ជារៀងរាល់សប្តាហ៍ ខ្មែរឡូត នឹងធ្វើការដកស្រង់ ព័ត៌មានសំខាន់ៗ មួយចំនួន ពីប្រភពសារព័ត៌មាន ក្នុងស្រុក និងក្រៅស្រុក នៃដំណើរវិវឌ្ឍន៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យកមកចែករំលែក ជូនដល់ប្រិយមិត្តបានជ្រាប ជាដំណឹង។ នៅក្នុងសប្តាហ៍នេះ មានប្រធានបទ គួរឲ្យចាប់អារម្មណ៍ ចំនួន ៦ ដែលនឹងមានខ្លឹមសារត្រួសៗ ដូចខាងក្រោម៖

  • គណបក្សសង្គ្រោះជាតិ បង្កើតស្ថានីយ៍ទូរទស្សន៍


កាលពីសប្តាហ៍កន្លងទៅ សារព័ត៌មានក្នុងស្រុក បានធ្វើការចុះផ្សាយ អំពីការបង្កើតស្ថានីយ៍ទូរទស្សន៍ របស់គណបក្សសង្គ្រោះជាតិ ដែលអាចនឹងមានឈ្មោះថា ទូរទស្សន៍ព្រះអាទិត្យ ហើយនឹងត្រូវបង្កើតឡើង នៅមុនដំណាច់ ឆ្នាំ២០១៥ នេះផងដែរ។ ទោះជាយ៉ាងណា ឈ្មោះរបស់ស្ថានីយ៍ទូរទស្សន៍ បក្ស CNRP មិនទាន់យកជាផ្លូវការ នៅឡើយទេ។ ក្នុងនោះ យោងតាមសម្តីរបស់លោក យ៉ែម ប៉ុញ្ញឬទិ្ធ អ្នកនាំពាក្យ គណបក្សសង្គ្រោះជាតិ បានប្រាប់ដល់ អ្នកយកព័ត៌មានក្នុងស្រុក នាពេលកន្លងទៅថា គណបក្សសង្គ្រោះជាតិ កំពុងធ្វើការពិភាក្សា ជាមួយក្រុមហ៊ុនចិន បារាំង និងថៃ លើការបង្កើត ស្ថានីយ៍ទូរទស្សន៍នេះ ហើយគណបក្សសង្គ្រោះជាតិ មិនទាន់សំរេច ថានឹងជ្រើសរើសក្រុមហ៊ុន ណាមួយ ក្នុងចំណោម ៣ នោះនៅឡើយទេ។

 

  • លោក ម៉ម សូណង់ដូ នឹងបង្កើតគណបក្យថ្មី


នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៥ សារព័ត៌មានក្នុងស្រុកមួយ ឲ្យដឹងថា លោក ម៉ម សូណង់ដូ បានប្រកាសថានឹងបង្កើត គណបក្សថ្មីមួយ ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ អាណត្តិទី ៦ ឆ្នាំ២០១៨ នាពេលខាងមុខ។ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគម អ្នកប្រជាធិបតេយ្យ រូបនេះ បានប្រាប់ដល់អ្នកយកព័ត៌មានក្នុងស្រុកថា គោលនយោបាយ គណបក្សរបស់លោក នឹងសម្រួល កម្រិតជីវភាពប្រជាពលរដ្ឋ ជាពិសេស ផ្តល់កិត្តិយសដល់មន្ត្រីនគរបាល និងមន្ត្រីយោធា ឲ្យមានជីវភាព ល្អប្រសើរ។ ការប្រកាសនេះ បានធ្វើឡើង ក្រោយពី លោក ម៉ម សូណង់ដូ បង្ហាញការអស់ជំនឿ លើគណបក្សសង្គ្រោះជាតិ ខណ:រូបលោក នៅគាំទ្រ វប្បធម៌សន្ទនា តែមិនមែន វប្បធម៌ចូលដៃគ្នា ជាមួយបក្សកាន់អំណាច នេះបើយោងទៅតាមការ អះអាង របសលោក នាពេលកន្លងទៅនេះ។

 

  • រដ្ឋាភិបាល សម្រេចលើកលែង អត្រាពន្ធតែមប្រិ៍សារពើពន្ធ ១០០ភាគរយ


សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខា កាលពីថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៥ លើអនុក្រឹត្យស្តីពី ការកែសម្រួលតារាងពន្ធតែមប្រិ៍សារពើពន្ធ។ អនុក្រឹត្យនេះ ត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី ១៩ ខែមេសា កន្លងទៅនេះ បង្ហាញពីការសម្រេចលើកលែងអត្រា ពន្ធតែមប្រិ៍សារពើពន្ធ ១០០ភាគរយ លើលិខិតគតិយុត្តិមួយចំនួន។ ក្នុងនោះមានដូចជា លិខិតស្នើសុំចូលរៀន ឬប្រលងយកសញ្ញាបត្រ លិខិតស្នើសុំប្រលងចូលធ្វើការ លិខិតបញ្ជាក់កិរិយាមាយាទ ប្រវត្តិរូប បញ្ជាក់ទីលំនៅ សំបុត្រកំណើត សំបុត្រមរណភាព សំបុត្រអាពាហ៍ពិពាហ៍ លិខិតថ្កោលទោស ពាក្យបណ្តឹងគ្រប់ប្រភេទ លិខិតស្នើសុំបង្កើតក្រុមហ៊ុន ឬប្រកបអាជីវកម្ម ព្រមទាំងលិខិតស្នើសុំបើកបររថយន្ត និងស្នើសុំផ្តល់ស្លាកលេខសម្គាល់យានយន្តគ្រប់ប្រភេទជាដើម។

 

