្ចេតនារបស់លោក។ ម្យ៉ាងទៀតលោកវ៉ាន់ណេត មិនចេះភាសាគេ និងមិនអាចទៅចោល កូនចៅរបស់លោកទេ ។ លោកវ៉ាន់ណេតយល់ថា នៅស្រុកគេនឿយហត់ ណាស់ទម្រាំតែអាចជ្រោងខ្លួន កសាងជីវភាពរស់នៅស្រួល មិនដូចជាការរស់នៅ ក្នុងប្រទេសខ្មែរយើងទេ ទោះទៅដល់ណា ក៏មិនខ្វះអ្វីហូបដែរ ។

បទចម្រៀងពេញនិយម
ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៣ លោកណូយ វ៉ាន់ណេត  ថតបទចម្រៀងច្រើនឱ្យបណ្តា ផលិតកម្មក្នុងស្រុកដូចជាផលិតកម្ម ហង្សមាសជាដើម ដែលមាន លោកហ្វៃ សំអាង ជាអ្នកនិពន្ធ ។ លោកហ្វៃ សំអាង បាននិពន្ធបទ ចម្រៀងច្រើន ឱ្យលោកណូយ វ៉ាន់ណេតច្រៀង ។ ភាគច្រើនលោកវ៉ាន់ណេត ទទួលបានការគាំទ្រតាមរយៈ បទចម្រៀងបញ្ចូលក្នុងខ្សែភាពយន្ត បរទេសដូចជាបទ «បេះដូងពណ៌ស្វាយ» បទ «រលក បោកខ្សាច់» បទ«វណ្ណលីដា» និងបទ «ជីវិតខ្ញុំមួយ អ្នកណាកំណត់» ជាដើម ។ 

ក្រៅពីនេះនៅមានបទ ល្បីៗអំឡុង៤ទៅ ៥ឆ្នាំមុនដូចជាបទ «សម្រស់បុប្ផាកំពង់ធំ» និងបទ «កោះឧកញ៉ាតីនាថ្ងៃរៀបលិច» ជាដើម ។ ចំពោះបទដែល មហាជនចេះចាំច្រើនមានបទ «កង់បងធ្វើនៅស្រុកខ្មែរ» ជាបទល្បីល្បាញបំផុត កាលពីអំឡុងទសវត្សទី៩០ ។ ចំពោះដៃគូចម្រៀងរបស់ លោកណូយ វ៉ាន់ណេត មានតារាចម្រៀងផ្នែកនារីជាច្រើន នាក់ដូចជាអ្នកនាងម៉េង កែវពេជ្ជតា អ្នកស្រីហ៊ឹម ស៊ីវន កញ្ញាទូច ស៊ុននិច អ្នកនាងឱក បូរី និងអ្នកនាងឈួន សុវណ្ណឆៃជាដើម ។ 

ចំណងស្នេហានិងអាពាហ៍ពិពាហ៍
តារាចម្រៀងណូយ វ៉ាន់ណេត បានចូលរោងការសំពះផ្ទឹម តាមច្បាប់ប្រពៃណីខ្មែរ នៅឆ្នាំ១៩៨២ ជាមួយអតីតអ្នកគ្រូ បង្រៀននៅសាលា បឋម សិក្សាមួយនៅខេត្តព្រះសីហនុ គឺអ្នកស្រីសោម ធី ដែលបច្ចុប្បន្ន (ឆ្នាំ២០១៥) ជាអ្នកជំនួញលក់ផលិត ផលអាហារបំប៉ន ។ ចំណងអាពាហ៍ពិពាហ៍នេះ មិនមានអ្នកណាបង្ខំទេ ពោលគឺស្រឡាញ់គ្នាចិត្តនឹងចិត្ត ហើយបានចូលស្តីដណ្តឹង និងរៀបការ ។ 

លោកណូយ វ៉ាន់ណេត និងភរិយាមាន កូនចំនួន៥នាក់ ក្នុងនោះប្រុស២នាក់ ។ គូស្វាមី-ភរិយានេះខិតខំរកប្រាក់ ឱ្យកូនបានរៀនសូត្រ និងរស់នៅសមរម្យក្នុងសង្គម ។ 

តារាចម្រៀងណូយ វ៉ាន់ណេត នៅតែបន្តអាជីពចម្រៀង រហូតទោះជាលោកជោកជាំឆាកជីវិត ជាអ្នកសិល្បៈជិត៣០ឆ្នាំក៏ដោយ ។ លោកវ៉ាន់ណេតនៅ តែបន្តរហូតដល់ច្រៀងលែងកើត។ មិនតែប៉ុណ្ណោះ តារាចម្រៀងជើងចាស់រូបនេះ ចង់ចែករំលែកចំណេះ ជំនាញដល់អ្នកជំនាន់ក្រោយតាម លទ្ធភាពដើម្បីបណ្តែតជីវិតលើវិថី សិល្បៈដោយលោកមិនលាក់គំនិត លាក់ចំណេះដឹងឡើយ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]