  • សម្តេចនាយករដ្ឋមន្ត្រី សន្យាដំឡើងប្រាក់ខែ ឲ្យកម្មករនិងមន្ត្រីរាជការ នៅឆ្នាំ២០១៨


សម្រាប់ខួបលើកទី១២៩ នៃទិវាពលកម្មអន្តរជាតិ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០១៨ មន្ត្រីរាជការស៊ីវិលនឹងទទួលបានប្រាក់ខែ យ៉ាងតិច ១លានរៀល ចំណែកកម្មករ នៅតាមរោងចក្រវិញ នឹងទទួលបានប្រាក់បៀវត្ស ចំនួន ១៦០ដុល្លារក្នុងមួយខែ។ ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាល កំពុងរៀបចំប្រព័ន្ធបៀវត្សថ្មី ដែលនឹងត្រូវ ចាប់ផ្តើមអនុវត្ត ចាប់ពីឆ្នាំ២០១៥នេះ ដើម្បីកំណត់បៀវត្សអប្បបរមា ១លានរៀល នៅឆ្នាំ២០១៨ នេះបើយោងតាម សុន្ទរកថារបស់នាយករដ្ឋមន្ត្រី ដែលដកស្រង់ពីសារព័ត៌មាន RFA។

 

  • លោក សម រង្ស៊ី នឹងប្រើវប្បធម៌សន្ទនា ដោះស្រាយ បញ្ហាអន្តោប្រវេសន៍នៅកម្ពុជា


នាឱកាស ផ្លាស់ប្តូរតំណែង ប្រធានក្រុមការងារបក្សខេត្ត កំពង់ឆ្នាំង ព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៥ កន្លងទៅនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាស ចំពោះមុខអ្នកគាំទ្រ នៅទីស្នាក់ការបក្ស អំពីបញ្ហាអន្តោប្រវេសន៍នៅកម្ពុជា ដែលជាបញ្ហាមួយ ក្នុងបញ្ហាជាច្រើនទៀត ដែលគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា រួមគ្នាដោះស្រាយ ផ្អែកលើវប្បធម៌សន្ទនា ដែលជារបៀបធ្វើការថ្មី និងមានប្រសិទ្ធភាពខ្ពស់ តែយ៉ាងណា នៅតែជំរុញ និងរិះគន់ រដ្ឋាភិបាល លើចំណុចខុសឆ្គងមួយចំនួន ជុំវិញបញ្ហានេះ បើយោងទៅតាមប្រភពពីសារព័ត៌មាន RFA បានចុះផ្សាយ កន្លងទៅ។ លោក សម រង្ស៊ី ថ្លែងថា៖ «យើងដឹងអស់ហើយ ចំពោះបញ្ហា ដែលមិនទាន់មានដំណោះស្រាយ ជួនកាលមានសភាពការណ៍ធ្ងន់ធ្ងរៗ គឺមានបញ្ហាអន្តោប្រវេសន៍ហ្នឹង។ ដូច្នេះទោះជាយើងមិនប្រកូកប្រកាស មិនធ្វើក្ដុងក្ដាំង តែនៅក្នុងអារម្មណ៍របស់យើង ហើយនៅក្នុងកម្មវិធី ដើម្បីជជែករកដំណោះស្រាយឲ្យសមស្រប។ ជឿជាក់ ព្រោះវប្បធម៌ថ្មី គឺជាទម្លាប់ធ្វើការថ្មីមួយ ដែលត្រូវតែមានប្រសិទ្ធភាពជាងមុន ព្រោះបើគណបក្សពីររួមធ្វើការ ជាមួយគ្នា វាខ្លាំងជាង ដែលគណបក្សនីមួយៗ អាចធ្វើការ បានដោយឡែកពីគ្នា»

 

  • លោក សម រង្ស៊ី អំពាវនាវ ឲ្យមានការជឿជាក់ ចំពោះ គ.ជ.ប ថ្មី


ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវ ឲ្យសកម្មជន និងអ្នកគាំទ្រ កុំជឿការ ចោទប្រកាន់ ដែលថា គណ:កម្មាធិការជាតិរៀបចំ ការបោះឆ្នោតថ្មី (គ.ជ.ប) មិនឯករាជ្យនិងមិនអព្យាក្រឹត នេះបើយោងទៅតាម ការចុះផ្សាយ របស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៥នេះ។ លោក សម រង្ស៊ី ថែ្លងថា៖ «វប្បធម៌សន្ទនានេះបាននាំមកនូវ គ.ជ.ប ថ្មី។ គ.ជ.ប ថ្មី ដែលយើងអាចទុកចិត្តបាន សូមបងប្អូនកុំជឿ ពាក្យចចាមអារ៉ាម»

ចំណែក លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ថ្មី បានថ្លែងថា៖ «ពាក្យឯករាជ្យគឺថា សេចក្តីសម្រេច របស់យើងមិនទទួលឥទ្ធិពល ណាមួយពីគណបក្សណាមួយ ឬពីមជ្ឈដ្ឋានណាមួយ។ យើងហ៊ានធ្វើការ សម្រេចលើការងាររបស់យើង ដោយយកច្បាប់ធ្វើជាគោលការណ៍មូលដ្ឋាន»

គួរបញ្ជាក់ដែរថា ក្នុងចំណោមសមាជិក ៩នាក់ របស់ គ.ជ.ប គឺមាន ៤នាក់ មកពីគណបក្សសង្គ្រោះជាតិ ៤នាក់ទៀត មកពីគណបក្សប្រជាជនកម្ពុជា និង ១នាក់ទៀត គឺជាសមាជិកទី៩ ដេលចាត់ទុកថាជាសមាជិកឯករាជ្យ និងអព្យាក្រឹតពីអង្គការសង្គមស៊ីវិល៕

 

ប្រភព៖ RFA | VOD | PostKhmer

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]